ប៉ាគីស្ថាន​មាន​ក្តី​កង្វល់​ក្រោយ​ពេល​សេត​វិមាន​ថ្លែង​​អំពី​ជម្រក​សុខ​សាន្ត​របស់ពួក​​ជន​សកម្ម​ប្រយុទ្ធ​

រូបឯកសារ៖ លោក​ Khurram Dastgir Khan ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ប្រទេស​នៃ​ប្រទេស ប៉ាគីស្ថាន​។

រដ្ឋមន្ត្រី​ក្រសួង​ការសពារ​ប្រទេស​ប៉ាគីស្ថាន​ បាន​សម្តែង​កង្វល់​អំពី​សេចក្តី​ថ្លែង​ការណ៍​មួយ​របស់​សេតវិមាន​ដែល​និយាយ​ថា ​កង​យោធា​ស.រ.អា.​បាន​ទទួល​អំណាច​ក្នុង​ការ​កម្ចាត់​កន្លែង​ជ្រក​កោន​សុខ​សាន្ត​របស់​ពួក​ជន​សកម្ម​ប្រយុទ្ធ​ក្នុង​ប្រទេស​ប៉ាគីស្ថាន។

សេចក្តី​ថ្លែងការណ៍​របស់​សេតវិមានត្រូវ​បានផ្សព្វផ្សាយ​នៅ​ក្នុង​សារ​អេឡិច​ត្រូនិច​មួយ​កាល​ពី​យប់​ជ្រៅ​ថ្ងៃ​អង្គារទៅ​ដល់​ពួក​អ្នក​កាសែត​ដោយ​បាន​រៀប​រាប់​សមិទ្ធិផល​ខាង​គោល​នយោបាយ​ការ​បរទេស​របស់​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ នៅ​ក្នុង​រយៈ​ពេល​ឆ្នាំ​ទី​មួយ​ដែល​គាត់​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិកាំង។

សេចក្តី​ថ្លែង​ការណ៍របស់​សេតវិមាន​បាន​សរសេរ​ថា​ «យុទ្ធសាស្ត្រស្តី​ពី​អាស៊ី​ខាង​ត្បូង​របស់​ប្រធានាធិបតី​ ត្រាំ​ ដែល​ផ្អែក​លើ​ស្ថានភាព​ផ្តល់​ឱ្យ​ពួក​មេ​បញ្ជាការ​នូវ​អំណាច​និង​ប្រភព​ធន​ធាន​ដែល​ពួក​គេ​ត្រូវ​ការដើម្បី​ធ្វើ​កុំ​ឱ្យ​ពួក​ភេរវជន​មាន​កន្លែង​ជ្រក​កោន​សុខសាន្ត​ដែល​ពួក​គេ​ស្វះ​ស្វែង​ឱ្យ​មាន​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ និង​ប្រទេស​ ប្រទេស​ប៉ាគីស្ថាន»។

នៅ​ក្នុង​សេចក្តី​សម្ភាសន៍​មួយ​ជា​មួយ​ផ្នែក​ផ្សាយ​ជា​ភាសា ​Urdu​ របស់​វីអូអេ លោក​ Khurram Dastgir Khan ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ប្រទេស​នៃ​ប្រទេសប៉ាគីស្ថាន​បាន​និយាយ​ថា​ លោក​ពិចារណា​ហ្មត់​ចត់​ណាស់​អំពី​សេចក្តី​ថ្លែង​ការណ៍​នេះ។​

លោក Dastgir​ បាន​និយាយថា៖ «យើង​ចង់​និយាយ​ដោយ​ច្បាស់ដល់​ស.រ.អា.​ថា​ប្រទេស​ប៉ាគីស្ថាន ជា​ប្រទេស​អធិបតេយ្យ​មួយ​ហើយ​គេ​ត្រូវ​តែ​គោរព​អធិបតេយ្យភាព​របស់​ប៉ាគីស្ថាន៕