នៅថ្ងៃទី១៥ ខែធ្នូ ប្រធានាធិបតីប៉ាគីស្ថានបានចុះហត្ថលេខាលើវិធានការថ្មីប្រឆាំងនឹងការរំលោភសេពសន្ថវៈ ដែលនឹងក្លាយទៅជាច្បាប់មួយដែលអនុញ្ញាតឱ្យពន្លឿនការកាត់ទោសនិងបន្ថែមការកាត់ទោសឲ្យកាន់តែធ្ងន់លើជនល្មើសរំលោភសេពសន្ថវៈ។
អនុក្រឹត្យឬបទបញ្ជាប្រធានាធិបតីតម្រូវឱ្យរដ្ឋាភិបាលបង្កើតតុលាការកូនកាត់ ដែលមាននីតិវិធីលឿននៅទូទាំងប្រទេស ដើម្បីកាត់ទោសលើរឿងក្តីរំលោភបំពានផ្លូវភេទលើស្ត្រីនិងកុមារ។ ខុទ្ទកាល័យរបស់លោកប្រធានាធិបតី Arif Alvi បាននិយាយថា តុលាការនេះនឹងត្រូវសម្រេចលើការកាត់ទោសជនសង្ស័យ ហើយត្រូវចេញដីកាសម្រេចក្នុងរយៈពេលពេល ៤ ខែ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា បទបញ្ជានេះអំពាវនាវឱ្យមានការកាត់ទោសយ៉ាងតឹងរ៉ឹង រួមទាំងការចាក់ធាតុគីមីសម្លាប់ប្រដាប់ភេទលើជនល្មើសដែលរកឃើញថាបានប្រព្រឹត្តបទល្មើសនេះម្តងហើយម្តងទៀត។ បទបញ្ជានេះក៏តម្រូវឱ្យបញ្ឈប់ការបង្ហាញអត្តសញ្ញាណរបស់ជនរងគ្រោះផងដែរ។
អនុក្រឹត្យនេះនឹងបង្កើត «អង្គភាពដោះស្រាយវិបត្តិប្រឆាំងអំពើរំលោភសេពសន្ថវៈ» ពិសេសនៅទូទាំងប៉ាគីស្ថាន សម្រាប់ការពារទាំងជនរងគ្រោះ និងសាក្សី។ អនុក្រឹត្យនេះសរសេរថា អង្គភាពដោះស្រាយវិបត្តិនេះនឹងទទួលខុសត្រូវលើការស៊ើបអង្កេត និងធ្វើកោសល្យវិច័យផ្នែកវេជ្ជសាស្ត្រលើជនរងគ្រោះក្នុងរយៈពេល ៦ ម៉ោង បន្ទាប់ពីមានបទល្មើស។
បញ្ជីឈ្មោះអ្នករំលោភបំពានផ្លូវភេទនៅទូទាំងប្រទេស ក៏នឹងត្រូវរក្សាទុកផងដែរ ដោយមានជំនួយពីអាជ្ញាធរគ្រប់គ្រងទិន្នន័យជាតិ។
បទបញ្ជាប្រធានាធិបតីនឹងមានអានុភាពជាធរមានក្នុងប្រទេសប៉ាគីស្ថាន រយៈពេល ១២០ ថ្ងៃ ហើយរដ្ឋាភិបាលត្រូវស្នើសុំការអនុម័តជាដាច់ខាតពីសភា ដើម្បីធ្វើឱ្យបទបញ្ជានេះក្លាយទៅជាច្បាប់អចិន្ត្រៃយ៍មួយ។
រហូតមកដល់ពេលនេះ ជនល្មើសរំលោភសេពសន្ថវៈដែលត្រូវបានកាត់ទោសប្រឈមមុខនឹងការជាប់ពន្ធនាគារ ២៥ ឆ្នាំ ឬទោសប្រហារជីវិត ខណៈដែលការរំលោភបូក ឬរំលោភជាក្រុមត្រូវកាត់ទោសប្រហារជីវិត ឬជាប់ពន្ធនាគារអស់មួយជីវិត។
