គ្រូបង្រៀនម្នាក់នៅខេត្តប៉ៃលិនបានបន្តរត់គេចខ្លួនបន្ទាប់ពីបណ្តឹងសាទុក្ខរបស់លោកក្នុងសំណុំរឿងចោទប្រកាន់ញុះញង់តាមបណ្តាញសង្គមហ្វេសប៊ុកត្រូវបានសាលាឧទ្ធរណ៍ខេត្តបាត់ដំបងច្រានចោលកាលពីខែកញ្ញា។
តុលាការខេត្តប៉ៃលិនបានកាត់ទោសលោក យួង សូដា ដោយកំបាំងមុខឲ្យជាប់ពន្ធនាគារមួយឆ្នាំពីបទញុះញង់ពាក់ព័ន្ធនឹងការអត្ថាធិប្បាយតាមបណ្តាញសង្គមហ្វេសប៊ុកអំពីសំណង់ស្តូបអនុស្សាវរីយ៍មិត្តភាពកម្ពុជាវៀតណាម ដែលត្រូវបានសាងសង់មួយដែរនៅក្នុងខេត្តប៉ៃលិនកាលពីពេលកន្លងទៅ។
បើតាមសាលក្រមរបស់សាលាដំបូងខេត្តប៉ៃលិនប្រកាសជាសាធារណៈកាលពីថ្ងៃទី៩ ខែមេសា លោក យួង សូដាអាយុ២៣ឆ្នាំត្រូវបានចោទប្រកាន់តាមមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌពីបទ«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ប្រព្រឹត្តនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២០។
ក្រោយមកលោក យួង សូដា អតីតគ្រូបង្រៀននៅសាលាបឋមសិក្សាអូរខ្ទីងមាសក្នុងសង្កាត់ អូរតាវ៉ៅខេត្តប៉ៃលិន បានប្តឹងជំទាស់នឹងការកាត់ទោសដោយកំបាំងមុខនេះ ទៅសាលាឧទ្ធរណ៍ខេត្តបាត់ដំបងក៏ប៉ុន្តែការប្តឹងសាទុក្ខរបស់លោកមិនបានជោគជ័យ។
លោក យួង សូដា ដែលបានបាត់បង់អាជីពជាគ្រូដោយសារក្តីក្តាំងខាងលើ ហើយអះអាងថាកំពុងលាក់ខ្លួននៅទីមានសុវត្ថិភាពមួយឆ្ងាយពីខេត្តប៉ៃលិនបានចាត់ទុកថាការកាត់ទោសលើរូបលោក ទំនងជាការធ្វើទុក្ខបុកម្នេញតាមផ្លូវតុលាការមកលើអ្នកដែលមានទស្សនៈផ្ទុយនឹងរដ្ឋាភិបាល។
លោកប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា៖ «បើតាមការយល់ឃើញរបស់ប្អូនប្អូនគិតថាទំនងជាចេតនាមួយដែរនៅក្នុងការទប់ស្កាត់មិនឲ្យប្អូន ឬក៏យុវជនដទៃទៀត គ្រូបង្រៀនដទៃទៀតឬក៏ពលរដ្ឋដទៃទៀតដើម្បីធ្វើការរិះគន់លើបញ្ហាសង្គមជាតិ»។
សាលាឧទ្ធរណ៍ខេត្តបាត់ដំបង កាលពីចុងខែកញ្ញាឆ្នាំ២០២១បានប្រកាសជាសាធារណៈនូវសាលដីកាដែលបន្តតម្កល់សាលក្រមរបស់សាលាដំបូងខេត្តប៉ៃលិនទុកជាបានការក្រោយការជំនុំជម្រះមួយដែលមិនមានវត្តមានរបស់ជនជាប់ចោទ។ នេះបើតាមសាលដីការបស់សាលាឧទ្ធរណ៍ខេត្តបាត់ដំបង ចុះថ្ងៃទី២៨ ខែកញ្ញាដែលវីអូអេបានទទួលកាលពីពេលថ្មីៗនេះ។
បើតាមសាលដីការបស់តុលាការ ការអធិប្បាយតាមគណនីហ្វេសប៊ុកឈ្មោះ Young So Da មួយត្រូវបានគេដកស្រង់ខ្លឹមសារតាមសំណេរដើមថា៖«សូមឲ្យស្មារតីជាតិនិយមកាន់តែរឹងមាំឡើង! សូមឲ្យព្រលឹងតស៊ូសណ្ឋិតក្នុងរាងកាយខ្មែរគ្រប់រូប! ដោយក្តីគោរពស្រលាញ់ពីខ្ញុំ យួង សូដា»។
