សកម្មជនសិទ្ធិមនុស្សក្រៅប្រទេសកំពុងធ្វើសកម្មភាពទាមទារឲ្យមានការបោះឆ្នោតជាតិដោយសេរីនិងត្រឹមត្រូវនៅប្រទេសកម្ពុជាក្នុងពេលខាងមុខតាមអនុសាសន៍របស់អង្គការសហប្រជាជាតិ ហើយបើមិនដូច្នោះទេគឺពួកគេយល់ថា ត្រូវតែពន្យារពេលសិន។
យុទ្ធនាការបញ្ចុះបញ្ចូលនេះធ្វើឡើងតាមរយៈការជួបដោយផ្ទាល់និងតាមអនឡាញជាមួយនឹងអ្នកតាក់តែងច្បាប់ មន្ត្រីរដ្ឋាភិបាល សហជីព អង្គការជំនួយមនុស្សធម៌នានារបស់សហរដ្ឋអាមេរិក អ្នកការទូតបរទេសនិងអង្គការសហប្រជាជាតិ។
ការណ៍នេះដោយសារតែអ្នករាយការណ៍ពិសេសសិទ្ធិមនុស្សអង្គការសហប្រជាជាតិលោក Vitit Muntarbhorn បានផ្តល់អនុសាសន៍ចំនួន១០ចំណុចកាលពីខែសីហាឆ្នាំ២០២២បន្ទាប់ពីដំណើរទស្សនកិច្ចការងាររបស់លោកលើកទី១នៅប្រទេសកម្ពុជាហើយលោកបានទទូចឱ្យរដ្ឋាភិបាលកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនអនុវត្តតាមដើម្បីកែលម្អនិងលើកកម្ពស់ស្ថានភាពសិទ្ធិមនុស្សដែលបានធ្លាក់ចុះជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៧មក។
អនុសាសន៍ទាំងនោះរួមមានការកែលម្អស្ថានភាពសិទ្ធិមនុស្ស សិទ្ធិដីធ្លី បើកទូលាយលំហស៊ីវិល និងនយោបាយ និងត្រួសត្រាយផ្លូវសម្រាប់កំណែទម្រង់តាមបែបប្រជាធិបតេយ្យ។
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្សរូបនេះបានបន្ថែមនៅពេលនោះថាប្រទេសកម្ពុជាសម្រេចបានវឌ្ឍនភាពជាច្រើនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ហើយថែមទាំងបានផ្តល់សច្ចាប័នលើសន្ធិសញ្ញាសិទ្ធិមនុស្សស្នូលភាគច្រើន ប៉ុន្តែកម្ពុជាកំពុងប្រឈមមុខនឹងដំណើរការផ្ទុយយ៉ាងធំធេងដោយសារតែចាប់តាំងពីឆ្នាំ២០១៧ នៅពេលដែលគណបក្សប្រឆាំងដ៏ធំត្រូវបានរំសាយ«ដោយអយុត្តិធម៌»ដោយការសម្រេចរបស់តុលាការ កម្ពុជាបានស្ថិតក្រោមការគ្រប់គ្រងដោយឯកបក្ស ដោយមានអាសនៈទាំងអស់នៃរដ្ឋសភាស្ថិតក្នុង«កណ្តាប់ដៃផ្តាច់មុខ»របស់បក្សតែមួយ។
លោក សោម កុលវឌ្ឍន៍ នៃសមាគមគាំទ្រប្រជាធិបតេយ្យដែលមានមូលដ្ឋាននៅប្រទេសកាណាដាបានមករដ្ឋធានីវ៉ាស៊ីនតោនកាលពីពាក់កណ្តាលខែមីនាជាមួយនឹងក្រុមការងារដើម្បីធ្វើសកម្មភាពបញ្ចុះបញ្ចូលអ្នកតាក់តែងគោលនយោបាយនានាឲ្យផ្តោតការយកចិត្តទុកដាក់លើស្ថានភាពនៅប្រទេសកម្ពុជា។
