កាណូត​បាគីស្ថាន​ផ្ទុះ​នៅ​ក្រោយ​ការ​ដេញ​តាម​របស់​ឆ្មាំ​សមុទ្រ​ឥណ្ឌា

ក្រសួង​ការពារ​ជាតិ​របស់​ឥណ្ឌា​ចេញ​ផ្សាយ​រូបថត​នេះ​ដែល​ខ្លួន​និយាយ​ថា​រូបថត​នោះ​បង្ហាញ​កាណូត​របស់​បាគីស្ថាន​ដែល​ផ្ទុះ​និង​ឆេះ​នៅ​ក្រោយ​ពេល​នាវិក​នៅ​លើ​កាណូត​នោះ​ដុត​វា​បន្ទាប់​ពី​ត្រូវ​បាន​ដេញ​ដោយ​កប៉ាល់​ឆ្មាំ​សមុទ្រ​ឥណ្ឌា​កាលពី​ថ្ងៃទី​១ ខែមករា ឆ្នាំ២០១៥។

ក្រុម​មន្ត្រី​ឥណ្ឌា​បាន​និយាយ​ថា​កាណូត​នេសាទ​ត្រី​បាគីស្ថាន​មួយ​ដែល​ជាប់​សង្ស័យ​ថា​មាន​ដឹក​គ្រឿង​ផ្ទុះ​បាន​ផ្ទុះឡើង​នៅ​ក្នុង​សមុទ្រ​អារ៉ាប់​នៅ​ក្រោយ​ពេល​ដែល​ត្រូវ​បាន​ដេញ​ពី​ក្រោយ​ដោយ​នាវា​មួយ​គ្រឿង​នៃ​ក្រុម​ឆ្មាំ​ឆ្នេរសមុទ្រ​ឥណ្ឌា។​

ក្រសួង​ការពារ​ប្រទេស​នៃ​ប្រទេស​ឥណ្ឌា​បាននិយាយ​ថា​មនុស្ស​ទាំង​អស់​បួន​នាក់​ជិះ​នៅ​ក្នុង​កាណូត​នោះ​បាន​ស្លាប់​នៅ​ក្នុង​ការផ្ទុះនោះ។​

ក្រសួង​នេះ​បាន​និយាយ​ថា​ផ្នែក​ស៊ើបការ​សម្ងាត់​ឥណ្ឌា​បាន​បញ្ជាក់​ថា​កាណូត​នេះ​បាន​គ្រោង​ធ្វើ «សកម្មភាព​ខុសច្បាប់»​ នៅ​ពេល​កាណូត​នោះ​ត្រូវ​បាន​ស្ទាក់​នៅ​ក្នុង​លំហ​សមុទ្រ​ទល់​មុខ​នឹង​ឆ្នេរសមុទ្រ​ខាង​លិច​នៃ​ប្រទេស​ឥណ្ឌា។​

សេចក្តី​ថ្លែងការណ៍​មួយ​បាន​និយាយថា​ក្រុម​ឆ្មាំ​ឆ្នេរសមុទ្រ​បានដេញ​តាម​កាណូត​នេះ​ជិត​មួយ​ម៉ោង​ហើយ​បាន​បាញ់​កាំភ្លើង​ព្រមាន​នៅ​មុន​ពេល​វា​ឈប់​។សេចក្តី​ថ្លែងការណ៍​នេះ​បាននិយាយ​ថា​នាវិក​ទាំង​បួន​នាក់​នៃ​កាណូត​នេះ​បាន​លាក់ខ្លួន​នៅ​ជាន់ក្រោម​ក្នុង​កាណូត​នោះ​ហើយ​បាន​ដុត​កាណូត​នេះ​ដែល​បាន​បណ្តាល​ឱ្យមាន​ការផ្ទុះ។​

គ្មាន​អត្ថាធិប្បាយ​ជា​បន្ទាន់​ណា​មួយ​ធ្វើ​ឡើង​ដោយ​ប្រទេស​បាគីស្ថាន​នៅ​ទ្បើយ​ទេ៕