កម្មករ​ជាង​២ពាន់​នាក់​ក្នុង​ខេត្ត​តាកែវ​ធ្វើ​កូដកម្ម​ទាមទារ​ប្រាក់​អតីត​ភាព​ការងារ

កម្មករប្រមាណជាង២០០០នាក់នៅរោងចក្រកាត់ដេរសេឌូណូ ខេមបូ នីតធីង(Seduno Cambo Knitting Co., Ltd) ក្នុងស្រុកបាទី ខេត្តតាកែវ បានធ្វើកូដកម្មដោយមិនចូលធ្វើការដើម្បីទាមទារឲ្យថៅរោងចក្រដែលជាជនជាតិចិន បើកប្រាក់អតីតភាពការងារប្រចាំឆ្នាំដល់ពួកគេ។​ (ហ៊ុល​ រស្មី/VOA)

កញ្ញា​ ​គឹម បញ្ញា​ ​វ័យ​២៧​ ​ឆ្នាំ​ ​បានប្រាប់​ ​VOA​ ​កាលពី​ថ្ងៃ​សៅរ៍​ថា​ ​ខាង​ក្រុម​កម្មករ​បាន​ផ្តើម​ធ្វើ​កូដ​កម្ម​តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍​ ​ដើម្បី​ស្នើ​ឲ្យ​ថៅកែ​រោងចក្រ​បង់​ប្រាក់​បំណាច់​អតីតភាព​ការងារ​ទាំង​អស់​សម្រាប់​ឆ្នាំ​នីមួយៗ។

កូដកម្ម​របស់​កម្មករ​ជាង​២០០០​នាក់​នៅ​រោងចក្រ​កាត់​ដេរ​សេឌូណូ​ ​ខេមបូ​ នីតធីង (Seduno Cambo Knitting Co., Ltd)​ ​ក្នុង​ស្រុកបាទី​ ​ខេត្តតាកែវ ​បាន​ឈាន​មក​ដល់​ថ្ងៃទី៤​ ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ក្នុង​ការ​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​ផ្តល់​ប្រាក់​អតីត​ភាព​ការងារ​ដល់​ពួក​គាត់។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុម​កម្មករ​ដែល​ធ្វើ​កូដកម្ម​តាំងពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន។​

នៅថ្ងៃ​ច័ន្ទ​នេះ​ ​ក្រុមកម្មករ​មិន​បិទ​កំណាត់​ផ្លូវជាតិ​លេខ​២​ ​ដូចកាលពី​សប្តាហ៍​មុន​ទេ​ ដោយ​សារ​ការ​បង្កើន​ចំនួន​ក្រុម​អាជ្ញាធរ​មានសមត្ថកិច្ច​ ​មាន​កងកម្លាំង​នគរបាល​ ​និង​មន្ត្រី​កងរាជអាវុធនៅ​មុខ​រោងចក្រ។​ ​នេះបើតាម​កា​បញ្ជាក់​របស់​កម្មករ​មួយ​ចំនួន​ដែល​បាន​បដិសេធ​មិន​ចូល​ធ្វើ​ការនៅ​ថ្ងៃច័ន្ទ​នេះ។​

កម្មករ​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដោយសារ​តែ​បារម្ភ​ពីសុវត្ថិភាព​ផ្ទាល់​ខ្លួន​នោះ បាន​ប្រាប់ VOA​ ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ​ក្រុម​កម្មករ​នៅតែ​ទាមទារ​បា្រក់​បំណាច់​អតីតភាព​ការងារ​ក្នុង​ចំនួន​សរុប​សម្រាប់​ឆ្នាំ​នីមួយៗ​ពី​ថៅកែ​រោងចក្រ​ ដោយ​មិន​អាច​ទទួលយក​ការ​បង់​រំលោះ​បាន​នោះ​ទេ។​

