ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីស្រាអែល​វាយ​ប្រហារ​លីបង់​ដើម្បី​តបត​​នឹង​ការ​បាញ់​រ៉ុក្កែត​ជាបន្តបន្ទាប់ 


ផ្សែង​ហុយ​ចេញ​ពី​ទីតាំង​នៃ​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​ដែល​មាន​គោល​ដៅ​លើ​ភូមិ Khiyam ភាគ​ខាង​ត្បូង​ប្រទេស​លីបង់ កាល​ពី​ថ្ងៃ​ទី ១២ ខែ​មីនា ឆ្នាំ ២០២៤។
ផ្សែង​ហុយ​ចេញ​ពី​ទីតាំង​នៃ​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​ដែល​មាន​គោល​ដៅ​លើ​ភូមិ Khiyam ភាគ​ខាង​ត្បូង​ប្រទេស​លីបង់ កាល​ពី​ថ្ងៃ​ទី ១២ ខែ​មីនា ឆ្នាំ ២០២៤។

យោធា​អ៊ីស្រាអែល​បាន​បញ្ជាក់​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ខ្លួន​បាន​វាយ​ប្រហារ​តាម​អាកាស​ដើម្បី​បំផ្លាញ​កាំភ្លើង​បាញ់​រ៉ុក្កែត ៣ ដើមដែល​ត្រូវ​បាន​ប្រើ​ដើម្បី​បាញ់​រ៉ុក្កែត​មួយ​ចំនួន​ក្នុង​ចំណោម​រ៉ុក្កែត​ទាំង ១០០ គ្រាប់​ដែល​បាញ់​ចេញ​ពី​ប្រទេស​លីបង់​ឆ្ពោះ​ទៅ​រក​តំបន់ Golan Heights ដែល​អ៊ីស្រាអែល​កាន់កាប់។

អំពើ​ហិង្សា​ឆ្លង​ព្រំដែន​នេះ​គឺជា​ជុំ​ថ្មី​ទៀត​នៃ​ការ​ប្រយុទ្ធ​គ្នា​ជា​បន្ត​ដោយ​មិន​ប្រែប្រួល​ដែល​បាន​បង្ក​ឱ្យ​អន្តរជាតិ​មាន​ក្ដី​កង្វល់​ថា​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់ (Hamas) នៅ​ក្នុង​តំបន់​ហ្កាហ្សា (Gaza) នេះ​អាច​រីក​រាលដាល​ចូល​ទៅ​ផ្នែក​ផ្សេង​ទៀត​នៃ​តំបន់​នេះ។

អ៊ីស្រាអែល​ក៏​បាន​បញ្ជាក់​នៅ​ថ្ងៃ​អង្គារ​នេះ​ផងដែរ​ថា​ខ្លួន​បាន​វាយ​ប្រហារ​ថ្មី​តាម​អាកាស​នៅ​ក្នុង​តំបន់​ទីក្រុង Khan Younis នៅ​ភាគ​ខាងត្បូង​តំបន់​ហ្កាហ្សា នៅ​ពេល​ដែល​ខ្លួន​ជំរុញ​ទៅមុខ​នូវ​យុទ្ធនាការដើម្បី​កម្ទេច​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់។

ស្រប​ពេល​ដែល​អង្គការ​សហប្រជាជាតិ​ព្រមាន​អំពី​វិបត្តិ​ស្បៀង​អាហារ​កើនឡើង​នៅ​ក្នុង​តំបន់​ហ្កាហ្សា កប៉ាល់​មួយ​គ្រឿង​ដែល​ដឹក​ជំនួយ ២០០ តោន​បាន​ចាកចេញ​ពី​ប្រទេស​ស៊ីប​នៅ​ថ្ងៃ​អង្គារ​នេះ​ឆ្ពោះ​ទៅ​តំបន់​ហ្កាហ្សា​ដើម្បី​ផ្ដល់​ជំនួយ​តាម​ផ្លូវ​សមុទ្រ។

គម្រោង​នេះ​គឺជា​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម អង្គការ​សប្បុរសធម៌ Open Arms របស់​អេស្ប៉ាញ និង​អង្គការ​ជំនួយ​មនុស្សធម៌ World Central Kitchen។

អ៊ីស្រាអែល​បាន​លើកឡើង​កាលពី​ថ្ងៃ​ចន្ទ​ថា ការ​វាយ​ប្រហារ​តាម​អាកាស​នៅ​ក្នុង​តំបន់​ហ្កាហ្សា​កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ​បាន​សំដៅ​លើ​មេដឹកនាំ​យោធា​ជាន់ខ្ពស់​ម្នាក់​របស់​ក្រុម​ហាម៉ាស់ ប៉ុន្តែ​ខ្លួន​នៅ​ព្យាយាម​កំណត់​ថា​តើ​មេដឹកនាំ​យោធា​នោះ​ត្រូវបាន​សម្លាប់​ឬ​ក៏​អត់៕


ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន Reuters និង​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

XS
SM
MD
LG