លោក យួង សូដា បានប្រាប់វីអូអេបន្ថែមថាការអធិប្បាយរបស់លោកលើបញ្ហាសំណង់ស្តូបមិត្តភាពអនុស្សាវរីយ៍កម្ពុជាវៀតណាមនោះគ្រាន់តែជាផ្នែកនៃការបង្ហាញយោបល់និងកង្វល់របស់ពលរដ្ឋទាក់ទងនឹងសំណង់ស្តូបដែលត្រូវបានកសាងនៅស្ទើរពេញទូទាំងប្រទេស។
លោកយល់ថាការស្ថាបនាសំណង់បែបនេះនឹងបង្ហាញថាកម្ពុជាកំពុងស្ថិតក្រោមឥទ្ធិពលប្រទេសវៀតណាមនិងបន្តដឹងគុណដល់ប្រទេស ដែលលោកថាកម្របង្ហាញការដឹងគុណរបស់ខ្លួនមកកម្ពុជា ដែលបានជួយប្រទេសនេះបញ្ចប់ជម្លោះយោធាផ្ទៃក្នុងមួយផ្នែកកាលពីអតីតកាល។
អ្នកការពារសិទ្ធិមនុស្សបានរិះគន់ថាតុលាការច្រើនតែប្រើប្រាស់មាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌដើម្បីមកបំបិទសំឡេងមតិរិះគន់រដ្ឋាភិបាលឬបុគ្គលដែលមាននិន្នាការទៅរកគណបក្សជំទាស់។
នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូលោក អំសំអាតថ្លែងថាការនិយាយពីស្តូបមិត្តភាពកម្ពុជាវៀតណាមរបស់លោក យួង សូដាអាចធ្វើឲ្យអាជ្ញាធរមូលដ្ឋានមានការអាក់អន់ស្រពន់ចិត្ត។
ទោះយ៉ាងណាលោកចង់ឃើញនូវការអត់ធ្មត់របស់មន្ត្រីរាជការសាធារណៈ ហើយសិក្សាពីចរិតនៃការបញ្ចេញយោបល់របស់បុគ្គលណាមួយថាពិតជាមានធាតុផ្សំនៃបទល្មើសឬយ៉ាងណាមុននឹងឈានទៅចាត់វិធានការច្បាប់។
លោកប្រាប់វីអូអេថា៖ «ដូចករណីនេះក្រោយពីគាត់មានការបញ្ចេញមតិឬក៏យោបល់តាមប្រព័ន្ធបណ្តាញសង្គមរបស់គាត់មកវាអត់មានបាតុភាពអីកើតឡើងដែរទេ»។
អ្នកនាំពាក្យសាលាឧទ្ធរណ៍ខេត្តបាត់ដំបង លោកស្រី ទៀង សំបូរ បានបដិសេធមិនផ្តល់ការអត្ថាធិប្បាយដោយថាមានធុរៈប្រជុំ។
រដ្ឋលេខាធិការក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន លើកឡើងថាលោកយួង សូដាអាចបន្តការពារសិទ្ធិរបស់គាត់បានទៅតាមនីតិវិធីបន្ទាប់ទៀតក្រោយពីសាលាឧទ្ធរណ៍រក្សាការចោទប្រកាន់របស់តុលាការខេត្តប៉ៃលិន។
លោកថ្លែងថា៖ «អាហ្នឹងជាការសម្រេចរបស់តុលាការ អ៊ីចឹងគាត់ត្រូវចូលរួមទៅតាមនីតិវិធីហើយការពារសិទ្ធិរបស់គាត់តាមផ្លូវច្បាប់ទៅ។ បើគាត់យល់ថាទង្វើសកម្មភាពរបស់គាត់ជាការអនុវត្តសិទ្ធិប៉ុន្តែសមត្ថកិច្ចគេរកឃើញថាវាមិនមែនជាការអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិវាជាជាបទល្មើសដោយផ្អែកលើអង្គហេតុនិងអង្គច្បាប់»។
គួរបញ្ជាក់ថា ការនិយាយស្តីបញ្ហាមួយចំនួនពាក់ព័ន្ធនឹងប្រទេសវៀតណាមជារឿយៗត្រូវបានមើលឃើញថាបានរងការឆ្លើយតបមកវិញពីអាជ្ញាធរកម្ពុជាតាមផ្លូវតុលាការតួយ៉ាងដូចករណីលោក រ៉ុង ឈុន មេដឹកនាំសហជីពមួយរូបដែលកំពុងជាប់ក្នុងពន្ធនាគារក្រោយលោករិះគន់ការបោះបង្គោលព្រំដែនកម្ពុជាវៀតណាមនៅខេត្តត្បូងឃ្មុំ កាលពីខែកក្កដាឆ្នាំ២០២០៕