«គ្រាន់​តែ​គុណ​អាលុយ​បំណាច់ឆ្នាំ​ ពួក​យើង​ប៉ុន្មាន​ឆ្នាំៗហ្នឹង​ ​ឲ្យហើយ​មក​គាត់​នៅ​ថា​ ចាំបង់​រំលោះ​ជំពាក់​យើង​បើក​ម្តង​ប្រាំមួយ​ខែ​ ​ម្តង​ប្រាំមួយ​ខែ»។​

ការ​ទាមទារ​របស់​កម្មករ​ឲ្យថៅកែ​រោងចក្របង់ប្រាក់​បំណាច់​អតីត​ភាព​ការងារ​នេះ​កើត​មាន​ឡើង ​នៅ​ខណ:​ដែល​ថៅកែ​រោងចក្រ​នឹង​ត្រូវ​ធ្វើ​តាម​ការ​ប្រកាស​របស់​រដ្ឋាភិបាលដែល​តម្រូវ​ឲ្យ​ម្ចាស់​រោង​ចក្រ​និង​គ្រឹះស្ថាន​ជំនួញ និង​សហគ្រាស​ស្ថិត​ក្រោម​ច្បាប់​ការងារ​បង់ប្រាក់​បំណាច់​អតីតភាព​ការងារ​នេះ​ពីរ​ដង​ក្នុង​មួយឆ្នាំដោយគិត​ចាប់ពី​ឆ្នាំ២០១៩​ខាង​មុខ។​

កញ្ញា​ ​គឹម បញ្ញា​ ​វ័យ​២៧​ ​ឆ្នាំ​ ​បានប្រាប់​ ​VOA​ ​កាលពី​ថ្ងៃ​សៅរ៍​ថា​ ​ខាង​ក្រុម​កម្មករ​បាន​ផ្តើម​ធ្វើ​កូដ​កម្ម​តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍​ ​ដើម្បី​ស្នើ​ឲ្យ​ថៅកែ​រោងចក្រ​បង់​ប្រាក់​បំណាច់​អតីតភាព​ការងារ​ទាំង​អស់​សម្រាប់​ឆ្នាំ​នីមួយៗ។ បន្ទាប់មក​ខាង​ភាគី​រោង​ចក្រ​ព្រម​បង់​ តែ​ការ​បង់​នោះ​ ត្រូវ​ធ្វើ​ឡើង​ជា​លក្ខណៈ​រំលោះ។​

កញ្ញា​ ​គឹម បញ្ញា ដែលបាន​បម្រើការ​នៅ​រោងចក្រ​ ​សេឌូណូ ខេមបូ នីតធីង​ អស់​រយៈពេល​បីឆ្នាំ​មក​នោះ​ ​អះអាង​ថា​ ​ក្រុម​កម្មករ​បាន​ច្រានចោល​នូវ​លក្ខខណ្ឌ​របស់​ថៅកែ​រោងចក្រ។

កញ្ញា​គឹម បញ្ញា​បាន​បន្ថែម​ថា៖

​«ចង់​ឲ្យ​ប្រាក់​អតីត​ភាព​ហ្នឹង​បង់​ផ្តាច់​តែខាង​ក្រុមហ៊ុន​គាត់​អត់​ព្រមទេ​ ​គាត់​ចង់បង់​រំលោះ​មួយ​ឆ្នាំ​ បាន​ពីរដង»។​

តាម​ប្រកាស​របស់​ក្រសួង​ការងារ​ចុះ​ថ្ងៃ​ទី២១​ ​ខែ​កញ្ញា​ ​និង​មាន​ហត្ថលេខា​របស់​លោក​ ​អ៊ិត សំហេង​ ​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​ ​បាន​បញ្ជាក់​ថា ​ដំណើរ​នៃ​ការ​ផ្តល់​ប្រាក់​បំណាច់​អតីត​ភាព​ការងារ​នឹងត្រូវ​ធ្វើឡើង​ពីរដង​ក្នុង​មួយឆ្នាំ។​

