រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយនៅថ្ងៃអង្គារនេះថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានបញ្ជាក់ពីការតាំងចិត្តរបស់លោកទៅលើសំណើសុំឱ្យមានបទឈប់បាញ់គ្នាជាតំណាក់កាលចម្រុះមួយក្នុងតំបន់ហ្កាហ្សា ហើយក្រុមហាម៉ាស់ នៅតែជាក្រុមតែមួយគត់ ដែលនៅមិនទាន់ទទួលយកផែនការនេះនៅឡើយ។
លោក Blinken បាននិយាយថា ការអនុម័តយល់ព្រមរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លើសេចក្តីព្រាងសម្រេចចិត្តមួយរបស់អាមេរិក ដែលអំពាវនាវដល់អ៊ីស្រាអែលនិងក្រុមហាម៉ាស់ ឱ្យអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់គ្នា «ជាការបញ្ជាក់យ៉ាងច្បាស់ថា នេះជាអ្វីដែលពិភពលោកកំពុងរង់ចាំ»។
ក្រោយការបោះឆ្នោតរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមានសំឡេង ១៤ ទល់នឹងសូន្យ កាលពីថ្ងៃចន្ទ ដោយរុស្ស៊ីអនុប្បវាទនោះ ក្រុមហាម៉ាស់បានចេញសេចក្តីថ្លែងការណ៍ស្វាគមន៍មួយថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបញ្ជាក់ពីបទឈប់បាញ់ជាអចិន្ត្រៃយ៍មួយក្នុងតំបន់ហ្កាហ្សា និងបញ្ជាក់ពីឆន្ទៈចង់ចូលរួមក្នុងការចរចាដោយផ្ទាល់ លើការអនុវត្តគោលការណ៍នានា ដែលស្របទៅនឹងការទាមទាររបស់ប្រជាជននិងការតស៊ូរបស់យើង»។
លោក Blinken បាននិយាយកាលពីថ្ងៃអង្គារថា ការឆ្លើយតបនេះ ជាសញ្ញាសង្ឃឹមមួយ។ ប៉ុន្តែលោកបន្ថែមថា អ្វីដែលយើងចង់បាននៅពេលនេះ គឺពាក្យសម្តីដែលចេញមកពីតំបន់ហ្កាហ្សា និងពីមេដឹកនាំនៃក្រុមហាម៉ាស់ក្នុងតំបន់ហ្កាហ្សា»។
លោក Blinken បាននិយាយដូចនេះ បន្ទាប់ពីកិច្ចប្រជុំជាមួយអ្នកនយោបាយអ៊ីស្រាអែលលោក Benny Gantz ដែលបានចាកចេញពីរដ្ឋាភិបាលគ្រាអាសន្នរបស់លោក Netanyahu កាលពីថ្ងៃអាទិត្យ ដែលបាននិយាយថា លោក Netanyahu កំពុងដឹកនាំខុសលើសង្គ្រាមនេះ និងជាមួយមេដឹកនាំបក្សប្រឆាំងលោក Yair Lapid។ ទាំងលោក Gantz និងលោក Lapid បានគូសបញ្ជាក់ពីភាពចាំបាច់នៃការធ្វើឱ្យមាននូវកិច្ចព្រមព្រៀងបទឈប់បាញ់គ្នាមួយ នៅក្នុងសារបញ្ជាក់ ដែលគេបានបង្ហោះនៅលើបណ្តាញសង្គម X ក្រោយពីជំនួបជាមួយលោក Blinken រួចមក។
ប្រមុខការទូតអាមេរិករូបនេះក៏បានជួបរយៈពេលខ្លីជាមួយសមាជិកគ្រួសារនៃជនចំណាប់ខ្មាំងមួយចំនួន ដែលកំពុងជាប់ឃុំឃាំងក្នុងតំបន់ហ្កាហ្សាផងដែរ៕
ព័ត៌មានខ្លះសម្រាប់សេចក្តីរាយការណ៍នេះផ្តល់ដោយទីភ្នាក់ងារសារព័ត៌មានAssociated Press, Reuters និងAgence France-Presse។