សំឡេងរទេះគោ និងអ្នកបររទេះបានលាន់ឮរំពងក្នុងទីស្រែមួយកន្លែងក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ មានរទេះសាឡីចំនួន ២៦គូប្រកួត ឬ ៥២នឹមបានចូលរួមប្រកួតប្រជែងកាលពីព្រឹកថ្ងៃអាទិត្យ ដើម្បីចូលរួមថែរក្សា និងបង្ហាញពីគុណប្រយោជន៍របស់រទេះគោខ្មែរ និងសត្វគោដែលជាសត្វពាហនៈដ៏ចម្បងក្នុងវិស័យកសិកម្ម។
ម្ចាស់រទេះគោសាឡី និងអ្នកស្រឡាញ់ ការប្រណាំងរទេះគោរាប់រយនាក់ បានមកប្រមូលផ្តំគ្នាតាំងពីព្រឹកថ្ងៃអាទិត្យ នៅទីស្រែមួយក្នុងឃុំរលាំងគ្រើល ស្រុកសំរោងទង ខាងលិចរាជធានីភ្នំពេញ ដើម្បីបង្ហាញពីសមត្ថភាពរបស់សត្វគោខ្លួន និងចូលរួមប្រណាំងអបអរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ អ្នករៀបចំនិងចូលរួមកម្មវិធី «ប្រណាំងរទេះសាឡីគោលឿន»នេះ សង្ឃឹមថា នឹងអាចជួយរក្សាវប្បធម៌និងជួយអភិរក្សរទេះគោខ្មែរ រួមទាំងការប្រើប្រាស់សត្វគោក្នុងវិស័យកសិកម្ម។
លោក ស្រ៊ូយ សំរឹទ្ធ មកពីឃុំរកាកោះស្រុកគងពិសី បញ្ជាក់ថា ការចូលរួមប្រណាំងរទេះនេះគឺដើម្បីចូលរួមរក្សាប្រពៃណីនិងទំនៀមទម្លាប់ខ្មែរដែលធ្លាប់ធ្វើតាំងពីបុរាណ្យរៀងមក។ បុរសវ័យ៣៧ ដែលប្រើប្រាស់រទេះគោនិងសត្វគោជាប្រចាំ ដើម្បីការងារកសិកម្មរបស់ខ្លួន និងភ្ជួររាស់ដីស្រែជាង ៣ហិកតា បញ្ជាក់ប្រាប់ VOA ថា លោកចូលចិត្តប្រើប្រាស់សត្វគោជាជាងគោយន្ត៖
«អត់ប្រើ់ទេគោយន្ត! ព្រោះប្រើអានេះវាចំណេញបានអាចម៍ក៏បានចាក់ស្រែ វាចំណេញគ្រប់កន្លែង។ បើគោយន្តអត់ប្រើទេ ព្រោះប្រើចប់បាន២ឆ្នាំ ៣ឆ្នាំមានតែថ្លឹង ថ្លឹងគីឡូលក់អ៊ីចឹងទៅ»។
រទេះសាឡីគឺជា រទេះម្យ៉ាង ដែលមានរាងតូចស្រាល និងធ្លាប់ទទួលបានការពេញនិយមសម្រាប់ពលរដ្ឋខ្មែរកាលពីបុរាណ ក្នុងប្រើប្រាស់ជាយាន្តជំនិះ ដោយទឹមជាមួយនឹងសត្វពាហៈនៈ។ សត្វគោឬក្របី គឺជា សត្វដែលពលរដ្ឋខ្មែរមួយភាគធំ ប្រកបរបរកសិកកម្ម និងធ្វើស្រែ ចូលចិត្តចិញ្ចឹមនិងប្រើប្រាស់ក្នុងការធ្វើស្រែចម្ការរបស់ខ្លួន។ បើទោះជាការប្រើប្រាស់គ្រឿងចក្រត្រូវបានយកមកជំនួសឱ្យសត្វទាំងនេះក៏ដោយ ក៏ពលរដ្ឋខ្មែរមួយផ្នែកធំនៅតែពេញនិយមចិញ្ចឹមគោនិងក្របីដើម្បីជាប្រយោជន៍ផ្សេងៗ។
អង្គុយលើរទេះគោសាឡី ដោយដៃម្ខាងកាន់ជាប់ខ្សែគោយ៉ាងណែននិងម្ខាងទៀតកាន់ជន្លួញ លោក សិត ភារុណ អ្នកប្រណាំងរទេះគោ ម្នាក់ទៀតមកពីស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក៏យល់ដូចលោក ស្រ៊ូយ សំរឹទ្ធដែរថា ការប្រើប្រាស់សត្វគោគឺ វាងាយស្រួលសម្រាប់រូបលោកជាជាងគោយន្ត។