ការ​ផ្តល់​ប្រាក់​បំណាច់​អតីតភាព​ការងារ​២​ ​(ពីរ)​ ​ដង​ក្នុងមួយ​ឆ្នាំ​ ត្រូវអនុវត្ត​ចាប់​ពី​ឆ្នាំ​២០១៩​តទៅ​ ​ដោយ​និយោជក​ត្រូវ​ផ្តល់​ឲ្យ​កម្មករ​និយោជិត​ ​ដែល​កំពុង​បម្រើ​ការងារ​នូវ​ប្រាក់​បំណាច់​អតីត​ភាព​ការងារ​ដែល​ស្មើ​នឹង​ប្រាក់​ឈ្នួល​ ​និង​ប្រាក់​បន្ទាប់​បន្សំ​ចំនួន​១៥ ថ្ងៃ ក្នុង​១ ​(មួយ)​ឆ្នាំ។​ ​ប្រាក់​បំណាច់​នេះ​ ត្រូវ​បើក​ជូន​កម្មករ​និយោជិត​ ​ចំនួន​ ៧,៥​ ​(ប្រាំពីរ​កន្លះ)​ថ្ងៃ​ ​នៅ​ក្នុង​ខែ​មិថុនា​ នៃ​ឆ្នាំ​នីមួយ​ៗ​ និង​ចំនួន​៧,៥​(ប្រាំពីរ​កន្លះ)​ ​ថ្ងៃ​នៅ​ក្នុង​ខែធ្នូ​ នៃ​ឆ្នាំ​នីមួយៗ។​

កម្មករប្រមាណជាង២០០០នាក់នៅរោងចក្រកាត់ដេរសេឌូណូ ខេមបូ នីតធីង(Seduno Cambo Knitting Co., Ltd) ក្នុងស្រុកបាទី ខេត្តតាកែវ បានធ្វើកូដកម្មដោយមិនចូលធ្វើការដើម្បីទាមទារឲ្យថៅរោងចក្រដែលជាជនជាតិចិន បើកប្រាក់អតីតភាពការងារប្រចាំឆ្នាំដល់ពួកគេ។​ (ហ៊ុល​ រស្មី/VOA)

កម្មករ​មួយ​ចំនួន​ដែល​ធ្វើកូដកម្ម​នៅរោង​ចក្រ​កាត់​ដេរសេឌូណូ​ ខេមបូ នីតធីងបានប្រាប់​ ​VOA​ ​ថា​ ពួក​គេ​បានដឹង​អំពី​ខ្លឹម​សារ​នៃ​ប្រកាស​នេះ​ តែ​ពួកគេ​នៅតែ​ទទូច​សុំ​ឲ្យ​ថៅកែ​រោងចក្រ​ផ្តល់​ប្រាក់​បំណាច់​អតីតភាព​ការងារ​ក្នុងឆ្នាំ​នីមួយៗ​ទាំងដុល​តែ​ម្តង។​ ពួកគេ​ថា​ ពួក​គេ​នឹង​បាត់បង់​ផលប្រយោជន៍​ពីការ​ទទួល​បាន​ប្រាក់​អតីតភាព​នេះ ប្រសិន​បើ​ពួក​គេ​មិន​អាច​ស៊ូទ្រាំ​នឹង​ឥរិយាបថ​មិនល្អពី​ថៅកែ​ រួច​ដាក់​ពាក្យ​ស្នើ​សុំឈប់​នោះ។​

ក្រុម​កម្មករ​ក៏បាន​ស្នើ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ជួយ​អន្តរាគមន៍​ក្នុង​ការ​តវ៉ា​របស់​ពួក​គេដើម្បី​ឲ្យបាន​ប្រាក់​បំណាច់​អតីតភាព​ទាំង​អស់​ពីឆ្នាំ​មុនៗ​ មុន​នឹង​ឈាន​ចូល​ដល់​ការ​អនុវត្តន៍​ប្រកាស​របស់​រដ្ឋាភិបាល​ក្នុង​ការ​ផ្តល់ប្រាក់​អតីតភាព​ការងារ​ពីរដង​ក្នុងមួយ​ឆ្នាំ គិតចាប់​ពី​ឆ្នាំ​២០១៩​ខាង​មុខ​នេះ​ទៅ។​

