ប្រទេសប៉ាគីស្ថាន​និយាយ​ថា​​គណៈប្រតិភូស.រ.អា.និង​តាលីបង់នឹង​ធ្វើការ​ចរចា​គ្នា​ដោយផ្ទាល់

លោក​រដ្ឋមន្ត្រី​ការបរទេសប៉ាគីស្ថាន​ Shah Mehmood Qureshi ស្វាគមន៍​លោក Mullah Abdul Ghani Baradar ដែលដឹកនាំ​គណប្រតិភូ​តាលីបង់​ នៅពេល​ដែលលោក​បាន​មកដល់ក្រសួង​ការបរទេស​ក្នុង​អ៊ីស្លាម៉ាបាដ​ប្រទេស​ប៉ាគីស្ថានកាលពី​ថ្ងៃទី​០៣ តុលា ឆ្នាំ២០១៩។

ប្រទេស​ប៉ាគីស្ថាន​និយាយ​ថា​ពួក​ប្រតិភូ​ស.រ.អា.​និង​តាលីបង់ដែល​បំពេញ​ទស្សនកិច្ច​នឹង​ធ្វើការ​ប្រជុំ​ទ្វេភាគីដោយ​ផ្ទាល់​ដើម្បី​ពិភាក្សា​គ្នាអំពី​ការ​ធ្វើកិច្ច​ចរចា​សន្តិភាព​ជាថ្មី​ដែល​មានគោលដៅ​បញ្ចប់សង្គ្រាម​ជិត​ពីរ​ទសវត្សរ៍នៅក្នុង​ប្រទេសអាហ្វហ្គានីស្ថាន​នៅ​ជិតខាងនេះ។​

នៅ​ពេល​ធ្វើសេចក្តី​ប្រកាស​នេះ​ប្រាប់ពួក​អ្នកកាសែត លោក​រដ្ឋមន្ត្រី​ការបរទេសប៉ាគីស្ថាន​ Shah Mehmood Qureshi បាន​និយាយ​ថា​រដ្ឋាភិបាល​ក្រុង អ៊ីស្លាម៉ាបាដ​មានសុទិដ្ឋិនិយមថា​ការ​សន្ទនា​គ្នា​រវាងស.រ.អា.និង​ពួក​តាលីបង់នឹង​មានធ្វើជា​ថ្មីឡើងវិញ។​

ក៏​ប៉ុន្តែ​លោក​ប្រធានាធិបតី​ស.រ.អា. Donald Trump ហាក់​ដូច​ជា​មិនទាន់សម្រេច​ចិត្ត។​

នៅ​ពេល​ឆ្លើយ​នឹង​សំណួរ​របស់​VOA​អំពី​ថា​តើលោក​នឹងធ្វើឱ្យមានកិច្ច​ចរចា​ជា​ថ្មី​ជាមួយតាលីបង់​ឬទេ លោក​ Trump បាន​និយាយ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ថា«យើង​មាន​បញ្ហា​មួយពិត​ប្រាកដ»។ លោក​បាន​និយាយ​បន្ថែម​ថា​«យើង​បាន​វាយ​ប្រហារ​ខ្លាំង​ណាស់លើតាលីបង់។ ក្រុម​នេះ​មិនទាន់​រើប​រួច​ពី ការសម្លាប់​មនុស្ស​១២នាក់ ហើយជនម្នាក់​ក្នុង​បណ្តាពួកជន​ត្រូវ​សម្លាប់ទាំង​នេះជាទាហាន​អាមេរិកាំង​ដ៏​អស្ចារ្យ​ម្នាក់​មក​ពី Puerto Rico។ ពួក​វា​មិនទាន់រើប​ឡើង​វិញ​ទេ ហើយ​ពួក​វា​ប្រហែល​នឹង​មិន​រើប​ឡើង​វិញជា​ដាច់ខាត»។

លោក​ Trump បាននិយាយ​យោង​ដល់ពលបាល Ellis A. Barreto Ortiz ដែល​បាន​ស្លាប់​ដោយសារ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ក្នុង​ឡាន​មួយ​គ្រឿង​ក្នុង​ក្រុង​កាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន​ដែល​ពួក​តាលីបង់​បានអះអាង​ទាមទារ​ការ​ទទួល​ខុសត្រូវនៅពេល​មានកិច្ច​ចរចាសន្តិភាពកាល​ពី​ខែ​កញ្ញា។

លោក Qureshi បាន​សម្តែង​សុទិដ្ឋនិយម​នៅក្រោយ​ធ្វើការចរចា​ជា​ផ្លូវ​ការជាមួយ​គណៈ​ប្រតិភូកម្រិត​ខ្ពស់​មួយ​នៃ​ពួក​បះបោរ​តាលីបង់ដែល​បានទៅដល់​រដ្ឋធានី​នៃ​ប្រទេសប៉ាគីស្ថាន​មួយ​ថ្ងៃ​មុននោះ។

លោក Qureshi បានកត់​សម្គាល់​ថា​ការ​សន្ទនា​គ្នា​រវាង​ស.រ.អា.និងពួក​តាលីបង់​ហៀប​តែ​សម្រេច​កិច្ចព្រមព្រៀង​សន្តិភាព​មួយនៅ​ក្នុង​ការ​ប្រជុំ​គ្នា​៩​លើកនៅ​មុន​ដំណើរ​ការនោះ​បានរលុំ​កាល​ពី​ជិត​មួយ​ខែមុននេះ៕