ទោះជាយ៉ាងនេះក្តី អ្នកជំនាញផ្នែកច្បាប់និយាយថា ករណីបែបនេះនៅប៉ាគីស្ថានអាចនឹងចំណាយពេលរាប់ឆ្នាំដើម្បីកាត់ទោស ហើយជនល្មើសរំលោភសេពសន្ថវៈជារឿយៗគេចផុតពីការកាត់ទោស ដោយសារឥទ្ធិពលនយោបាយធ្វើឱ្យការស៊ើបអង្កេតរបស់ប៉ូលិសមានកំហុស។ លើសពីនេះ អំពើពុករលួយដែលមិនអាចគ្រប់គ្រងបាននៅក្នុងប្រព័ន្ធយុត្តិធម៌ថ្នាក់ក្រោម ក៏ជួយជនល្មើសរំលោភសេពសន្ថវៈឱ្យស្វែងរកដីកាសម្រេចដែលល្អសម្រាប់ខ្លួនផងដែរ។
ក្រុមអ្នករិះគន់និយាយថា ស្ថានភាពនេះបង្អាក់ទឹកចិត្តស្ត្រីមិនឱ្យស្វែងរកយុត្តិធម៌ ដោយសារតែការខ្លាចអាម៉ាស់មុខ ឬរងការមាក់ងាយពីប៉ូលិស ឬសូម្បីតែសាច់ញាតិរបស់ខ្លួននៅក្នុងសង្គមប៉ាគីស្ថានដែលសម្បូរអ្នកអភិរក្សនិយមមួយនេះ។
គណៈរដ្ឋមន្ត្រីរបស់លោកនាយករដ្ឋមន្ត្រី Imran Khan បានអនុម័តយល់ព្រមលើច្បាប់ថ្មីនេះកាលពីចុងខែវិច្ឆិកា ដើម្បីទប់ស្កាត់ឧប្បត្តិហេតុនៃការរំលោភស្ត្រី និងកុមារដែលកំពុងតែកើនឡើងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។
បទល្មើសរំលោភចុងក្រោយគេបង្អស់កើតឡើង នៅក្នុងខែកញ្ញា នៅពេលបុរស ២ នាក់បានរំលោភបូកលើស្ត្រីម្នាក់នៅពីមុខកូនៗរបស់នាង បន្ទាប់ពីរថយន្តរបស់នាងអស់សាំងនៅលើមហាវិថីដ៏ស្ងាត់មួយនៅក្បែរក្រុង Lahore នៅភាគខាងកើតនៃប្រទេស។ ប៉ូលិសបានតាមស្វែងរកនិងបានចាប់ខ្លួនជនល្មើសទាំងពីរនាក់នេះ។
ប៉ុន្តែកំហឹងរបស់សាធារណជនចំពោះឧប្បត្តិហេតុនេះបានធ្វើឱ្យលោកនាយករដ្ឋមន្ត្រី Khan សម្រេចចិត្តនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍មួយថា រដ្ឋាភិបាលរបស់លោកនឹងអនុម័ត «បទបញ្ជាប្រឆាំងអំពើរំលោភទាំងអស់ដោយលុបចោលនូវចន្លោះប្រហោងទាំងអស់» ក្នុងពេលឆាប់ៗ។ លោកនាយករដ្ឋមន្ត្រីក៏បានអំពាវនាវឱ្យការដាក់ទោសជាសាធារណៈលើជនល្មើសរំលោភសេពសន្ថវៈ និងការចាក់ធាតុគីមី ដើម្បីសម្លាប់ប្រដាប់ភេទរបស់ពួកគេ។
ទោះជាយ៉ាងនេះក្តី ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានស្រង់សម្តីរបស់រដ្ឋមន្ត្រីយុត្តិធម៌ប៉ាគីស្ថាន លោក Farogh Nasim ដោយបានថ្លែងថា «គំនិតនៃការចាក់ធាតុគីមីដើម្បីសម្លាប់ប្រដាប់ភេទត្រូវធ្វើឡើងក្នុងទម្រង់ស្តារនីតិសម្បទានិងជាកម្មវត្ថុនៃការយល់ព្រមពីអ្នកទោស» ដើម្បីឱ្យស្របទៅនឹងច្បាប់អន្តរជាតិ។
លោកបានបកស្រាយថា ប្រសិនបើអ្នកទោសមិនយល់ព្រមនោះទេ គេអាចនឹងត្រូវប្រឈមមុខតាមច្បាប់ និងអាចប្រឈមមុខនឹងទោសប្រហារជីវិត ការជាប់ពន្ធនាគារអស់មួយជីវិត ឬការជាប់ពន្ធនាគារ ២៥ ឆ្នាំ៕