ក្រុមប៉ូលិសអ៊ីស្រាអែលបាននិយាយថា អ្នកវាយប្រហារប៉ាឡេស្ទីនម្នាក់បានចាក់ប៉ូលិសបីនាក់នៅខាងក្រៅក្រុងចាស់មួួយក្នុងប៉ែកខាងកើតនៃក្រុងហ្ស៊េរុយសាឡិម (Jerusalem) កាលពីថ្ងៃសៅរ៍ នៅមុនកងកម្លាំងប៉ូលិសបានបាញ់ជននេះស្លាប់។ អាជ្ញាធរបាននិយាយថា ប៉ូលិសម្នាក់ក្នុងបណ្តាប៉ូលិសទាំងនេះមានរបួសធ្ងន់ហើយប៉ូលិសពីរនាក់ទៀតមានរបួសបង្គួរ។
កន្លែងនៃការចាក់នេះស្ថិតនៅជិតកន្លែងដែលយុវជនជំទង់ប៉ាឡេស្ទីនម្នាក់បានចាក់ជនជាតិអ៊ីស្រាអែលពីរនាក់នៅមុនប៉ូលិសបាញ់គាត់ស្លាប់កាលពីពេលមុននោះកាលពីថ្ងៃសៅរ៍។
កាលពីប៉ុន្មានថ្ងៃមុននេះ មានការចាក់មនុស្សជាច្រើននៅក្នុងប្រទេសអ៊ីស្រាអែល នៅក្នុងការវាយប្រហារទៅលើជនស៊ីវិល និងទាហាន។
ការវាយប្រហារចាប់ផ្តើមមាននៅក្នុងប៉ែកខាងកើតនៃក្រុងហ្ស៊េរុយសាឡិមនៅឯកន្លែងមួយជាទីគោរពបូជាដោយក្រុមអ្នកកាន់សាសនាឥស្លាមដែលហៅកន្លែងនោះថាព្រះវិហារ al-Aqsa និងកន្លែងដែលពួកជ្វីពគោរពបូជាដែរ ដោយហៅទីនោះថា Temple Mount។
រយៈពេលមួយសប្តាហ៍នៃអំពើហិង្សារវាងជនជាតិអ៊ីស្រាអែល និងជនជាតិប៉ាឡេស្ទីនបានរាលដាលចូលក្នុងតំបន់ Gaza កាលពីថ្ងៃសុក្រដោយបានបណ្តាលឱ្យជនជាតិប៉ាឡេស្ទីនយ៉ាងតិចណាស់៧នាក់ស្លាប់និងនាំឱ្យជាង១០០នាក់ទៀតត្រូវរបួស៕