លោក កុលវឌ្ឍន៍ យល់ថា រដ្ឋាភិបាលកម្ពុជាមិនទាន់អនុវត្តតាមអនុសាសន៍របស់អង្គការសហប្រជាជាតិក្នុងការធានាឲ្យមានបរិយាកាសបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅពេលខាងមុខនៅឡើយទេ៖ «ឥឡូវមកដល់ថ្ងៃនេះយើងឃើញទាំងអស់គ្នា គណបក្សសង្គ្រោះជាតិក៏នៅអត់មានសិទ្ធិធ្វើនយោបាយដដែលហើយបន្ថែមទៀតលោក កឹម សុខា ដែលជាប្រធានត្រូវកាត់ទោសជាប់គុក២៧ឆ្នាំទៀតរហូតដល់ទៅក្រសួងការបរទេស[សហរដ្ឋអាមេរិក] គាត់ចេញសេចក្តីថ្លែងការណ៍មិនសប្បាយចិត្ត»។
ក្រសួងការបរទេសសហរដ្ឋអាមេរិកក៏បានបង្ហាញថាកម្ពុជានៅតែមានការរំលោភសិទ្ធិពលរដ្ឋក្នុងនោះមានការតាមឃ្លាំមើលតាមប្រព័ន្ធអេឡិចត្រូនិក ការរឹតត្បិតធ្ងន់ធ្ងរលើសេរីភាពនៃការបញ្ចេញមតិនិងបណ្តាញសារព័ត៌មាន។ នេះបើតាមរបាយការណ៍ស្តីពីការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជាឆ្នាំ២០២២របស់ក្រសួងការបរទេសដែលបានចេញផ្សាយកាលពីថ្ងៃទី២០ខែមីនា។
របាយការណ៍នេះបានបន្ថែមថាពលរដ្ឋកម្ពុជានៅតែមិនអាច«ផ្លាស់ប្តូររដ្ឋាភិបាលរបស់ពួកគេដោយសន្តិវិធីតាមរយៈការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវឡើយ»ទន្ទឹមនឹងនោះក៏មានការរឹតត្បិតយ៉ាងធ្ងន់ធ្ងរដល់ការចូលរួមសកម្មភាពនយោបាយ។
ប្រទេសកម្ពុជាគ្រោងនឹងធ្វើការបោះឆ្នោតជាតិនៅថ្ងៃទី២៣ ខែកក្កដាឆ្នាំនេះដើម្បីជ្រើសរើសសមាជិករដ្ឋសភាដែលនឹងបង្កើតរដ្ឋាភិបាលថ្មី។ ក្រុមសកម្មជននៅក្រៅប្រទេសក៏កំពុងប្រមូលហត្ថលេខាគាំទ្រញត្តិមួយដែលនឹងផ្ញើទៅកាន់មេដឹកនាំបរទេសនានាដោយទាមទារឲ្យផ្អាកការបោះឆ្នោតជាតិនេះសិន។ នៅក្នុងញត្តិនោះដែលវីអូអេសំឡេងសហរដ្ឋអាមេរិកទទួលបាន ពួកគេទាមទារឲ្យមានការគោរពបរិយាកាសនយោបាយ តម្កល់សិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋនិងសិទ្ធិស្វ័យសម្រេចដើម្បីឲ្យពលរដ្ឋអាចធ្វើការសម្រេចចិត្ត«ដោយឈរលើការពិតជាជាងការភ័យខ្លាច»។
ញត្តិដែលរៀបចំដោយអង្គការសង្គមស៊ីវិលនៅក្រៅប្រទេសបានសរសេរថា៖ «ការត្រួតពិនិត្យតាមមូលដ្ឋានបានរកឃើញថា រដ្ឋាភិបាលកម្ពុជាមិនបានចាត់វិធានការសមហេតុផលណាមួយដើម្បីអនុវត្តវិធានការកំណែទម្រង់ទាំងនេះ [របស់អង្គការសហប្រជាជាតិ] ដែលមានសារៈសំខាន់ដើម្បីធ្វើឱ្យការបោះឆ្នោតជាតិខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះមានលក្ខណៈសេរី ត្រឹមត្រូវ និងស្របច្បាប់។ ផ្ទុយទៅវិញ រដ្ឋាភិបាលនេះកំពុងបង្កើន និងពង្រីកគោលនយោបាយគាបសង្កត់លើអ្នកការពារសិទ្ធិមនុស្ស និងសមាជិកបក្សប្រឆាំងនយោបាយ ដើម្បីគ្រប់គ្រងដំណើរការបោះឆ្នោត និងបន្តកាន់អំណាច»។
