ក្រសួងសុខាភិបាលតំបន់ហ្កាហ្សាបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាការវាយប្រហារដោយកាំជ្រួចមីស៊ីលទៅលើតំបន់មនុស្សធម៌នៅក្នុងតំបន់ Gaza Strip ភាគខាងត្បូងបានសម្លាប់មនុស្សយ៉ាងតិចណាស់ក៏១៩និង៦០នាក់ទៀតរងរបួស។
ក្រសួងនោះបានបញ្ជាក់ថាពួកអ្នកជួយសង្គ្រោះមិនអាចបានទៅដល់ពួកអ្នករងគ្រោះខ្លះដែលនៅកប់នៅក្រោមដីខ្សាច់និងកម្ទេចបាក់បែកនៅឡើយ។
ចំនួនមនុស្សស្លាប់មានទាបឆ្ងាយជាងចំនួនដែលត្រូវបានផ្តល់ឱ្យដោយទីភ្នាក់ងារការពារជនស៊ីវិលដែលបាននិយាយថាមនុស្ស៤០នាក់បានត្រូវសម្លាប់នៅក្នុងការវាយប្រហារនេះ។
យោធាអ៊ីស្រាអែលបានតវ៉ាចំពោះចំនួនមនុស្សស្លាប់ដ៏ច្រើននេះ ដោយបានស្តីបន្ទោសពួកហាម៉ាស់ចំពោះកិច្ចប្រតិបត្តិការនៅក្នុងតំបន់មនុស្សធម៌នេះ។
ការវាយប្រហារបានកើតមានឡើងនៅក្នុងទីក្រុង Mawasi ភាគខាងលិចតំបន់ Khan Younis ដែលជាទីកន្លែងរស់នៅរបស់ជនជាតិប៉ាឡេស្ទីនជាច្រើនដែលបានរត់គេចចេញទៅកាន់ផ្នែកនានានៃតំបន់ហ្កាហ្សាដើម្បីគេចេចញពីជម្លោះរវាងអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធហាម៉ាស់។
យោធាអ៊ីស្រាអែលបាននិយាយថាខ្លួនបានប្រហារពួកសកម្មប្រយុទ្ធជាន់ខ្ពស់ហាម៉ាស់មួយចំនួន រួមមានមេបញ្ជាការជាច្រើនរូបដែលបានទាក់ទិនដោយផ្ទាល់នៅក្នុងការវាយប្រហារថ្ងៃទី៧ ខែតុលាលើអ៊ីស្រាអែលដែលបានចាប់ផ្តើមសង្គ្រាមនេះ។
សេចក្តីថ្លែងការណ៍របស់ក្រុមហាម៉ាស់បានច្រានចោលថាពួកអ្នកប្រយុទ្ធរបស់ខ្លួនបានស្ថិតនៅក្នុងតំបន់នោះ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយកាលពីថ្ងៃអង្គារថាសហរដ្ឋអាមេរិក នឹងបន្តធ្វើការជាមួយរដ្ឋាភិបាលកាតានិងអេហ្ស៊ីបដើម្បីបំពេញគម្លាតដែលនៅសេសសល់នៅក្នុងកិច្ចព្រមព្រៀងឈប់បាញ់គ្នាដើម្បីបញ្ចប់ជម្លោះនៅក្នុងតំបន់ហ្កាហ្សាឱ្យបានឆាប់តាមដែលអាចធ្វើបាន។
លោក Blinken បានប្រាប់ពួកអ្នកយកព័ត៌មានក្នុងអំឡុងនៃសន្និសីទកាសែតរួមនៅក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេសជាមួយរដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេសលោក David Lammy ថា«បញ្ហាជាង៩០ភាគរយបានត្រូវព្រមព្រៀង ដូច្នេះ យើងមានបញ្ហាតិចតួចតែប៉ុណ្ណោះដែលមានការលំបាក ក៏ប៉ុន្តែ អាចដោះស្រាយបាននៅក្នុងការវិនិច្ឆ័យរបស់យើង»៕