ខណៈពលរដ្ឋប៉ាឡេស្ទីនចាប់ផ្តើមប្រារព្ធខែបួសតមអាហារមូស្លីមរ៉ាម៉ាឌន អ៊ីស្រាអែលរាយការណ៍នៅថ្ងៃចន្ទនេះពីការវាយប្រហារនៅទូទាំងតំបន់ហ្កាហ្សា។
អំពើហិង្សាបន្តកើតឡើង ក្រោយពីការចរចាអស់ជាច្រើនសប្តាហ៍ ដែលរួមមានប្រទេសអេហ្ស៊ីប សហរដ្ឋអាមេរិកនិងប្រទេសកាតា ដើម្បីសម្រេចបានបទឈប់បាញ់ថ្មីមួយរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់នៅមុនថ្ងៃបួសតមអាហាររ៉ាម៉ាឌនចាប់ផ្តើម ដែលនឹងរួមមានការដោះលែងចំណាប់ខ្មាំងដែលកំពុងស្ថិតក្នុងដៃរបស់ក្រុមហាម៉ាស់ និងការដោះលែងអ្នកទោសប៉ាឡេស្ទីនដោយប្រទេសអ៊ីស្រាអែលផងដែរ។
អ្នកចរចាក្រុមហាម៉ាស់បាននិយាយនៅពេលចាកចេញពីការចរចាក្នុងទីក្រុងគែរកាលពីសប្តាហ៍មុនថា ការចរចាលើបទឈប់បាញ់គ្នា នឹងត្រូវធ្វើបន្តទៀតក្នុងសប្តាហ៍នេះ។
យោធាអ៊ីស្រាអែលនិយាយថា ប្រតិបត្តិការរបស់ខ្លួនរួមមានការវាយប្រហារតាមអាកាសនិងលើដី ក្នុងទីក្រុង Khan Younis និងតំបន់ផ្សេងៗទៀតនៅភាគខាងត្បូងនិងកណ្តាលនៃតំបន់ហ្កាហ្សា។
ក្រសួងសុខាភិបាលក្នុងតំបន់ហ្កាហ្សានិយាយនៅថ្ងៃចន្ទនេះថា មនុស្សចំនួន ៦៧ នាក់ បានស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលក្នុងរយៈពេលមួយថ្ងៃកន្លងទៅនេះ ហើយមនុស្សយ៉ាងហោចណាស់ក៏ជាង ៣១.០០០ នាក់ដែរ បានស្លាប់ចាប់តាំងពីសង្គ្រាមចាប់ផ្តើមកាលពីខែតុលាមក។
នាវាយោធាអាមេរិកមួយគ្រឿងកំពុងធ្វើដំណើរទៅកាន់សមុទ្រមេឌីទែរ៉ាណេ ដើម្បីសាងសង់កំពង់ផែបណ្តោះអាសន្នមួយលើឆ្នេរសមុទ្រតំបន់ហ្កាហ្សា ដើម្បីធ្វើជាច្រកក្នុងការលើកដាក់ជំនួយមនុស្សធម៌លើរថយន្ត ទៅចែកដល់ពលរដ្ឋប៉ាឡេស្ទីន ដែលកំពុងជួបគ្រោះទុរភិក្ស ប៉ុន្តែក្រុមមន្ត្រីនិយាយថា វាអាចប្រើពេលរហូតដល់ពីរខែ ទម្រាំកំពង់ផែនេះ ត្រូវបានស្ថាបនារួចរាល់និងដាក់ឱ្យប្រើប្រាស់។
ផែនការបន្ទាប់មកទៀត គឺការដឹកជញ្ជូនជំនួយស្បៀងអាហារនិងថ្នាំពេទ្យពីប្រទេសស៊ីប ដែលស្ថិតនៅក្បែរនោះ ទៅកាន់កំពង់ផែបណ្តោះអាសន្នក្នុងតំបន់ហ្កាហ្សានេះ ក្រោយពីកងកម្លាំងអ៊ីស្រាអែលត្រួតពិនិត្យនាវាដឹកជំនួយទាំងនោះ ថាគ្មានអាវុធសម្រាប់ក្រុមហាម៉ាស់នោះទេ។
កំពង់ផែបណ្តោះអាសន្ននេះជាការចាំបាច់មួយ ពីព្រោះតំបន់ហ្កាហ្សាពុំមានកំពង់ផែឡើយ ហើយតំបន់នេះស្ថិតនៅក្រោមការបិទខ្ទប់នៃកងទ័ពជើងទឹកអ៊ីស្រាអែលចាប់តាំងពីឆ្នាំ ២០០៧ មក នៅពេលដែលក្រុមហាម៉ាស់ត្រួតត្រាតំបន់នេះ។ មានការដឹកជញ្ជូនផ្ទាល់តែពីរបីលើកប៉ុណ្ណោះតាមសមុទ្រចាប់តាំងពីពេលនោះមក៕
ព័ត៌មានខ្លះសម្រាប់សេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន AP, Reuters និង AFP។