កងយោធានៃប្រទេសបាគីស្ថានបាននិយាយថា ការវាយប្រហារតាមអាកាសបានបណ្តាលឲ្យជនសកម្មប្រយុទ្ធ២៣នាក់ស្លាប់នៅក្នុងតំបន់កុលសម្ព័ន្ធនាប៉ែកពាយ័ព្យប្រទេសនៅជិតព្រំដែននៃប្រទេសអាហ្វហ្គានីស្ថាន។
សេចក្តីថ្លែងការណ៍យោធាមួយកាលពីថ្ងៃអាទិត្យបានចែងថា កងទ័ពអាកាសរបស់រដ្ឋាភិបាលបាគីស្ថានបានវាយប្រហារលើឃ្លាំងគ្រាប់រំសេវធំមួយនៅក្នុងស្រុក Khyber និងស្រុក Waziristan ខាងជើង។ សេចក្តីថ្លែងការណ៍នេះក៏បាននិយាយផងដែរថា មានជនបរទេសខ្លះបានត្រូវសម្លាប់ ក៏ប៉ុន្តែមិនបានប្រាប់ឈ្មោះជនទាំងនោះ ឬមិនបានប្រាប់ឲ្យដឹងទេថាតើជនបរទេសទាំងនេះប្រយុទ្ធឲ្យក្រុមណាឡើយ។
គេបានដឹងជាយូរមកហើយថា តំបន់ Khyber ជាសំបុកមួយរបស់ជនសកម្មប្រយុទ្ធនៅក្នុងក្រុមតាលីបង់នៅបាគីស្ថាន និងក្រុម Lashkar-e-Islam។
ក្រុមយោធាបាគីស្ថានបានចាប់ផ្តើមធ្វើការវាយលុកមួយនៅក្នុងតំបន់ Khyber កាលពីខែតុលាឆ្នាំ២០១៤ ដោយបានធ្វើការវាយប្រហារតាមអាកាស និងប្រើប្រាស់កាំភ្លើងធំ កាំភ្លើងត្បាល់ និងក្រុមទាហានថ្មើរជើង។
អាជ្ញាធរមិនបើកឲ្យពួកអ្នកកាសែតទៅយកព័ត៌មានក្នុងតំបន់នោះទេ ដូច្នេះគេមិនអាចបញ្ជាក់ដោយឯករាជ្យថាតើការអះអាងរបស់ពួកយោធាជាការត្រឹមត្រូវឬបែបណាឡើយ៕