ប៉ាគីស្ថាន​បញ្ជាក់​ឡើងវិញ​ការ​គាំ​ទ្រ​របស់​ខ្លួន​លើ​កិច្ច​ខំ​ប្រឹង​ប្រែង​សន្តិភាព​របស់​អាហ្វហ្គានីស្ថាន

លោក​ ​Qazi Khalilullah អ្នកនាំ​ពាក្យ​ក្រសួងការ​បរទេស​ប៉ាគីស្ថាន។

ប្រទេស​ប៉ាគីស្ថាន បាន​បញ្ជាក់​ឡើង​វិញ​នូវ​ការ​ខំ​ប្រឹងប្រែង​ដែល​មាន​គោល​បំណងធ្វើ​ឲ្យ​មាន​សន្តិភាព​និង​ស្ថិរភាព​ឡើង​វិញ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ​ដោយ​និយាយ​ថា ​ខ្លួន​បាន​តាំង​ចិត្តធ្វើ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​នូវ​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ជិតខាង​ដែល​ហែក​ហួរ​ដោយ​សង្គ្រាម​នេះ។

សេចក្តី​ថ្លែងការណ៍ ​កើត​មាន​ឡើង​បន្ទាប់​ពីពួក​តាលីបាន​ ​បាន​បង្កើន​ការវាយ​ប្រហារហើយ​មាន​សេចក្តី​រាយការណ៍​ថា ​បេសកជន​សន្តិភាព​អាហ្វហ្គានី​ស្ថាន​ ​បាន​ធ្វើ​ការ​ចរចា​សម្ងាត់​ជាមួយ​ក្រុម​បះបោរ​កាល​ពី​សប្តាហ៍​មុន។

កាសែត ​Wall Street Journal​ បាន​រាយការណ៍​ថា ​ជំនួប​រយៈ​ពេល​២​ថ្ងៃ ​បាន​កើត​មាន​ឡើង​កាល​ពី​សប្តាហ៍​មុន​នៅ​ក្នុង​ទីក្រុង ​Urumqi ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​ចិន​ទៅ​តាម​ការ​ផ្តួច​ផ្តើម​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង ​ហើយ​ទី​ភ្នាក់ងារចារកម្ម​របស់​ប៉ាគីស្ថាន ​បាន​សម្របសម្រួល​ជំនួប​នេះ។

នៅឯ​សន្និសិទ​កាសែតប្រចាំ​សប្តាហ៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​រដ្ឋ​ធានី​អ៊ីស្លាម៉ាបាត ​លោក ​Qazi Khalilullah ​អ្នកនាំ​ពាក្យ​ក្រសួងការ​បរទេស​ប៉ាគីស្ថាន ​បាន​បញ្ចៀស​មិន​ធ្វើ​អត្ថា​ធិប្បាយ​ដោយ​ផ្ទាល់​ស្តី​ពី​ជំនួប​ដែល​បាន​រាយការណ៍​នៅ​ពេលដែល​ពួក​អ្នកកាសែត​សាកសួរ។

​លោក​បាន​និយាយ​ថា ​ប៉ាគីស្ថាន​ គាំទ្រ​សន្តិភាព​ដែល​ផ្តួច​ផ្តើម​ឡើង​រវាង​អាហ្វហ្គានីស្ថា​និង​ប៉ាគីស្ថានហើយ​យើង គាំទ្ររាល់​ការ​ខំ​ប្រឹងប្រែង​ទាំងអស់​នៅ​ក្នុង​បញ្ហា​នេះ។​ លោក​និយាយ​បន្ត​ទៀត​ថា ​ប៉ាគីស្ថានចង់​ធ្វើ​ឲ្យ​មាន​សន្តិភាព​និង​ស្ថិរភាពនៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន‍»៕