សាកល​វិទ្យាល័យ​ Oxford ​បញ្ជាក់​ថា​ វ៉ាក់សាំង​ក្រុមហ៊ុន​ AstraZeneca​ កាត់បន្ថយ​ការចម្លង​វីរុស​កូរ៉ូណា

រូបឯកសារ៖ បុគ្គលិកសុខាភិបាលម្នាក់កំពុងរៀបចំវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ផលិតដោយក្រុមហ៊ុនឱសថ AstraZeneca​ សហការជាមួយសាកលវិទ្យាល័យ Oxford នៅមន្ទីរពេទ្យ Princess Royal ក្នុងក្រុង Haywards Heath អង់គ្លេស កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២១។

វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ ដែល​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ឱសថ​ AstraZeneca​ ដោយ​សហការ​ជាមួយ​សាកល​វិទ្យាល័យ ​Oxford​ របស់​ប្រទេស​អង់គ្លេស​ អាច​កាត់បន្ថយ​ការចម្លង​វីរុសបាន​ចំនួន​ ២ ​ភាគ​ ៣។ នេះ​បើតាម​ការសិក្សា​ស្រាវជ្រាវ​មួយ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយសាកលវិទ្យាល័យ​ Oxford​ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ។

ការសិក្សា​នោះនៅ​មិន​ទាន់​បាន​ត្រួត​ពិនិត្យ​នៅឡើយ​ពី​ក្រុមអ្នក​ជំនាញ​ដូច​គ្នា ប៉ុន្តែ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​អង់គ្លេសលោក Matt Hancock បាន​គូស​បញ្ជាក់​ប្រាប់​ទូរទស្សន៍​ BBC​ ពី​ការរក​ឃើញ​នេះ​ថា​ជា​ «ព័ត៌មាន​ល្អមួយ»។​

«នេះ​ជា​ការបង្ហាញឲ្យ​ពិភពលោក​ដឹង​ថា លទ្ធផល​ការងារ​របស់​សាកល​វិទ្យាល័យ ​Oxford មាន​ប្រសិទ្ធភាព​ខ្ពស់»។ នេះ​បើ​តាម​ការលើក​ឡើង​របស់រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​អង់គ្លេស​រូប​នេះ។​

វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ របស់​ក្រុមហ៊ុន​នេះ​បាន​រង​ការរិះ​គន់ពី​ប្រទេស​មួយ​ចំនួន​ក្នុង​ទ្វីប​អឺរ៉ុប​ក្នុង​ពេល​ថ្មីៗ​នេះ​ ដោយ​មន្ត្រីអឺរ៉ុប​មួយ​ចំនួនបង្ហាញ​ពី​ការព្រួយ​បារម្ភពីកង្វះខាតទិន្នន័យ​ ជុំវិញ​ប្រសិទ្ធភាពនៃ​ការប្រើ​ប្រាស់វ៉ាក់សាំង​បង្ការ​នេះទៅ​លើ​មនុស្ស​ចាស់​ដែល​មាន​អាយុ​ច្រើន។​

ក្រុម​ប្រឹក្សា​ផ្តល់​យោបល់សុខភាពជាន់​ខ្ពស់​ក្នុង​ប្រទេស​បារាំងលើក​ឡើង​ថា​ វ៉ាក់សាំង​បង្ការ​របស់​ក្រុមហ៊ុន​ AstraZeneca​ ដែល​សហការ​ផលិត​ជាមួយសាកលវិទ្យាល័យ​ Oxford ​នេះ​គួរ​ត្រូវ​ប្រើ​ជា​មួយ​តែក្រុម​មនុស្ស​ដែល​មាន​អាយុ​ក្រោម ​៦៥ ​ឆ្នាំតែ​ប៉ុណ្ណោះ។​

ដោយ​ឡែក​ ក្នុង​ប្រទេស​បែលហ្សិក​វិញ​ រដ្ឋាភិបាលនិយាយ​ថា​ខ្លួននឹង​ប្រើប្រាស់​វ៉ាក់សាំង​បង្ការ​នេះ​តែ​ជាមួយ​ក្រុម​មនុស្ស​ដែល​មាន​អាយុ​ក្រោម​ ៥៥​ ឆ្នាំ​តែ​ប៉ុណ្ណោះ៕