ពលរដ្ឋប៉ាឡេស្ទីន​ជា​ច្រើន​នាក់​ត្រូវ​​បាន​សម្លាប់​ ខណៈ​ឈរ​ចាំ​ទទួល​ជំនួយ

បុរស​ប៉ាឡេស្ទីន​ម្នាក់​កាន់​ pasta មិន​ទាន់​ចម្អិន​ឈរ​នៅ​ក្បែរ​ឃ្លាំង​ជំនួយ​មនុស្សធម៌​ដែល​អ៊ីស្រាអែល​វាយប្រហារ​ នៅ​ជំរំជនភៀសខ្លួន Al-Nuseirat នៅ​កណ្ដាល​តំបន់​ហ្កាហ្សា​កាល​ពី​ថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២៤។

មន្ត្រី​ប៉ាឡេស្ទីន​និយាយ​ថា​ ខណៈ​ពលរដ្ឋ​ប៉ាឡេស្ទីន​កំពុង​តម្រង់​ជួរ​ចាំ​ទទួល​ជំនួយ​ក្នុង​តំបន់​ហ្កាហ្សា​នៅ​ព្រលឹម​ថ្ងៃ​សុក្រ​នេះ អ៊ីស្រាអែល​បានធ្វើការ​វាយប្រហារ​ចំនួន​ពីរ​លើក​ ដែល​មួយ​លើក​លើតំបន់​ហ្កាហ្សា​ភាគ​កណ្តាល​ និង​មួយ​លើក​ទៀតនៅ​ភាគ​ខាង​ជើង ដោយ​សម្លាប់​ជន​ស៊ីវិល​អស់​ជាច្រើននាក់។​

នៅ​ក្នុង​ការវាយប្រហារ​ដាច់​ដោយឡែក​ពី​គ្នា​ទាំង​ពីរ​លើក​នេះ ​មាន​មនុស្ស​យ៉ាងតិច​២៩នាក់​បាន​ស្លាប់​ និង​ជាង​១៥០​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ ខណៈ​ពួកគេ​កំពុង​ចាំ​ទទួល​ជំនួយ។​ នេះ​បើ​យោង​តាមក្រសួង​សុខាភិបាលដែល​គ្រប់គ្រង​ដោយ​ក្រុម​ហាម៉ាស់។​

មន្ត្រី​សុខាភិបាល​ប៉ាឡេស្ទីន​និយាយ​ថា ក្នុងការ​វាយប្រហារ​លើក​ទី​១ មនុស្ស​៨​នាក់​ស្លាប់​នៅ​ក្នុង​ការវាយប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​ទៅ​លើ​មជ្ឈមណ្ឌល​ផ្តល់​ជំនួយ​មួយ​កន្លែង​ នៅ​ក្នុង​ជំរំ​ជនភៀស​ខ្លួន​ al-Nuseirat ​ក្នុង​តំបន់ហ្កាហ្សា​ភាគ​កណ្តាល។

ចំណែក​ក្នុងការ​វាយប្រហារ​លើក​ទី២​វិញ​ មានមនុស្ស​យ៉ាង​ហោច​ណាស់​ក៏​២១​នាក់​បាន​ស្លាប់​ ហើយ​មនុស្ស​ជាង​១៥០​នាក់​ផ្សេងទៀត​បាន​រង​របួស​ ដោយ​ការ​បាញ់​ប្រហារ​របស់​អ៊ីស្រាអែល​ទៅ​លើ​ហ្វូង​មនុស្ស​ដែល​កំពុង​រង់​ចាំ​រថយន្ត​ជំនួយ​ក្នុង​តំបន់​ហ្កាហ្សា​ភាគ​ខាង​ជើង​។ ​នេះបើតាម​ការ​ឱ្យ​ដឹង​របស់​ក្រសួង​សុខាភិបាល​ក្នុង​តំបន់​ហ្កាហ្សា។

យោធា​អ៊ីស្រាអែល​និយាយ​ថា ខ្លួន​កំពុង​ពិនិត្យ​មើល​ការវាយប្រហារ​ទាំង​ពីរ​លើក​នេះ។

ការវាយប្រហារ​នេះកើត​មាន​ឡើងតែ​២​ថ្ងៃ បន្ទាប់​ពី​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក​Antony Blinken និយាយ​កាល​ពី​ថ្ងៃ​ពុធថា​ ​អ៊ីស្រាអែល​ត្រូវរក្សា​សុខុមាលភាពជនស៊ីវិល​ប៉ាឡេស្ទីន​ជា​«ការងារ​ទី​១»​ ក្នុង​ការ​ធ្វើសង្គ្រាមរបស់ខ្លួន​ប្រឆាំង​នឹង​ក្រុមហាម៉ាស់​ក្នុង​តំបន់ហ្កាហ្សា។​

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់​និយាយ​ថា​ ខ្លួន​បាន​ផ្តល់ខ្លឹម​សារ​នៃ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​គ្នា​មួយ​ ដល់ក្រុម​អ្នក​សម្របសម្រួល​ ដែល​អាស្រ័យ​លើ​ការ​ផ្អាក​ប្រតិបត្តិការ​យោធា​របស់​អ៊ីស្រាអែល​ក្នុង​តំបន់​ហ្កាហ្សា​ និង​លក្ខខណ្ឌ​មួយ​ចំនួន​ផ្សេង​ទៀត៕

ខ្លឹមសារ​ខ្លះ​នៃ​ព័ត៌មាន​នេះ​ត្រូវ​បាន​ដក​ស្រង់​ចេញ​ពី​ទី​ភ្នាក់ងារ​សារព័ត៌មាន​ AP និង​ទី​ភ្នាក់ងារ សារព័ត៌មាន​AFP ។