តម្លៃស្រូវបានចាប់ផ្តើមចុះថ្លៃបន្តិច បង្កជាក្តីព្រួយបារម្ភបន្ថែមទៀតដល់កសិករកម្ពុជា ខណៈពួកគេកំពុងខ្វះខាតទឹកសម្រាប់ធ្វើស្រែប្រាំង ចាប់តាំងពីចុងឆ្នាំ ២០២៣ មក។
ប្រជាកសិករខ្មែរបានសម្រុកធ្វើស្រែប្រាំងចាប់តាំងពីចុងឆ្នាំ ២០២៣ ជាមួយក្តីសង្ឃឹមថា តម្លៃស្រូវនៅបន្តខ្ពស់ដូចកាលពីឆ្នាំមុន។
អ្នកស្រី ចៀន សាវ៉ាន អាយុ ៣៣ ឆ្នាំ កសិករធ្វើស្រែនៅស្រុកសំពៅមាស ខេត្តពោធិ៍សាត់ ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា រយៈពេលប៉ុន្មានថ្ងៃនេះ តម្លៃស្រូវថយចុះពីតម្លៃ ១១៤០ រៀលក្នុងមួយគីឡូក្រាម មកត្រឹម ៩០០ រៀលតែប៉ុណ្ណោះ។ អ្នកស្រីបារម្ភថា តម្លៃនេះនឹងបន្តធ្លាក់ចុះនៅពេលខាងមុខទៀត។
អ្នកស្រីថ្លែងថា៖ «កិច្ចការបារម្ភគេឱ្យចុះ[យើង]មិនដឹងធ្វើម៉េច? ឮសូរគេថាគេទម្លាក់តម្លៃឱ្យនៅត្រឹម ៧០០ រៀលទៀត។ បើស្រូវនៅតែធ្លាក់ថោកអ៊ីចឹង ខ្ញុំថាប្រហែលជាចំណាយមិនគ្រប់ទេ ព្រោះអីម្នាក់ៗចំណាយច្រើនដែរលើថ្នាំ លើជី។ បើស្រូវនៅតែប៉ុណ្ណឹង ដឹងតែខាតហើយ ទិញបាញ់ម្តងៗ ម្ភៃសាមសិបម៉ឺនអីបាញ់មិនគ្រប់ផង»។
ពលរដ្ឋម្នាក់ទៀតក្នុងខេត្តពោធិ៍សាត់ដែរ អ្នកស្រី ឌឹម យីម អាយុ ៣៨ ឆ្នាំ ប្រាប់វីអូអេថា ស្រូវរបស់អ្នកស្រីប្រមាណ ៥ ហិកតាស្វិតអស់ ដោយសារមិនមានទឹកស្រោចស្រព។ អ្នកស្រីថា បើសិនជាតម្លៃស្រូវបន្តធ្លាក់ថ្លៃ នោះវានឹងធ្វើឱ្យអ្នកស្រីខាតបង់ច្រើនទៀត។
អ្នកស្រីថ្លែងថា៖ «ខ្ញុំធ្វើតើ តែអត់បានច្រូតផងស្វិតអស់ហើយ អត់មានទឹក ទឹកវាផុតផើយ ព្រោះទឹកគេចែកវេនគ្នាបូមអ៊ីចឹងទៅយើងវាអត់មានទឹកបូម»។
បើតាមកសិកររូបនោះ តម្លៃស្រូវបានធ្លាក់ចុះមកនៅត្រឹម ៨០០ រៀលក្នុងមួយគីឡូក្រាមដែលខុសពីខែមុន តម្លៃស្រូវប្រមាណបាន ១១១០ រៀល។
អ្នកស្រីបន្ថែមថា៖ «ខ្ញុំគ្រាន់តែសូមសំណូមពរថាស្រូវបើនៅនឹង តម្លៃត្រឹមតែ ១០០០ ឬក៏ ១១០០ យើងអាចទប់ទល់បាន។ បើដល់ធ្លាក់ខ្លាំងពេកយើងទប់ទល់អត់បាន ជីផង ប្រេងផង ថ្នាំផង»។
លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា ស្រូវដែលប្រជាពលរដ្ឋបានធ្វើភាគច្រើនគឺសម្រាប់នាំចេញទៅប្រទេសវៀតណាម។ លោកបន្ថែមថា មូលហេតុដែលនាំឱ្យតម្លៃស្រូវថយចុះ ក៏ដោយសារតែឥឡូវនៅវៀតណាមក៏កំពុងប្រមូលផលស្រូវដូចគ្នា។
លោកបញ្ជាក់ថា៖ «តម្រូវការដែលស្រូវភាគីច្រើនដែលកសិករគាត់ធ្វើហ្នឹង គាត់ធ្វើសម្រាប់នាំចេញទោវៀតណាម។ ខាងវៀតណាមគាត់កំពុងតែប្រមូលផលដែរ អ៊ីចឹងវារៀងចាល់ទល់គ្នា ព្រោះស្រូវពូជដែលកសិករដាំភាគច្រើនសម្រាប់គោលដៅនាំចេញ»។
លោក លន់ យ៉េង បញ្ជាក់ថា តម្លៃស្រូវឡើងឬចុះអាស្រ័យលើការបញ្ជាទិញច្រើនឬតិចពីក្រៅប្រទេស។
វីអូអេពុំទាន់អាចសុំការអត្ថាធិប្បាយពីកញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្មបាននៅឡើយទេ។
ប្រជាកសិករមួយចំនួនក្នុងខេត្តពោធិ៍សាត់ធ្លាប់លើកឡើងថា ពួកគេបានបង្កើនការដាំដុះស្រូវបន្ថែមទៀតនារដូវប្រាំង ដោយសារតែមើលឃើញពីការកើនឡើងតម្លៃស្រូវ ដែលមានតម្លៃយ៉ាងតិច ១៣០០ រៀល ក្នុងមួយគីឡូក្រាម។ នេះជាតម្លៃស្រូវខ្ពស់មួយដែលកសិករអះអាងថា មិនដែលមានក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ។
កាលពីដើមខែមករា រដ្ឋបាលខេត្តពោធិ៍សាត់បានចេញសេចក្តីណែនាំឱ្យប្រជាកសិករផ្អាកការបង្កបង្កើនផលស្រូវក្នុងរដូវប្រាំង ដោយថា ប្រជាកសិករបាននាំគ្នាធ្វើស្រែប្រាំងកើនឡើងផ្ទៃដីជិតពីរដងនៃផែនការប្រើប្រាស់ទឹក ដែលមានន័យថា ទឹកក្នុងស្ទឹង និងប្រឡាយមិនអាចផ្គត់ផ្គង់គ្រប់គ្រាន់៕