ការឡោមព័ទ្ធ​សាលា​រៀន​នៅ​​ប៉ាគីស្ថាន​បាន​បញ្ចប់​​​បន្សល់ទុកមនុស្សស្លាប់​១៤១នាក់

សាច់​ញ្ញាតិ​កំពុង​រំលែក​ទុក្ខ​សិស្ស ​Mohammad Baqair ដែល​រង​របួស​ (កណ្តាល)​ ហើយ​ម្តាយ​ដែល​ជា​គ្រូ​បង្រៀន​ក៏​ត្រូវ​បាន​សម្លាប់​ដោយ​ក្រុម​តាលីបាន​នៅ Peshawar នៃ​ប្រទេស​ប៉ាគីស្ថាន ​កាល​ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤។

​ការឡោមព័ទ្ធ​សាលា​រៀន​មួយនៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ (Pakistan) ​ដោយ​ពួក​ជន​សកម្ម​ប្រយុទ្ធ​តាលី​បាន(Talliban) ​បាន​បញ្ចប់​ដោយ​សន្សល់​ទុក​មនុស្ស​ស្លាប់​យ៉ាងហោច​ណាស់​១៤១​នាក់​ ដែល​ភាគ​ច្រើន​ជា​សិស្ស​សាលា។

​ពួក​ជន​សកម្ម​ប្រយុទ្ធ​អ៊ី​ស្លាម​ដែល​ស្លៀក​សម្លៀក​បំពាក់​ឯក​សណ្ឋាន​យោ​ធា​ហើយបាន​បំពាក់​ទៅ​ដោយ​គ្រឿង​ផ្ទុះបាន​វាយ​ប្រហារទី​កន្លែង​របស់​ពួក​យោធា​មួយកាល​ពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​ទីក្រុង​ Peshawar​ ភាគ​ពាយ័ព្យ។

មន្រ្តី​យោ​ធា ​បាន​ប្រាប់​ពួក​អ្នកយក​ព័ត៌មាន​ថា ​ចំនួន​មនុស្ស​ស្លាប់​មាន ​១៣២​នាក់ ​ជា​សិស្សដែល​មាន​អាយុ​ប្រហែល​ពី​១២​ឆ្នាំ​ទៅ​១៦​ឆ្នាំ។ គេ​ជឿ​ថា​ បុគ្គលិក​សា​លា​រៀន​៩​នាក់ ក៏​ត្រូវ​បាន​សម្លាប់​ផង​ដែរ។

លោកឧត្ត​ម​សេនីយ៍ត្រី Asim Saleem Bajwa ​ជា​អ្នកនាំ​ពាក្យ​យោ​ធា​ប៉ាគីស្ថានបាន​ប្រាប់​សន្និសីទ​សារព័ត៌មាននៅ​ក្នុង​ទីក្រុង​ Peshawar ​ថា ​កង​កម្លាំង​សន្តិសុខបាន​សម្លាប់​ពួក​អ្នក​វាយ​ប្រហារ៧​នាក់​ហើយ​បាន​បោស​សម្អាត​គ្រឿង​ផ្ទុះ​ចេញពី​សាលា​រៀន​នោះ​ហើយ។

លោក​ Hameedullah Khan​ អ្នក​យក​ព័ត៌មាន បាន​ប្រាប់​ VOA ​ថា ​ឪពុក​ម្តាយ​សិស្សបាន​មក​មន្ទីរពេទ្យ​ទាំង​យំ​សោក ​ដែល​នៅ​ទី​នោះ​សាក​សពរបស់​កូន​ក្មេង​ជា​ច្រើន ​បាន​ត្រូវ​យក​ចេញ។ ​មនុស្ស​មួយ​ចំនួន​បាន​បង្ហាញ​ខ្លួន​ដើម្បី​បរិច្ចាគ​ឈាមសម្រាប់​អ្នករង​របួស​ជាង​១០០​នាក់​ផ្សេង​ទៀត។

​លោកប្រធានា​ធិបតី Mamnoon Hussain និង​នាយករដ្ឋ​មន្រ្តី Nawaz Sharif​ នៃ​ប្រទេស​ប៉ាគីស្ថានបាន​ថ្កោល​ទោស​ការ​វាយ​ប្រហារ​នេះ។

ទន្ទឹម​នឹង​នេះ លោករដ្ឋ​មន្រ្តី​ការ​បរទេស​សហរដ្ឋ​អា​មេ​រិក​ John Kerry ក៏​បាន​ថ្លែង​ពី​ទី​ក្រុង​ឡុងដ៍​នៃ​ប្រទេស​អង់​គ្លេស ដោយ​បាន​ហៅ​ការ​សម្លាប់នេះ​ថា​ជា​សកម្មភាព​ភេរវកម្ម​ដែល​បាន​ដាស់តឿន​មនសិការមនុស្ស​ទាំងអស់៕