មេធាវី​រដ្ឋាភិបាល​ស្នើ​ឲ្យ​តុលាការ​កំពូល​ហាម​មិន​ឲ្យ​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង​ជាង ​១០០​នាក់​​​ធ្វើ​នយោបាយ

រូបឯកសារ៖ លោក គី តិច មេធាវី​តំណាង​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ខាង​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ថ្ងៃទី១៨ ខែ​កក្កដា ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/ VOA)

ក្រុម​មេធាវី​តំណាង​ក្រសួង​មហាផ្ទៃដាក់​ភស្តុតាង​បន្ថែម​ប្តឹង​សុំ​ឲ្យតុលាការ​កំពូលហាមឃាត់​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង​ចំនួន ​១១៧​នាក់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល​៥​ឆ្នាំ​ បន្ថែម​ពីលើ​សំណុំ​រឿង​សុំ​រំលាយ​គណបក្ស​សង្គ្រោះជាតិ។​

នា​រសៀល​ថ្ងៃ​ចន្ទ​នេះ​ ​មេធាវី​ចំនួន​៤រូប​របស់​ក្រសួង​មហាផ្ទៃ​ ​ដែល​ដឹក​នាំ​ដោយ​លោក​ ​គី តិច​ ​បាន​យក​ភស្តុតាង​បន្ថែម​ចំនួន​៣​ ​ដាក់​ទៅ​តុលាការ​កំពូល​ ​មុន​ពេល​តុលាការ​ជាន់​ខ្ពស់​មួយ​នេះ​បើក​សវនា​ការ​លើ​សំណុំ​រឿងរំលាយគណបក្ស​ប្រឆាំង​នៅ​ថ្ងៃទី​១៦ ​ខែវិច្ឆិកា​ខាងមុខ។​

Your browser doesn’t support HTML5

មេធាវី​រដ្ឋាភិបាល​ស្នើ​ឲ្យ​តុលាការ​កំពូល​ហាម​មិន​ឲ្យ​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង​ជាង​ ១០០​នាក់​ធ្វើ​នយោបាយ

លោក​ ​គី តិច​ ​មេធាវី​មួយរូប​ក្នុង​ចំណោមមេធាវី​៤​រូប​ បានប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ចេញពី​ដាក់​ភស្តុតាង​នៅ​តុលាការ​កំពូល​នា​រសៀល​ថ្ងៃ​ចន្ទ​នេះ​ថា​ ​ភស្តុតាង​ចំនួន​៣​ដែល​ទើបដាក់​បន្ថែមលើ​ភស្តុតាង​ចំនួន​២៣ផ្សេងទៀត​នេះ​ ​រួម​មានសេចក្តី​ថ្លែង​ការណ៍​របស់​ក្រុម​មេធាវី​ ​ភស្តុតាង​ថ្មី​បញ្ជាក់​ពីអំពើ​បាន ​និង​កំពុងបន្ត​ធ្វើផែនការ​បដិវត្តន៍​ពណ៌​ ​និងបញ្ជី​ឈ្មោះ​ក្រុម​តំណាង​រាស្រ្ត-ថ្នាក់​ដឹកនាំ​គណបក្សសង្គ្រោះ​ជាតិ​ចំនួន ​១១៧​រូប។​ ​លោក​បន្ត​ថា​ ​ក្រុម​មេធាវី​បាន​ដាក់​បញ្ជី​ឈ្មោះ​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​នោះ​ ​ដើម្បី​សុំ​ឲ្យតុលាការ​កំពូល​ហាមឃាត់មិន​ឲ្យពួក​គេ​ធ្វើ​សកម្មភាព​នយោបាយ​រយៈ​ពេល​៥ឆ្នាំ​ ​ទៅ​តាម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ។​

លោក​ ​គី តិច​ ​បន្ថែម​ថា​ ​ភស្តុតាង​សំខាន់ៗ​ទាំង​ចំនួន​២៦​នោះបាន​បង្ហាញ​ថា​ ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រព្រឹត្ត​ផ្ទុយ​ពី​ច្បាប់​ ​មាន​ដូច​ជា​ ​ភស្តុតាង​ជា​រូបភាព​ ​វីដេអូ​ ​លិខិត​ឆ្លើយ​ឆ្លង​ ​និង​ឯកសារ​ផ្សេងៗ​ដែល​បាន​ពី​ការ​ស៊ើបអង្កេត​របស់​ក្រសួង​មហា​ផ្ទៃ​ ​រួម​ទាំងបណ្ដឹង​របស់​គណបក្ស​យុវជន​កម្ពុជា​ ​និង​គណ​បក្ស​ហ៊្វុនស៊ិនប៉ិច។​ ​លោក​បញ្ជាក់ថា​ ​ភស្តុតាង​ទាំង​នេះ​គឺ ​គ្រប់គ្រាន់​សម្រាប់ឲ្យ​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះជាតិ។​

លោក ​គី តិច​ ​មាន​ប្រសាសន៍​ថា៖​

«ភស្តុតាង​វា​មាន​ភាព​ច្បាស់លាស់​ ​រឹងមាំ​ ​ហើយ​ច្រើន​សន្ធឹក​សន្ធាប់​ ​ដូច្នេះ​ ​បើ​និយាយ​ពីភាគ​រយ​ ​ក្រុម​មេធាវី​អាច​វាយ​តម្លៃ​ សឹង​ថា​ ​១០០ភាគ​រយ​អាច​ឈ្នះ​ក្តី​ ​ក្នុង​ការ​ដែល​តុលាការ​យក​ទៅ​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​បាន»។​

កាលពី​ថ្ងៃទី៦​ ​ខែតុលា​ ​ឆ្នាំ២០១៧​ ​ក្រុម​មេធាវី​របស់​ក្រសួង​មហាផ្ទៃ​បាន​ដាក់​ពាក្យ​បណ្តឹងទៅ​តុលាការ​កំពូល​ ​ប្តឹង​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដោយ​យោង​តាម​ពាក្យ​បណ្តឹង​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិន​របស់​សម្តេច​ក្រុម​ព្រះ​ ​និង​គណបក្ស​យុវជន​កម្ពុជា​របស់​លោក​ ​ពេជ្រ ស្រស់។​

ការ​ដាក់​បណ្ដឹង​ ​និង​ភស្តុតាង​ជា​បន្តបន្ទាប់ទៅ​តុលាការ​កំពូល​ ​សុំ​ឲ្យ​រំលាយ​គណបក្ស​ប្រឆាំង​នេះ​ ​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​ប្រកាស​ជាច្រើន​ដង​ថា​ ​ គណ​បក្ស​សង្គ្រោះជាតិនឹង​ត្រូវ​រំលាយ​ ​ហើយ​មន្ត្រី ​និង​តំណាង​រាស្ត្រ​គណបក្ស​នេះ​មួយ​ចំនួន​ទៀត​ ​នឹង​ត្រូវ​ចាប់​ខ្លួនពាក់ព័ន្ធ​នឹង​សំណុំ​រឿង​របស់​លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​ក្បត់ជាតិ។​

លោក​ ​សុន ឆ័យ​ ​ប្រធាន​ក្រុម​តំណាង​រាស្រ្ត​ ​និង​ជា​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ហើយ​ក៏​ជា​អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​របស់​ក្រុម​មេធាវី​ក្រសួង​មហាផ្ទៃ​ផង​នោះ បានប្រាប់​ ​VOA​ ​នា​ល្ងាច​ថ្ងៃ​ចន្ទ​នេះ​ថា ​ការ​ប្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ស្នើ​ឲ្យ​ផ្អាក​សកម្មភាព​នយោបាយរបស់​តំណាង​រាស្រ្ត ​និង​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​ទាំង​១១៧​រូប​គឺ​ជា​ ការ​ប្តឹង​ដែល​មិន​សម​ហេតុផល​ ​និង​ថា​ ជា​ការ​ប្តឹងដែល​គ្រាន់តែ​ដើម្បី​បញ្ចប់​ជីវិត​គណបក្ស​សង្គ្រោះ​ជាតិ។ ​លោក​បន្ថែម​ថា ​ការ​ប្តឹងបញ្ចប់​ជីវិត​នយោបាយ​របស់​គណបក្ស​ប្រឆាំង​ ដែល​មាន​ប្រជា​ពលរដ្ឋ​គាំទ្រ​ជាច្រើន​លាននាក់បែប​នេះ​ ​នឹង​ធ្វើ​ឲ្យ​ខុសពី​ឆន្ទៈរបស់​ប្រជា​ពលរដ្ឋ ​និង​ផ្ទុយ​ពី​គោល​ការណ៍​លទ្ធិ​ប្រជា​ធិបតេយ្យ។​

លោក ​សុន ឆ័យ​ បញ្ជាក់​ថា៖​

«ការ​បាត់​បង់​តំណាង​របស់​ប្រជា​ពលរដ្ឋ​ ​វា​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​ខឹង​សម្បារ​ ​ធ្វើ​ឲ្យ​ពល​រដ្ឋបាត់បង់​នូវ​ជម្រើស​ក្នុង​ការ​ជ្រើស​រើសតំណាង​របស់​ពួក​គាត់ ​ដើម្បី​ការពារ​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ​ ហើយវា​ផ្ទុយ​ពី​គោល​ការណ៍​លទ្ធិ​ប្រជា​ធិបតេយ្យ​សេរី​ពហុបក្ស​ ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញផង។​ ​ដូច្នេះការ​បន្ថែម​បណ្តឹង​អី​ហ្នឹង​ វា​គ្មាន​អី​ថ្មី​ផង​ ​ប្រសិន​បើ​ជា​ការ​ចង់​បាន​របស់​គណបក្ស​កាន់​អំណាច»។

រូបឯកសារ៖ លោក សុន ឆ័យ ប្រធាន​ក្រុម​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ស្នាក់ការ​កណ្តាល​គណបក្សសង្គ្រោះជាតិ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧។ (កាន់ ​វិច្ឆិកា/VOA)

លោក​ ​សុន ឆ័យ​ ​បន្ថែម​ថា​ ​រហូត​មក​ដល់​ពេល​នេះ​ ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទាន់មាន​គម្រោង​ឆ្លើយ​តប​បែប​ណា​មួយ​ទៅ​រដ្ឋាភិបាល​ទាក់ទង​នឹងបណ្តឹង​ ​និង​សវនាការ​ត្រៀមរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ។​

នៅ​ថ្ងៃទី​១៣ ​ខែ​វិច្ឆិកា​នេះ​ដែរ​ ​លោក​ ​ស ខេង​ ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ ​ក៏​បាន​ចេញ​លិខិត​មួយ​ច្បាប់​ស្នើ​ឲ្យ​គ្រប់​អភិបាល​រាជធានី-ខេត្ត​នៅ​ទូទាំង​ប្រទេស​ ​រៀបចំ​ក្រុម​ការងារ​ប្រចាំ​បញ្ជា​សម្រាប់​តាមដាន​ និង​ដោះស្រាយ​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​សកម្មភាពផ្សេងៗ​ដែល​លោក​ ​ស ខេង​ ​ហៅ​ថា​ ​ជា​ឧបាយ​កល​ផ្តួល​រំលំ​រដ្ឋ​អំណាច​ស្រប​ច្បាប់​នៅ​កម្ពុជា​ ​ចាប់​ពី​ថ្ងៃទី​១៥ ​ខែ​វិច្ឆិកា​ ​គឺ​មុន​មួយ​ថ្ងៃ​នៃ​ការ​បើក​សវនាការ​រំលាយ​គណបក្ស​សង្រ្គោះជាតិ។​

លិខិត​នោះ​ត្រូវ​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«ដើម្បី​គ្រប់គ្រង​តាម​ដាន​សភាព​ការណ៍​ ​និង​ដោះ​ស្រាយ​បញ្ហា​នានា​បាន​ទាន់​ពេល​វេលា​ ​និង​ឆាប់​រហ័ស​ ​នៅ​តាម​រដ្ឋបាល​រាជធានី​ខេត្ត​ ​ក្រសួង​មហាផ្ទៃ​ស្នើ​ឯកឧត្តម​ ​លោក​ជំទាវ ​រៀបចំ​ក្រុម​ការងារ​ប្រចាំ​បញ្ជា​សម្រាប់​តាម​ដាន និង​ដោះស្រាយ​បញ្ហា​នានា ​ពាក់ព័ន្ធ​នឹង​ឧបាយ​កល​ផ្តួល​រំលំ​រដ្ឋ​អំណាច​ស្របច្បាប់​នៅ​កម្ពុជា​ ​ចាប់ពី​ថ្ងៃ​ទី​១៥​ ខែ​វិច្ឆិកា​ ​ឆ្នាំ​២០១៧តទៅ​ ​និង​រាយ​ការណ៍​មក​ក្រសួង​មហាផ្ទៃ»។ ​

លោក​ ​សុន ឆ័យ​ ​លើក​ឡើង​ថា​ ​គម្រោង​នៃ​ការ​ត្រៀមរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​គឺជា​ សកម្ម​ភាព​ដែល​ផ្ទុយ​នឹង​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ​ ​ដូច្នេះ​លោក​ថា​ ​ការបញ្ជា​របស់​រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ​បែប​នេះ​ អាច​បណ្តាល​មកពី​ការ​ព្រួយ​បារម្ភ​ហួសហេតុ។​ ​លោក​បន្ថែម​ថា​ ​គណបក្ស​សង្គ្រោះ​ជាតិ​មិនមាន​គម្រោង​ប្រមូល​ផ្តុំដើម្បី​តវ៉ា​ណាមួយ​នៅ​ថ្ងៃ​បើក​សវនាការ​រំលាយ​គណបក្ស​ប្រឆាំង​ ​នា​ថ្ងៃ​ទី​១៦​ ​ខែ​វិច្ឆិកាខាង​មុខ​នោះ​ទេ។​

ចាប់​តាំង​ពី​មាន​ការ​ចាប់​ខ្លួន​លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​ការ​ត្រៀម​រំលាយ​គណ​បក្ស​ប្រឆាំង ​ដែល​មាន​អ្នក​គាំទ្រ​ជាង​៤០​ភាគរយ​នៅ​ទូទាំង​ប្រទេស​នោះ ​អង្គការ​សង្គម​ស៊ីវិល​ ស្ថាប័ន​ជាតិ​ និង​អន្តរ​ជាតិ​ជា​ច្រើន​បាន​រិះគន់​រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន​ ​ជាបន្ត​បន្ទាប់។​ ​ពួកគេ​បាន​បង្ហាញ​ពី​ការ​បារម្ភ​ថា​ ​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឈាន​ទៅ​រក​ភាព​ខ្ទេចខ្ទី​ ​ហើយ​ថា​ ការ​រំលាយ​គណ​បក្ស​ប្រឆាំង​នឹង​ជះ​ឥទ្ធិពល​ដល់​ដំណើរ​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ​ ២០១៨​ខាង​មុខ៕​