ក្រសួងសុខាភិបាលហ្កាហ្សាបានរាយការណ៍ពីចំនួនមនុស្សស្លាប់៧០នាក់បន្ថែមទៀតនៅថ្ងៃព្រហស្បតិ៍នៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែលនិងពួកហាម៉ាស់ ដែលធ្វើឱ្យចំនួនជនប៉ាឡេស្ទីនដែលត្រូវបានសម្លាប់សរុបកើនដល់ជាង៤៦.០០០នាក់ចាប់តាំងពីជម្លោះនេះបានចាប់ផ្តើមកាលពីខែតុលា ឆ្នាំ២០២៣។
បន្ថែមពីលើការស្លាប់ទាំងនោះ ក្រសួងនេះបានថ្លែងថា មនុស្សជាង១០៩.៣០០នាក់បានរងរបួស។
ក្រសួងនេះមិនបានបែងចែករវាងក្រុមសកម្មប្រយុទ្ធនិងជនស៊ីវិល ប៉ុន្តែបានថ្លែងថាជាងពាក់កណ្តាលនៃជនរងគ្រោះគឺជាស្ត្រីនិងកុមារ។
សង្គ្រាមនៅតំបន់ហ្កាហ្សាបានចាប់ផ្តើមកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នៅពេលដែលក្រុមហាម៉ាស់បានសម្លាប់មនុស្ស១.២០០នាក់និងចាប់មនុស្សប្រមាណ២៥០នាក់ជាចំណាប់ខ្មាំង។ ចំណាប់ខ្មាំងប្រមាណ១០០នាក់នៅជាប់នៅហ្កាហ្សានៅឡើយ ដែលយ៉ាងហោចណាស់១ភាគ៣ត្រូវបានគេជឿថាបានស្លាប់ទៅហើយ។
អេហ្ស៊ីប កាតា និងសហរដ្ឋអាមេរិកនាំមុខក្នុងកិច្ចប្រឹងប្រែងដើម្បីព្យាយាមធានានូវបទឈប់បាញ់រវាងអ៊ីស្រាអែលនិងហាម៉ាស់ ដោយដោះលែងចំណាប់ខ្មាំងនិងបង្កើនជំនួយមនុស្សធម៌សម្រាប់ជនស៊ីវិលប៉ាឡេស្ទីន។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានថ្លែងកាលពីថ្ងៃពុធថា «កិច្ចព្រមព្រៀងមួយកាន់តែខិតជិត» ហើយថាលោកសង្ឃឹមថានឹងធានាបាននូវកិច្ចព្រមព្រៀងមួយ មុននឹងលោកប្រធានាធិបតី Joe Biden ចប់អាណត្តិនៅថ្ងៃទី២០ ខែមករា៕