លោក​ប៉ាវ​ ស៊ីណា ​ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា​មាន​ប្រសាសន៍​ថា​ ភាគី​ពាក់ព័ន្ធ​ត្រូវ​រក​ចំណុច​កណ្តាលមួយ​ ដើម្បី​ដោះ​ស្រាយ​ការតវ៉ា​របស់​កម្មករ​ មុនពេល​រឿងនេះ កាន់តែ​រីករាល​ដាល​ធំនោះ។​

​លោក​មានប្រសាសន៍​ថា៖​

«រឿង​ដែល​បន្តនេះ​ វា​អាច​ជា​បញ្ហា​កាន់​តែ​ធំ​ ​ខណៈដែល​យើង​ឃើញ​ថា​ ជំហរ​និយោជក​នៅតែ​រឹង​ទទឹង​ ហើយ​កម្មករ​នៅ​តែ​ទាម​ទារ​ទាំង​ស្រុង​ ហើយ​ភាគី​ពាក់​ព័ន្ធ​មិនអាច​សម្រុះ​សម្រួល​បាន។​ អ៊ីចឹង​ វា​ឲ្យបញ្ហា​ វា​កាន់នឹង​រីក​ធំ​ទៅ។​ ​អ៊ីចឹង​អ្វីដែល​សំខាន់​ គឺយើង​រក​ចំណុចកណ្តាល។ ចំណុច​កណ្តាល​ដូច​ខ្ញុំ​លើក​មិញ​ថា​ ទីមួយ​ ​កម្មករ​អ្នកទាម​ទារ​ស្នើ​សុំ​ឲ្យផ្តាច់។ ​ឯនិយោជក​ គាត់​អត់​បាន​ផ្តាច់​ទេ។​ ​ដូច្នេះ​ ​វា​ចំណុច​ដែល​យើងត្រូវរក​ចំណុច​កណ្តាល ថាតើ​កម្មករ​គាត់​មាន​លទ្ធភាព​បន្ធូរបន្ថយ​បាន​ប៉ុន្មាន​ ​ហើយ​និយោជក​គាត់​មាន​លទ្ធភាព​បង់​ប៉ុន្មាន?»។

លោក​ ​អ៊ូច ភា អភិបាល​ខេត្ត​តាកែវមានប្រសាសន៍​ថា ​អាជ្ញាធរខេត្ត​កំពុង​បន្តធ្វើ​ការ​ជាមួយ​មន្ត្រី​ក្រសួង​ការងារ​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ។​ ​ទាក់​ទិន​ការ​បង្កើន​ចំនួន​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅទីតាំង​រោងចក្រ ​អភិបាល​ខេត្ត​រូបនេះ​ ​បញ្ជាក់​ថា​ ជា​ការ​រក្សា​សណ្តាប់​ធ្នាប់​សាធារណៈ។​

«អានេះ​ គ្រាន់​តែ​យើង​ការពារ​សណ្តាប់​ធ្នាប់​ ធ្វើកា​រ​អាហ្នឹង​មាន​អី»។​

លោក​ ​ហេង សួ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​មាន​ប្រសាសន៍​ការពារ​ប្រកាស​ថ្មី​របស់​រដ្ឋាភិបាល​ ដែល​នឹង​តម្រូវ​ឲ្យ​ថៅកែ​រោងចក្រ​បង់​ប្រាក់​បំណាច់​អតីតភាពការងារ​ពីរដង​ក្នុងមួយ​ឆ្នាំ។ លោក​ថា​ ភាគី​ពាក់​ព័ន្ធ​កំពុងធ្វើ​ការ​សម្រប​សម្រួល​ជាមួយ​កម្មករ​ ​ដែល​កំពុង​ទាមទារ​ប្រាក់​បំណាច់​អតីត​ភាព​ការងារ​ទាំងស្រុង​នេះ។​

