សារមន្ទីរ​ប៉ាឡេស្ទីនត្រូវ​បាន​រចនា​ឡើង​ដើម្បី​បង្ហាញ​អំពី​វប្បធម៌​របស់​ពលរដ្ឋ​ប៉ាឡេស្ទីន

រូបឯកសារ៖ ជនជាតិប៉ាឡេស្ទីនម្នាក់សម្លឹងមើលវត្ថុបុរាណនៅខាងក្នុងសារមន្ទីរ Shahwan នៅតំបន់ហ្គាហ្សា។

ពលរដ្ឋ​អាមេរិកាំង​ភាគច្រើន​យល់ដឹង​ពី​ពលរដ្ឋ​ប៉ាឡេស្ទីន ដោយសារតែ​ជម្លោះ​ជាច្រើន​ទសវត្សរ៍​របស់​ពួកគេ​ជាមួយ​អ៊ីស្រាអ៊ែល។ ដើម្បី​បន្ថែម​ការយល់ដឹង​ទៀត​អំពី​ពលរដ្ឋ​ប៉ាឡេស្ទីន សារមន្ទីរ​មួយ​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កំពុង​តែបង្ហាញ​អំពី​វប្បធម៌​និង​កេរដំណែល​របស់​ប៉ាឡេស្ទីន ដោយ​បង្ហាញ​វត្ថុ​បុរាណ​ម្តង​មួយៗ។

សម្រាប់​ពលរដ្ឋ​អាមេរិកាំង​ជាច្រើន អ្វី​ដែល​ពួកគេ​បាន​ដឹង​អំពី​ដែនដី​ប៉ាឡេស្ទីន និង​ពលរដ្ឋ​របស់​ដែនដី​នេះ គឺ​តែ​ទិដ្ឋភាព​ជម្លោះ​រយៈពេលយូរ​រវាង​ជនជាតិ​ប៉ាឡេស្ទីន​នេះ និង​ជនជាតិ​អ៊ីស្រាអ៊ែល​តែប៉ុណ្ណោះ។

នោះ​ហើយ​ជាមូលហេតុ ដែល​ស្ថាបនិក​នៃ​សារមន្ទីរ​ពលរដ្ឋ​ប៉ាឡេស្ទីន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន គិត​ថា សារមន្ទីរ​នេះ មាន​សារៈសំខាន់​ខ្លាំងណាស់។ នៅ​សារមន្ទីរ​នេះ មាន​ដាក់​តាំង​វត្ថុបុរាណ ឯកសារ​ប្រវត្តិសាស្រ្ត និង​វប្បធម៌។

លោក Bshara Nassar ជា​ស្ថាបនិក​សារមន្ទីរ​ពលរដ្ឋ​ប៉ាឡេស្ទីន។ លោក​ថ្លែង​ថា៖

«យើង​បង្ហាញ​ថា ប៉ាឡេស្ទីន​ជា​មនុស្ស​ជាតិ យើង​បង្ហាញ​ថា ប៉ាឡេស្ទីន​ជា​សហគ្រិន ជា​សិល្បៈករ ហើយ​នោះ​ហើយ ជាមូលហេតុ​ ដែល​ខ្ញុំ​បាន​សម្រេចចិត្ត​បង្កើត​សារមន្ទីរ​នេះ​ឡើង។ វា គឺ​ជា​កន្លែង​ដែល​ពលរដ្ឋ​ប៉ាឡេស្ទីន​អាច​ប្រាប់​រឿងរ៉ាវ​របស់​ពួកគេ​បាន»។

នៅ​ពេល​ដែល​ភ្ញៀវ​ចូល​មក​សារមន្ទីរ​នេះ វត្ថុ​មុន​ដំបូងគេ​ដែល​គេ​បាន​ឃើញ​គឺ​ថូ​ទឹក​ពណ៌ខៀវ។ ថូ​ទឹក​នេះ ធ្វើ​ពី​កែវ​មក​ពី​ក្រុង Hebron ដែល​ជា​ក្រុង​មួយ​នៅ​តំបន់ West Bank ល្បី​ខាង​ធ្វើ​វត្ថុ​ដែល​ធ្វើ​ពី​កែវ។

