ប្រធានាធិបតីអាមេរិកលោក Joe Biden សមភាគីចិនលោក Xi Jinping នាយករដ្ឋមន្រ្តីជប៉ុន លោក Yoshihide Suga និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ស្ថិតក្នុងចំណោមមេដឹកនាំបណ្តាប្រទេសនៅតាមបណ្តោយឆ្នេរមហាសមុទ្រប៉ាស៊ីហ្វិក ដែលពិភាក្សាគ្នាអំពីយុទ្ធសាស្ត្រជួយឲ្យសេដ្ឋកិច្ចងើបឡើងវិញពីជំងឺកូវីដ១៩។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី Jacinda Ardern នឹងធ្វើជាប្រធានកិច្ចប្រជុំមេដឹកនាំពិសេសនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកដែលមានសមាជិក២១ប្រទេសនៅថ្ងៃសុក្រនេះ។ ប៉ុន្តែគោលនយោបាយកិច្ចការទូត ជំងឺរាតត្បាត និងការចាក់វ៉ាក់សាំង គឺជាប្រធានបទមានការខ្វែងគំនិតគ្នាក្នុងចំណោមសមាជិកនៃវេទិកានេះដែលនិយាយថា គោលដៅចម្បង គឺគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងវិបុលភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
សេចក្តីថ្លែងការណ៍របស់សេតវិមានបានបញ្ជាក់ថា លោក Biden បាននិយាយតាមទូរស័ព្ទជាមួយលោកស្រី Ardern នៅថ្ងៃសុក្រ មុនការចាកចេញរបស់មេដឹកនាំ ហើយបានពិភាក្សាអំពីចំណាប់អារម្មណ៍របស់សហរដ្ឋអាមេរិកក្នុងការថែរក្សាតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកជាតំបន់សេរីនិងបើកចំហ។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ទៀតថា «ពួកអស់លោកក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងការចូលរួមរបស់យើងជាមួយបណ្តាប្រទេសដែនកោះនៅប៉ាស៊ីហ្វិកដែរ»។
រដ្ឋបាលលោក Biden បានយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តនៅតំបន់ប៉ាស៊ីហ្វិកតាំងពីចាប់ផ្តើមរដ្ឋបាលរបស់លោក។
សកម្មភាពការទូតលេចធ្លោដំបូងគេមួយរបស់លោកក្នុងនាមជាប្រធានាធិបតី គឺរៀបចំកិច្ចប្រជុំកំពូលតាមអនឡាញជាមួយមេដឹកនាំក្រុម Quad ដែលមានអូស្ត្រាលី ឥណ្ឌានិងជប៉ុន និងស.រ.អា.ដែលជាក្រុមស្នូលក្នុងកិច្ចប្រឹងប្រែងរបស់លោកប្រឆាំងនឹងអំណាចយោធា និងសេដ្ឋកិច្ចដែលកំពុងកើនឡើងរបស់ប្រទេសចិន៕
អ្នកនិពន្ធព័ត៌មាន Associated Press គឺ Aamer Madhani នៅទីក្រុង Chicago និង Mari Yamaguchi នៅទីក្រុងតូក្យូ បានចូលរួមចំណែកក្នុងសេចក្តីរាយការណ៍នេះ