កសិករវ័យ៤៥ឆ្នាំរូបនេះបង្ហាញថា លោកធ្លាប់មានប្រវត្តិដ៏ច្រើនជាមួយសត្វគោតាំងពីវ័យកុមារ៖
«ខ្ញុំតាំងពីតូចមក ខ្ញុំចេញពីរៀនខ្ញុំដឹកគោឃ្វាលគោព្រោះឪពុកខ្ញុំគាត់អ្នកលក់ដូរគោ ហើយខ្ញុំស្រលាញ់គោ តែគោណាស្អាតៗទេ»។
នេះគឺជាលើកទី៥ហើយដែលខេត្តកំពង់ស្ពឺបានប្រារព្ធពិធីប្រណាំងរទេះគោ ក្នុងគោលបំណងជួយរក្សាប្រពៃណីវប្បធម៌ និងលើកកម្ពស់ការប្រើប្រាស់គោក្នុងវិស័យកសិកម្ម។ ការប្រណាំងរទេះសាឡីគោឆ្នាំនេះមានចំនួនច្រើនជាងឆ្នាំទៅមិញចំនួន៣គូ។ លោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌ខេត្តកំពង់ស្ពឺ បញ្ជាក់ថា ក្នុងចំណោមរទេះគោដែលចូលរួមទាំង២៦គូ ក៏មានរទេះសាឡីគោលឿន២គូមកពីរាជធានីភ្នំពេញ និង៧គូទៀតមកពីខេត្តកណ្តាល។
អភិបាលខេត្តរងនៃខេត្តកំពង់ស្ពឺ លោក សរ សុពុត្រា ដែលចូលរួមក្នុងកម្មវិធីប្រណាំងរទេះគោនេះ ថ្លែងថា បើទោះជាពលរដ្ឋកម្ពុជាមួយចំនួនធំបានផ្លាស់ប្តូរមកប្រើប្រាស់គោយន្តដើម្បីជួយក្នុងការងារកសិកម្មរបស់ខ្លួនក៏ដោយ ក៏ពលរដ្ឋខ្មែរនៅតែចងចាំនិងរក្សាប្រពៃណីទំនៀមទម្លាប់នៃការប្រើប្រាស់រទេះសាឡីនេះ៖
«ពិធីប្រណាំងរទេះសាឡីគោលឿនព្រឹកនេះពិតជាបានបង្ហាញឱ្យឃើញនូវលក្ខណៈជឿនលឿននិងលក្ខណៈដ៏ល្អប្រពៃរបស់ប្រជាពលរដ្ឋកម្ពុជា ដែលបាននៅតែបន្តរក្សាយ៉ាងគង់វង្សនិងស្ថិតស្ថេរបំផុតនូវទំនៀមទម្លាប់ ប្រពៃណីពីបរមបុរាណរបស់យើង»។
ខណៈការប្រណាំងរទេះគោនៅតែបន្ត ពលរដ្ឋជាច្រើនរយនាក់បានឈរ និងអង្គុយមើលការប្រកួតបររទេះនេះ ក្រោមកម្ដៅថ្ងៃនៃខែចេត្រដោយយកចិត្តទុកដាក់។
លោកស្រី ធាង សម្បូរ ដែលរស់នៅភូមិក្បែរនោះប្រាប់ VOA ថា លោកស្រីចូលចិត្តទស្សនាការប្រណាំងនេះ ព្រោះវាគួរឱ្យចាប់អារម្មណ៍។ ស្ត្រីវ័យ៣២ឆ្នាំរូបនេះបន្តថា អ្នកភូមិមួយចំនួននៅប្រើប្រាស់និងចិញ្ចឹមសត្វគោក្របីដោយវាបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់របរកសិកម្មរបស់ពួកគេ។
លោកស្រីលើកពីកត្តាកង្វះការផលិតចំបើងនៅពេលគេប្រើគោយន្តព្រោះគេមិនត្រូវការស្ទូង មកពន្យល់ថា៖
«ឥឡូវមានគោយន្តដែរ ប៉ុន្តែគេនៅមួយៗ គេធ្វើស្រែ ដូចថា គេធ្វើស្រែគេស្ទូងអ៊ីចឹង អ្នកគេប្រើគោយន្តប្រើគោយន្តអ៊ីចឹង អ្នកប្រើគោប្រើគោខ្លះអ៊ីចឹងណា! ជួនកាលគេអត់ចង់ប្រើគោយន្តអ៊ីចឹងព្រោះវាអត់មានចំបើងឱ្យគោស៊ី គេនៅតែប្រើគោសម្រាប់ភ្ជួរសម្រាប់ដាស់ ដើម្បីយកចំបើងឱ្យគោគេស៊ីអ៊ីចឹង»។
ទោះការប្រណាំងរទេះសាឡីគោលឿននេះត្រូវបានបញ្ចប់នៅមុនថ្ងៃត្រង់ក្នុងថ្ងៃដដែលក៏ដោយ ក៏ពលរដ្ឋខ្មែរនៅតែចងចាំគុណតម្លៃនៃរទេះសាឡី និងសត្វពាហនៈក្នុងវិស័យកសិកម្ម៕