កាលពីពាក់កណ្តាលខែកុម្ភៈ រដ្ឋាភិបាលកម្ពុជាបានបិទវិទ្យុសំឡេងប្រជាធិបតេយ្យ(VOD) ដែលជាវិទ្យុឯករាជ្យចុងក្រោយមួយដែលបានដំណើរការជាង២០ឆ្នាំ។ នៅដើមខែមីនានេះ តុលាការរាជធានីភ្នំពេញបានកាត់ទោសលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិឱ្យជាប់ពន្ធនាគាររយៈពេល២៧ឆ្នាំពីបទឃុបឃិតនឹងបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលនិងដកហូតសិទ្ធិនយោបាយរបស់លោកជារៀងរហូត។
លោក យ័ប គឹមទឹង ប្រធានសមាគមខ្មែរអាមេរិកាំងដើម្បីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោនបានថ្លែងប្រាប់វីអូអេនៅថ្ងៃអង្គារនេះថាយុទ្ធនាការទទួលបានការចាប់អារម្មណ៍និងគាំទ្រពីបណ្តាស្ថាប័នសំខាន់ៗទាំងនោះ។
លោក គឹមទឹង បានបន្ថែមទៀតថា៖ «គេព្រួយបារម្ភបញ្ហាគោរពសិទ្ធិមនុស្សនៅស្រុកខ្មែរហើយនឹងបទបំពានផ្សេងៗទៀតនៅលើប្រជាជនខ្មែរ។ ម្ល៉ោះហើយគេថាគេគាំទ្រប្រជាពលរដ្ឋខ្មែរយើង។ គេថាគេចង់ឃើញការបោះឆ្នោតមានសេរីភាពមានយុត្តិធម៌។ ម្ល៉ោះហើយគេនឹងយកចិត្តទុកដាក់លើសំណូមពររបស់យើងហើយគេថាគេនឹងនិយាយទៅរដ្ឋាភិបាលខ្មែរយើងឱ្យកែទម្រង់ផងដែរ»។
រាជរដ្ឋាភិបាលកម្ពុជាយល់ថាយុទ្ធនាការរបស់សកម្មជនសហគមន៍ខ្មែរនេះគ្រាន់តែជាទម្រង់មួយនៃការបញ្ចេញមតិរបស់ពលរដ្ឋដែលនៅក្រៅប្រទេសហើយមិនឆ្លុះបញ្ចាំងនឹងអ្វីដែលកើតមាននៅក្នុងប្រទេសទេ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាថ្លែងប្រាប់វីអូអេខេមភាសាកាលពីថ្ងៃសុក្រសប្តាហ៍មុនថា៖ «ការលើកឡើងគ្រាន់តែជាមតិរបស់អ្នករស់នៅឯនាយ ប៉ុន្តែអ្នករស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា វាបានបង្ហាញតាមចំនួនអ្នកដែលចេញទៅបោះឆ្នោត ដោយគ្មានការបង្ខំ។ វាគ្មានការប្រើអំណាចណាដែលធ្វើឱ្យប្រជាពលរដ្ឋខ្លបខ្លាចមិនចេញទៅបោះឆ្នោតទេពីព្រោះការបោះឆ្នោតគេយល់ថាវាជាភារកិច្ចរបស់គេ»។