ជញ្ជាំង​សារមន្ទីរ​នេះ ពេញ​ទៅ​ដោយ​រូបថត គំនូរ និង​វត្ថុសិល្បៈ​ផ្សេងៗ​ទៀត ដែល​រៀបរាប់​អំពី​រឿងរ៉ាវ​របស់​ប៉ាឡេស្ទីន ដែល​អាច​ផ្តល់​ភាព​រីករាយ​ដល់​ភ្ញៀវ​ដែល​មក​ទស្សនា។

អ្នកនាង Sara ជា​ភ្ញៀវ​ដែល​មក​ទស្សនា ថ្លែង​ថា៖

«ខ្ញុំបានអាន​ច្រើន​អំពី​ប្រវត្តិ​របស់​ដែនដី​ប៉ាឡេស្ទីន។ អ្វី​ដែល​ខ្ញុំ​ចង់ដឹង​បន្ថែម​នោះ គឺ​វប្បធម៌​របស់​ពួកគេ គឺ​អ្វីៗ ដែល​តំណាង​ឲ្យ​ពួកគេ និង​បង្ហាញ​អំពី​អត្តសញ្ញាណ​ជា​ពលរដ្ឋ​របស់​ពួកគេ»។

លោក Mark Gorman ជា​ភ្ញៀវ​ដែល​មក​ទស្សនា​ម្នាក់​ទៀត ថ្លែង​ថា៖

«អ្វី​ដែល​ខ្ញុំ​មិន​បាន​ដឹង​ពី​មុន គឺ​និម្មិត​សញ្ញា​នៃ​សោរ។ សោរ​ផ្ទះ​ដែល​ជនភៀសខ្លួន​ប៉ាឡេស្ទីន ត្រូវ​ចាកចេញ»។

ស្ថាបនិក​សារមន្ទីរ​បាន​ដឹង​យ៉ាង​ច្បាស់​ថា នឹង​មាន​អ្នកខ្លះ នឹង​គិត​ថា​សារមន្ទីរ​នេះ ឆ្លុះ​បញ្ចាំង​ពី​ហេតុផល​នយោបាយ​ទាក់ទងនឹង​ជម្លោះ​រវាង​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល ក៏ប៉ុន្តែ ស្ថាបនិក និង​អ្នកធ្វើការ​នៅក្នុង​សារមន្ទីរ​នេះ អះអាង​ថា ការបង្កើត​សារមន្ទីរ​នេះ គឺ​គ្មាន​ហេតុផល​នយោបាយ​នោះ​ទេ។

អ្នកនាង Hanadi ដែល​ជា​អ្នកធ្វើការ​ស្ម័គ្រចិត្ត​នៅក្នុង​សារមន្ទីរ​នេះ បាន​និយាយ​ថា អ្នកនាង​ចង់​ជួយ​អប់រំ​មនុស្ស​អំពី ដែនដី​ប៉ាឡេស្ទីន​និងប្រវត្តិសាស្រ្ត​ក្នុង​តំបន់។

លោក Bshara សង្ឃឹម​ថា សារមន្ទីរ​នេះ នឹង​ទាក់ទាញ​ភ្ញៀវ​គ្រប់ប្រភេទ​ឲ្យ​មក​ទស្សនា ហើយ​វា​ជា​ចំណុច​ផ្តើម​ការសន្ទនា​អំពី​ប្រវត្តិសាស្រ្ត​ប៉ាឡេស្ទីន និង​វប្បធម៌​សម្បូរបែប​របស់​ដែនដី​នេះ៕

ប្រែសម្រួល​ដោយ​អ្នកស្រី លី ម៉ូរីវ៉ាន់