ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីស្រាអែលវាយប្រហារទូទាំងតំបន់ហ្កាហ្សាចំពេលមានការជំរុញឱ្យមានបទឈប់បាញ់


ទាហានអ៊ីស្រាអែលកំពុងប្រតិបត្តិការយោធាកម្ចាត់ក្រុមហាម៉ាស់ នៅតំបន់ហ្កាហ្សា កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤។ ( Israel Defense Forces/Handout via REUTERS)
ទាហានអ៊ីស្រាអែលកំពុងប្រតិបត្តិការយោធាកម្ចាត់ក្រុមហាម៉ាស់ នៅតំបន់ហ្កាហ្សា កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤។ ( Israel Defense Forces/Handout via REUTERS)

យោធា​អ៊ីស្រាអែល​បាន​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​និង​ផ្លូវ​គោក​នៅ​ទូទាំង​តំបន់​ហ្កាហ្សា (Gaza) នៅ​ថ្ងៃ​ពុធ​នេះ ស្របពេល​ដែល​ក្រុម​អ្នក​ចរចា​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប​បាន​ចរចា​លើ​ផែនការ​បទ​ឈប់បាញ់​មួយ​ដែល​នឹង​អនុញ្ញាត​ឱ្យ​មាន​ការ​ផ្អាក​សង្គ្រាម​ជាច្រើន​សប្ដាហ៍។

កងទ័ព​អ៊ីស្រាអែល​បាន​រាយការណ៍​ថា ការ​វាយ​ប្រហារ​តាម​អាកាស​នៅ​តំបន់ Beit Hanoun បាន​ធ្វើ​ឱ្យ​ជន​សកម្ម​ប្រយុទ្ធ ២ នាក់​ស្លាប់ ដែល​ជន​ទាំង​ពីរ​នាក់​នេះ​មាន​ការ​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​វាយ​ប្រហារ​ភេរវកម្ម​កាលពី​ថ្ងៃ​ទី ៧ ខែ​តុលា​ឆ្នាំ​មុន​លើ​អ៊ីស្រាអែល។

ការ​វាយ​ប្រហារ​ផ្សេងទៀត​របស់​អ៊ីស្រាអែល​បាន​ធ្វើឡើង​នៅ​ភាគ​កណ្ដាល​តំបន់​ហ្កាហ្សា​និង​នៅ​ក្នុង​តំបន់​ទីក្រុង Khan Younis នៅ​ភាគ​ខាង​ត្បូង​តំបន់​ហ្កាហ្សា។

រដ្ឋមន្ត្រី​ការបរទេស​ចក្រភព​អង់គ្លេស​លោក David Cameron បាន​និយាយ​ថា លោក​មាន​ផែនការ​ចេញ​ការ​ព្រមាន​ដាក់​អ៊ីស្រាអែល​នៅ​ថ្ងៃ​ពុធ​នេះ​អំពី​ភាព​ចាំបាច់​នៅ​ក្នុង​ការ​សម្របសម្រួល​ជំនួយ​មនុស្សធម៌​បន្ថែម​ទៀត​ចូល​ទៅ​កាន់​តំបន់​ហ្កាហ្សា​ដើម្បី​ដោះស្រាយ​អ្វី​ដែល​លោក​ហៅ​ថា​ជា «ទុក្ខ​វេទនា​ដ៏​រន្ធត់»។

អ្នក​សម្របសម្រួល​អន្តរជាតិ​បាន​ជួប​ប្រជុំ​គ្នា​ម្ដងទៀត​នៅ​ថ្ងៃ​ពុធ​នេះ​នៅ​ក្នុង​ទីក្រុង​គែរ​នៃ​ប្រទេស​អេហ្ស៊ីប នៅ​ចំ​ពេល​ដែល​មាន​ការ​ជំរុញ​ឱ្យ​សម្រេច​ឱ្យ​បាន​នូវ​បទ​ឈប់បាញ់​រយៈពេល ៦ សប្ដាហ៍​មុន​ពេល​ខែ​តម​អាហារ​រ៉ាម៉ាឌន (Ramadan) របស់​អ្នក​កាន់​សាសនា​អ៊ិស្លាម​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី ១០ ខែ​មីនា​ខាងមុខ​នេះ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា កិច្ច​ព្រមព្រៀង​បទ​ឈប់បាញ់​នេះ​អាច​សម្រេច​បាន​ឬ​ក៏​អត់​គឺ «អាស្រ័យ​លើ​ក្រុម​ហាម៉ាស់ (Hamas) នៅ​ពេល​ឥឡូវ​នេះ»៕

លោក Jeff Seldin អ្នកស្រី Margaret Besheer និង​អ្នកស្រី Anita Powell នៃ VOA រួម​ចំណែក​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ។ ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFP និង ​Reuters

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG