នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​ស្នើ​ឲ្យ​មាន​ការ​បន្ធូរបន្ថយ​បំណុល​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដើម្បី​ទប់ទល់​នឹង​ជំងឺ​កូវីដ ១៩

លោក Imran Khan នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន ថ្លែង​នៅ​ក្នុង​ក្រុង Islamabad ប្រទេស​ប៉ាគីស្ថាន កាលពី​ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។

កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​លោក Imran Khan បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ ឲ្យ​ផ្ដល់​ការ​បន្ធូរបន្ថយ​បំណុល​បន្ទាន់​ដល់​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដើម្បី​ជួយ​ទប់ទល់​នឹង​វិបត្តិ​ជំងឺ​កូវីដ ១៩ ដែល​ប្រទេស​ទាំង​នោះ​កំពុង​ប្រឈម។

លោក Khan បាន​ធ្វើ​ការ​អំពាវនាវ​ដូច្នេះ​នៅ​ចំ​ថ្ងៃ​ដែល​របាយការណ៍​របស់​ធនាគារ​ពិភពលោក​បញ្ជាក់​ថា បណ្ដា​ប្រទេស​នៅ​តំបន់​អាស៊ី​ខាង​ត្បូង ដូចជា​ប៉ាគីស្ថាន ឥណ្ឌា អាហ្វហ្គានីស្ថាន និង​បង់ក្លាដែស​ជា​ដើម ជិត​ប្រឈម​នឹង​បញ្ហា​សេដ្ឋកិច្ច​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​រយៈពេល ៤០ ឆ្នាំ​ចុង​ក្រោយ​នេះ បន្ទាប់ពី​មាន​ការ​ផ្ទុះ​រាលដាល​នៃ​ជំងឺ​កូវីដ ១៩។

នៅ​ក្នុង​ការ​ថ្លែង​តាម​កញ្ចក់​ទូរទស្សន៍​នៅ​ទូទាំង​ប្រទេស លោក Khan បាន​និយាយ​ថា បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​កំពុង​ផ្ដោត​លើ​ការ​ទប់ស្កាត់​ជំងឺ​នេះ​តាម​រយៈ​ការ​ដាក់​កំហិត​លើ​សេរីភាព​ដើរ​ហើរ និង​ការ​ដោះស្រាយ​ជាមួយ​នឹង​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ក្នុង​ពេល​តែ​មួយ។

លោក​បាន​បន្ត​ថា ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ទន់ខ្សោយ​ដូច​ប៉ាគីស្ថាន​ជា​ដើម បាន​រងគ្រោះ​ធ្ងន់ធ្ងរ​ដោយសារ​ការ​ដាក់​កំហិត​សេរីភាព​ដើរ​ហើរ​នេះ ដែល​បង្អាក់​ដល់​សកម្មភាព​សេដ្ឋកិច្ច ធ្វើ​ឲ្យ​អត្រា​អត់​ការងារ​ធ្វើ​កើន​ឡើង និង​បង្ក​ឲ្យ​មាន​ការ​ប្រឈម​ថ្មីៗ​ផ្សេង​ទៀត។

លោក Khan បាន​បន្ថែម​ថា ប្រទេស​អ្នក​មាន​មាន​គម្រោង​ក្នុង​ទឹក​ប្រាក់​រាប់​លាន​លាន​ដុល្លារ​ដើម្បី​ជួយ​សេដ្ឋកិច្ច ប៉ុន្តែ​ប៉ាគីស្ថាន និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ផ្សេង​ទៀត​មិន​អាច​ធ្វើ​ដូច្នេះ​បាន​ទេ៕