កាលពីថ្ងៃសុក្រប្រទេសបាគីស្ថានបាននិយាយថា ដំណើរការសន្តិភាព និងការផ្សះផ្សាគ្នាក្នុងប្រទេសអាហ្វហ្គានីស្ថានកំពុងធ្វើឡើង ហើយថាការស្លាប់របស់ Mullah Omar មេដឹកនាំពួកបះបោរតាលីបង់នៃប្រទេសអាហ្វហ្គានីស្ថានគ្រាន់តែធ្វើឱ្យមានការផ្អាកដំណើរការនេះជាបណ្តោះអាសន្នតែប៉ុណ្ណោះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយខាងគោលនយោបាយនៅក្នុងរដ្ឋសភា លោករដ្ឋមន្ត្រីការពារប្រទេសបាគីស្ថាន Khawaja Asif បានបដិសេធទៀតនូវការនិយាយថា ការស្លាប់នៃមេពួកតាលីបង់ដែលរស់នៅដាច់ពីគេរូបនេះបានកើតមានឡើងនៅក្នុងប្រទេសបាគីស្ថាន។
លោក Asif បាននិយាយថា «ខ្ញុំចង់និយាយបញ្ជាក់ជាថ្មីទៀតថា Mullah Omar មិនបានស្លាប់ ឬមិនបានត្រូវបញ្ចុះក្នុងប្រទេសបាគីស្ថានទេ។ ទោះណាជាគាត់ស្លាប់នៅពេលនេះ ឬស្លាប់មុននេះក៏ដោយ ក៏នេះជារឿងចម្រូងចម្រាស់មួយដែរហើយយើងមិនចង់ទាក់ទិននឹងរឿងនេះទេ»។
កាលពីសប្តាហ៍មុន អាជ្ញាធរអាហ្វហ្គានីស្ថានបាននិយាយថា Omar បានស្លាប់នៅក្នុងមន្ទីរពេទ្យមួយកន្លែងក្នុងក្រុង Karachi នៃប្រទេសបាគីស្ថាន កាលពីខែមេសា ឆ្នាំ២០១៣។
សេចក្តីប្រកាសនេះធ្វើឡើងមួយថ្ងៃមុនពេលប្រទេសបាគីស្ថានបានកំណត់នឹងធ្វើជាម្ចាស់ផ្ទះរៀបចំជុំទីពីរនៃកិច្ចចរចាសន្តិភាពរវាងពួកអ្នកធ្វើការចរចា
អាហ្វហ្គានីស្ថាន និងតាលីបង់។ ការប្រកាសឱ្យដឹងនេះបាននាំឱ្យពួកតាលីបង់ដកខ្លួនចេញពីការសន្ទនាគ្នា បណ្តាលឱ្យដំណើរការស្វែងរកសន្តិភាពមានការរអាក់រអួល៕