ពួកប៉ូលិសនិងក្រុមអ្នកនយោបាយប្រឆាំងក្នុងប្រទេសប៉ាគីស្ថានបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថាភាគច្រើននៃក្រុមមេដឹកនាំគណបក្សនយោបាយធំបំផុតរបស់ប្រទេស គឺគណបក្សរបស់អតីតនាយករដ្ឋមន្ត្រីលោក Imran Khan និងក្រុមអ្នកគាំទ្រលោករាប់រយនាក់ត្រូវបានចាប់ខ្លួនឬកំពុងត្រូវតាមប្រមាញ់។
ការបង្ក្រាបនេះមានឡើងជាការឆ្លើយតបនឹងបាតុកម្មធំៗប្រកបដោយហិង្សានៅទូទាំងប្រទេសដឹកនាំដោយគណបក្សប្រឆាំងរបស់លោក Khan គឺគណបក្ស Pakistan Tehreek-e-Insaf ឬPTI តវ៉ាប្រឆាំងការចាប់ខ្លួនលោកកាលពីថ្ងៃអង្គារនៅខាងក្រៅសាលតុលាការមួយក្នុងរដ្ឋធានីអ៊ីស្លាមម៉ាបាដ។
ការប៉ះទង្គិចគ្នារវាងក្រុមបាតុករ មានរួមពួកបុរសនិងស្ត្រី និងក្រុមប៉ូលិសបាននាំឱ្យមនុស្សយ៉ាងតិចណាស់៨នាក់ស្លាប់និងបណ្តាលឱ្យមានមនុស្សច្រើននាក់ទៀតត្រូវរបួស។ ពួកប៉ូលិសបានការពារវិធានការចាប់ខ្លួនបាតុករ ដោយនិយាយថាការចាប់ខ្លួនជនទាំងនេះបានធ្វើឡើងដោយផ្អែកលើការចោទប្រកាន់ពីបទបំភ័យ កុបកម្មនិងការបំផ្លាញទ្រព្យសម្បត្តិរដ្ឋ។
អង្គការសិទ្ធិមនុស្ស Human Rights Watch បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថាពួកប៉ូលិសប៉ាគីស្ថាន«បានបាញ់លើក្រុមបាតុករនិងបានប្រើកម្លាំងហួសហេតុ»។
រដ្ឋាភិបាលចម្រុះរបស់លោកនាយករដ្ឋមន្ត្រី Shehbaz Sharif បានហៅពួកទាហានកាលពីយប់មិញឱ្យជួយប៉ូលិសរៀបចំឱ្យមានច្បាប់និងសណ្តាប់ធ្នាប់ក្នុងតំបន់មានចលាចលខ្លាំង មានរួមក្រុងអ៊ីស្លាមម៉ាបាដ និងខេត្តពីរ គឺខេត្ត Punjab ដែលមានប្រជារាស្ត្រច្រើនជាងគេនៅប៉ាគីស្ថាន និងខេត្តKhyber Pakhtunkhwa។
សឹងតែគ្មានការផ្សាយទាំងស្រុងតាមបណ្តាញផ្សាយព័ត៌មានអំពីបាតុកម្មដឹកនាំដោយគណបក្ស PTI លើទូរទស្សន៍រាប់សិបក្នុងក្រុង Islamabad និងជុំវិញក្រុងនេះ។ សេវាអ៊ីនធឺណិតចល័តនិងបណ្តាញព័ត៌មានសង្គម ដូចជា Twitter, Facebook, និង YouTube ជាដើមនៅតែត្រូវរឹតត្បិតនៅទូទាំងប្រទេសក្នុងថ្ងៃទីបីនៅថ្ងៃព្រហស្បតិ៍នេះ។
ការប៉ះទង្គិចគ្នាយូរៗម្តងបានកើតមានឡើងក្នុងផ្នែកខ្លះនៃក្រុងអ៊ីស្លាមម៉ាបាដនៅថ្ងៃព្រហស្បតិ៍នេះ ដោយផ្លូវធំៗចូលក្នុងក្រុងនេះត្រូវពួកប៉ូលិសបិទ។ បើតាមអ្នកស្រុកនិងប៉ូលិសថាអាជ្ញាធរក្នុងក្រុង Lahore ទីរួមខេត្ត Punjab បានរាំងខ្ទប់ផ្នែកភាគច្រើននៃក្រុងនេះ៕
អាជ្ញាធរប៉ាគីស្ថានបង្ក្រាបគណបក្សរបស់អតីតនាយករដ្ឋមន្ត្រីលោក Khan នៅពេលមានបាតុកម្មដ៏ប្រល័យ
ក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន —