ជំងឺកូវីដ១៩កំពុងស្ថិតក្នុងស្ថានភាពព្រួយបារម្ភដដែល ខណៈករណីឆ្លងបន្តកើនឡើងវិញ ក្នុងនោះអាជ្ញាធរខេត្តកំពង់ចាម ក៏បានរកឃើញការឆ្លងក្នុងចំណោមកម្មករជាង៥០នាក់ ដែលនាំឲ្យមានការព្រួយបារម្ភនៃការឆ្លងរាលដាលកាន់តែខ្លាំង។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋបាលខេត្តកំពង់ចាម បានរកឃើញករណីឆ្លងកូវីដ១៩ទៅលើមនុស្ស៥២នាក់ ដែលភាគច្រើនជាកម្មការិនី រួមមាន៩នាក់ក្នុងស្រុកបាធាយ ២៨នាក់ក្នុងស្រុកជើងព្រៃ និង១២នាក់ក្នុងស្រុកព្រៃឈរ។ អាជ្ញាធរ ក៏បានសម្រេចផ្អាកសកម្មភាពអាជីវកម្មផលិតកម្មក្នុងរោងចក្រខាលីនតុនរយៈពេល១៤ថ្ងៃ រហូតដល់ថ្ងៃទី១ ខែមិថុនា។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាមចុះថ្ងៃទី១៩ ខែឧសភា។
លោកវេជ្ជបណ្ឌិត គឹម សូរភិរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា អាជ្ញាធរសុខាភិបាល កំពុងបន្តយកសំណាករបស់ពលរដ្ឋដែលពាក់ព័ន្ធមកធ្វើតេស្ត ហើយឲ្យពួកគេធ្វើចត្តាឡីស័ក ឬដាក់ខ្លួនឲ្យនៅដាច់ដោយឡែក។ លោកបន្ថែមថា អ្នកជំងឺកូវីដ១៩ដែលកំពុងសម្រាកព្យាបាលនៅក្នុងខេត្តកំពង់ចាម មានប្រមាណ១៨០នាក់។
ចំណែកលោក ផេង សុផល អភិបាលស្រុកបាធាយក្នុងខេត្តកំពង់ចាម ដែលប្រជាពលរដ្ឋនៅទីនោះឆ្លងជំងឺកូវីដ១៩ បានប្រាប់ VOA ថា ការធ្វើដំណើរចេញចូលក្នុងតំបន់ ឬខេត្តកំពង់ចាម មិនត្រូវបានហាមប្រាមនៅឡើយទេ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែចំពោះអ្នកសង្ស័យថា មានជំងឺនេះ គឺត្រូវយកសំណាកមកធ្វើតេស្ត។
លោកថ្លែងថា៖ «យើងគឺមិនបានហាមប្រាម ប៉ុន្តែមុខសញ្ញាថ្មីមក គឺយើងសួរនាំគាត់ថា មកពីណា ហើយទៅណា។ អ្វីដែលយើងសង្ស័យ គឺបានយកគាត់មកធ្វើតេស្ត [ក្រោយពីធ្វើតេស្តហើយ] ឲ្យគាត់ក្រុងនៅផ្ទះរបស់គាត់ចុះ។ អ្វីដែលមិនសង្ស័យ គឺធម្មតាគាត់មកលេងបងប្អូនគាត់ធម្មតា គឺអត់អីទេ»។
អភិបាលស្រុកបាធាយរូបនេះអះអាងថា អាជ្ញាធរមិនទាន់អាចសន្និដ្ឋានបាននៅឡើយទេអំពីប្រភពនៃការឆ្លងរាលដាលជំងឺនេះ ចូលដល់សហគមន៍កម្មកររោងចក្រក្នុងភូមិសាស្ត្រស្រុកនេះ។
លោកបញ្ជាក់ថា៖ «យើងអត់ដឹងថា វាមកពីណា ពីណីខ្លះទេ ដូចករណីផ្ទុះនៅរោងចក្រនៅស្រុកបាធាយ គឺផ្តើមចេញពីកម្មករបានដេកនៅពេទ្យវិញ។ ឯកឧត្តមអភិបាលខេត្តគាត់បិទរោងចក្រ គឺដោយសារតែនៅខាងស្រុកជើងព្រៃហ្នឹង គឺមានការផ្ទុះ[ករណីកូវីដ១៩] ហើយរោងចក្រមួយនៅខាងស្រុកបាធាយផ្ទុះដែរ»។
ពាក់ព័ន្ធនឹងការផ្អាកដំណើរការរោងចក្រដែលមានកម្មករឆ្លងជំងឺកូវីដ១៩ លោក ចេង ហ៊ាង ប្រធានមន្ទីរការងារខេត្តកំពង់ចាម ប្រាប់ VOA ថា កម្មករនឹងទទួលបាន៥០% នៃប្រាក់ឈ្នួលអប្បបរមារបស់ពួកគេ អំឡុងពេលបិទរោងចក្របណ្តោះអាសន្ន។
លោកថ្លែងថា៖ «ទីមួយយើងអនុវត្តតាមសេចក្តីណែនាំរួមរបស់សុខាភិបាល ក៏ដូចជាក្រសួងការងារ។ ទីពីរ គឺកំពុងចាត់ចែងអនុវត្តនីតិវីធីរបស់សុខាភិបាល។ យើងចង់និយាយថា តាមគោលការណ៍ខ្លះទៅ ខ្លះក៏បានលើស ខ្លះក៏បានស្មើ។ អញ្ចឹងវាអត់ដូចគ្នា ប៉ុន្តែយ៉ាងតូចបំផុតក៏៥០%ដែរ[នៃប្រាក់ឈ្នួល]»។
ប្រធានសម្ព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ មានការព្រួយបារម្ភអំពីការបាត់បង់ការងាររបស់កម្មករ និងចំណូលរបស់ពួកគេ ដែលនាំឲ្យមានការលំបាកក្នុងគ្រួសាររបស់ពួកគេ ជាពិសេសទាក់ទងនឹងការបង់សងបំណុល។
អ្នកស្រីមានប្រសាសន៍ថា៖ «យើងឃើញថាបាត់បង់ការងារធ្វើ បាត់បង់ចំណូល ពិបាករស់នៅក្នុងជីវភាពក្រុមគ្រួសាររបស់ពួកគាត់។ ជាទូទៅ ក្រុមគ្រួសាររបស់បងប្អូនកម្មករហ្នឹង គាត់ជំពាក់បំណុលធនាគារ។ អញ្ចឹងនៅពេលដែលពួកគាត់បាត់បង់ការងារ វាធ្វើឲ្យបាត់បង់ចំណូល ហើយដល់ពេលបាត់បង់ចំណូលអញ្ចឹងវាធ្វើឲ្យពួកគាត់មិនមានថវិកាគ្រប់គ្រាន់ ដើម្បីបង់លុយទៅធនាគារ ហើយការហូបចុកនៃការរស់នៅ ស្ថានភាពនៃការរស់នៅរបស់ពួកគាត់ប្រឈមខ្លាំងមែនទែន គឺកាន់តែពិបាកទៅៗ»។
បន្ទាប់ពីបើកឲ្យមានការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយនិងលែងមានការបិទខ្ទប់រាជធានីភ្នំពេញ ប្រជាពលរដ្ឋបានវិលត្រឡប់ទៅស្រុកកំណើត ដែលនាំឲ្យមានការឆ្លងរាលដាលជំងឺនេះទៅតាមបណ្តាខេត្តជាបន្តបន្ទាប់។
ក្រសួងសុខាភិបាលនៅថ្ងៃព្រហស្បតិ៍នេះ បានរកឃើញករណីឆ្លងនៅទូទាំងប្រទេសចំនួន៤១៥នាក់ ដែលកើនឡើងបន្តិចពីជាង៣០០នាក់ ដែលត្រូវបានរាយការណ៍ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ក្រសួងឲ្យដឹងទៀតថា មនុស្ស៥នាក់ទៀតបានស្លាប់ដោយសារជំងឺកូវីដ១៩ ដែលនាំឲ្យករណីស្លាប់សរុបនៅទូទំាងប្រទេសកើនឡើងដល់១៦៤នាក់។
គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានរយៈពេល៣ខែរហូតមកដល់ពេលនេះ កម្ពុជាបានរាយការណ៍ករណីឆ្លងសរុបមានជាង២៣.០០០នាក់ ដែលក្នុងនោះមានអ្នកជាសះស្បើយចំនួន១៥.៧០០នាក់៕