ការស្ទង់មតិចំនួន២ខុសគ្នា ផ្តល់នូវការវិភាគមិនច្បាស់លាស់អំពីការរាតត្បាតនៃជំងឺកូវីដ១៩។ ការស្ទង់មតិមួយបានលើកឡើងថា តួលេខអ្នកស្លាប់សរុបដោយសារជំងឺកូវីដ១៩នៅលើពិភពលោក ដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថា មានចំនួន៥លាននាក់រហូតមកដល់ពេលនេះ ទំនងជាវាយតម្លៃទាមជាងចំនួនពិតប្រាកដ ហើយប្រហែលជាអាចកើនដល់ចំនួននេះយូរមកហើយតាំងពីមុនថ្ងៃទី១ ខែវិច្ឆិកាម៉្លេះ នៅពេលដែលសាកលវិទ្យាល័យ Johns Hopkins ប្រកាសអំពីតួលេខនេះ។ ចំណែកការស្ទង់មតិមួយទៀតបានផ្តល់តួលេខវិភាគនៃជំងឺរាត្បាតនេះ ហាក់ដូចជាជ្រុលបន្តិច ដោយនិយាយថា មនុស្សប្រមាណ៥០លាននាក់នៅជុំវិញពិភពលោក បានឆ្លងវីរុសនេះ នៅក្នុងរយៈពេលរាល់៩០ថ្ងៃ។
ចំណែកទីភ្នាក់ងារព័ត៌មាន Reuters បានធ្វើការវិភាគរបស់ខ្លួនដោយប្រមើលមើលជាមួយនឹងការរំឭកថា គេប្រើពេលរហូតដល់ទៅជិត១ឆ្នាំឯណោះ ទើបបានតួលេខអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៥០លាននាក់នោះ។ អត្រាឆ្លងខ្ពស់នាពេលបច្ចុប្បន្ននេះ គឺដោយសារវីរុសកូរ៉ូណាប្រភេទដែលតា (delta) ដែលឆ្លងខ្លាំង។ នេះ បើតាមទីភ្នាក់ងារព័ត៌មាន Reuters។
ចំនួនអ្នកឆ្លងនៅក្នុងប្រទេសរុស្ស៊ី ប្រទេសអុ៊យក្រែន និងក្រិកមានចំនួនដល់ ឬជិតដល់កម្រិតចំនួនអ្នកឆ្លងច្រើនបំផុត មិនធ្លាប់មានពីមុនមក ចាប់តាំងពីជំងឺកូវីដ១៩ ចាប់ផ្តើមរាតត្បាតកាលពី២ឆ្នាំកន្លងមក។ នេះ បើយោងទៅលើទីភ្នាក់ងារព័ត៌មាន Reuters ដែលបានផ្សព្វផ្សាយថា ការឆ្លងថ្មីៗ បានបន្តកើនឡើងនៅក្នុងប្រទេសចំនួន ៥៥ ក្នុងចំណោមប្រទេសចំនួន ២៤០ នៅលើពិភពលោក។
ការស៊ើបអង្កេតរបស់ទីភ្នាក់ងារព័ត៌មាន Reuters ក៏បានបង្ហាញដែរថា ស្ថិតិនៃវិសមភាពវ៉ាក់សាំងដែលក្នុងនោះ មនុស្សចំនួនជាងពាក់កណ្តាលនៅលើពិភពលោកនៅមិនបានចាក់វ៉ាក់សាំងកូវីដ១៩ ដូសទីមួយនៅឡើយ ហើយនៅក្នុងប្រទេសមានប្រាក់ចំណូលទាប មានមនុស្សមិនដល់៥%ទេ ទើបតែទទួលបានវ៉ាក់សាំងកូវីដដូសទី១តែប៉ុណ្ណោះ។
ចំនួនអ្នកស្លាប់សរុបនៅក្នុងប្រទេសមួយចំនួន អាចខ្ពស់ជាងចំនួនក្នុងរបាយការណ៍ផ្លូវការរបស់រដ្ឋាភិបាលនៃប្រទេសទាំងនោះ។ នេះបើតាមការលើកឡើងរបស់ទស្សនាវដ្តី Economist។ ទន្ទឹមនឹងនេះដែរ មានមូលហេតុមួយចំនួននាំឱ្យតួលេខក្នុងរបាយការណ៍ទាបជាងតួលេខពិត។ កន្លែងខ្លះមិនបានរាប់បញ្ចូលចំនួនមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩ ដែលមិនបានធ្វើតេស្តរកឃើញជំងឺកូវីដមុនពេលស្លាប់នោះឡើយ។ មន្ទីរពេទ្យនិងរដ្ឋាភិបាលមូលដ្ឋានមិនបានចេញលិខិតមរណភាពឲ្យបានទាន់ពេល នៅគ្រប់ករណីទាំងអស់នោះឡើយ។ បន្ថែមពីលើនេះទៀត អ្នកដែលស្លាប់នៅផ្ទះ ប្រហែលមិនត្រូវបានរាប់បញ្ចូលទៅក្នុងតួលេខសរុបនៃអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នោះដែរ៕