ពលរដ្ឋខ្មែរអាមេរិកាំងដែលគាំទ្រគណបក្សសង្គ្រោះជាតិដែលជាគណបក្សមួយត្រូវតុលាការកំពូលរំលាយនៅប្រទេសកម្ពុជា ក៏គ្រោងនឹងរៀបចំការតវ៉ាមួយនៅថ្ងៃសុក្រទី៣១ខែមីនានេះនៅមុខសភានិងក្រសួងការបរទេសសហរដ្ឋអាមេរិក ដើម្បីទាមទារឲ្យមានអន្តរាគមន៍ដោះលែងមេដឹកនាំសហជីពកម្មករ សកម្មជនសង្គម សកម្មជននយោបាយនិងអ្នកនយោបាយបក្សប្រឆាំងក្នុងនោះមានលោក កឹម សុខា និងលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនផងដែរ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រុមអ្នករៀបចំដែលវីអូអេទទួលបាន។
លោក ផៃ ស៊ីផាន ក៏បានចាត់ទុកថានេះគ្រាន់តែជាការបញ្ចេញមតិមួយទៀតរបស់សកម្មជននៅក្រៅប្រទេសដោយរាជរដ្ឋាភិបាលកម្ពុជាមិនអាចវាយតម្លៃអ្វីឡើយលើសំណុំរឿងដែលកំពុងស្ថិតនៅក្នុងដៃតុលាការ។
រីឯក្រសួងការបរទេសកម្ពុជាក៏បានបញ្ចេញប្រតិកម្មតបនឹងរបាយការណ៍សិទ្ធិមនុស្សរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកថាមាន«លក្ខណៈរើសអើង លម្អៀង និងពុំផ្អែកលើការពិតក្រោមហេតុផលនយោបាយ»។
នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២២ខែមីនា ក្រសួងការបរទេសកម្ពុជាថ្លែងថា៖ «សេរីភាពនៃការបញ្ចេញមតិនៅតែរស់រវើកនិងប្រកបដោយថាមវន្ត»។
កម្ពុជាក៏បានអះអាងថារាល់ការចោទប្រកាន់សកម្មជននិងអ្នកនយោបាយនានាគឺ«ពុំជាប់ពាក់ព័ន្ធនយោបាយទេ»។
ក្រុមអ្នកធ្វើយុទ្ធនាការនៅក្រៅប្រទេសបានឱ្យដឹងថា ពួកគេក៏មានបណ្តាញនៅក្នុងស្រុកដើម្បីតាមសង្កេតមើលការរំលោភសិទ្ធិមនុស្ស ហើយបានលើកទឹកចិត្តពលរដ្ឋកម្ពុជាឲ្យបន្តរាយការណ៍ពីការរំលោភបំពាននានាដែលកើតឡើងជាពិសេសពាក់ព័ន្ធនឹងការបោះឆ្នោតក្នុងពេលខាងមុខ។
លោក នួន នរា នៃសមាគមគាំទ្រប្រជាធិបតេយ្យបានបញ្ជាក់ថា ពលរដ្ឋអាចចូលតាមគេហទំព័រSavecambodia.org ដើម្បីរាយការណ៍និងផ្តល់ព័ត៌មានបាន។
លោក នួន នរា បានបន្ថែមថា៖ «អ៊ីចឹងខ្ញុំយល់ថានៅពេលខ្មែរយើងទាំងអស់គ្នាក្រោកឡើងទាំងអស់គ្នាគឺមិនក្នុងនាមគណបក្សនយោបាយទេប៉ុន្តែក្នុងនាមសមាគម ក្នុងនាមពលរដ្ឋសាមញ្ញដែលយើងទាមទារឲ្យអន្តរជាតិជួយពលរដ្ឋខ្មែរ គឺឥឡូវនេះលោក ហ៊ុន សែន គាត់ខ្លាចតែពលរដ្ឋខ្មែរ។ គាត់អត់ខ្លាចបក្សនយោបាយទេ»។
សកម្មជនយល់ថាគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន កំពុងមានប្រៀបលើឆាកនយោបាយដោយសារលំហសម្រាប់គណបក្សផ្សេងទៀតមានតូចចង្អៀតបន្ទាប់ពីរំលាយគណបក្សសង្គ្រោះជាតិដែលមានកម្លាំងប្រហាក់ប្រហែលគ្នានិងយុទ្ធនាការបង្ក្រាបលើក្រុមអ្នករិះគន់ជាបន្តបន្ទាប់៕