«ចរចា​គឺ​កំពុង​តែ​ចរចាហើយ​ ហើយ​កំពុង​តែ​ពន្យល់​ ​ហើយ​កម្មករ​និយោជិត​ភាគ​ច្រើន​ គឺ​គាត់​ទទួល​យក​ ក៏ប៉ុន្តែ​ នៅមាន​មួយចំនួន​គាត់​កំពុង​តែ​រង់ចាំ​ពិនិត្យ​មើល​ទៀត​ ​ទាមទារ​ទៅក្រែង​លោ​បាន។​ ​ប៉ុន្តែ​យើង​នឹង​ព្យាយាម​ធ្វើការ​សម្របសម្រួល​ ​ហើយ​និង​ពន្យល់​បង​ប្អូន​យើង​ឲ្យបាន​យល់​បន្ថែម​ទៀត»។​

លោក​បាន​បន្ថែម​ថា​ ​ក្រុម​កម្មករ​គួរតែ​អត់​ធ្មត់​នឹង​ព្រម​ព្រៀង​ជាមួយប្រកាស​ថ្មីរបស់​រដ្ឋាភិបាល​ ដែល​មាន​គោល​ដៅ​ជួយ​សម្រួល​លំហូរ​សាច់​ប្រាក់​របស់​និយោជក​ ហើយ​រក្សា​បាន​ស្ថិរភាព​ការ​ងារ​របស់​កម្មករ។​

«ពីព្រោះ​ពេល​ខ្លះ​ យើង​ចង់​បាន​អតីតភាព​ភ្លាម​ក្នុង​រយៈពេល​បីខែ​ យើង​បាន​ប្រាក់​ខែ​រយៈពេល​បីខែ​មែន​ ប៉ុន្តែ​វាអាច​បង្ខំ​ឲ្យ​រោង​ចក្រ​នោះ​ក្ស័យ​ទុន​ ចឹង​បងប្អូន​នឹង​បាត់​ប្រាក់​ខែ​ជា​អចិន្ត្រៃយ៍។ ផ្ទុយ​ទៅ​វិញ​ ​បើ​សិន​ជាយើង​ បន្ត​ធ្វើ​ការ​ងារ​នៅ​ទី​នោះ ​បងប្អូន​មាន​ប្រាក់​ខែ​ជា​អចិន្ត្រៃយ៍​ ប្រចាំ​ខែ​ហើយ​ ​អ្វី​ដែល​មាន​អតីតភាព​ហ្នឹង​ គឺ​និយោជកនឹង​សង​ ​នៅ​ក្នុង​ខែ​មិថុនា​ និង​ខែធ្នូ​ជារៀងរាល់​ឆ្នាំ។​ អ៊ីចឹង​ ​បើ​សិន​ជា​យើង​យក​ជម្រើស​ទៅ​តាម​អ្វីដែល​យើង​បាន​ធ្វើ​វិសោធនកម្ម​នេះ​ ​បងប្អូន​ចំណេញ​ទាំង​ការងារ​ ​ចំណេញ​ទាំងប្រាក់​ខែ​ដែល​កំពុង​មាន​ហ្នឹង​ផង​ហើយ​អតីត​ភាព​ក៏​ត្រូវ​បាន​គេសង​ជា​បណ្តើរ​ៗ​ផង​ដែរ»។​

កម្មករ​ជា​ច្រើន​រយ​នាក់​នៅ​សាខា​រោងចក្រសេឌូណូ ខេមបូ នីតធីង ​ដដែល​នេះក្នុង​ទី​ក្រុង​ភ្នំពេញ​ ក៏​បាន​ធ្វើ​កូដ​កម្ម​ស្រដៀង​គ្នា​នេះ​ដែរ។​

លោកប៉ាវ​ ស៊ីណា​ ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា​ បាន​បញ្ជាក់ឲ្យដឹង​ទៀតថា​ បាតុកម្ម​ទាមទារ​ប្រាក់បំណាច់​អតីតភាព​ការងារ​នេះក៏បាន​ផ្ទុះ​ឡើង​នៅ​រោងចក្រ​មួយផ្សេង​ទៀត​ នៅ​រាជធានី​ភ្នំពេញ​ផង​ដែរ។​ លោក​ជឿថា​ ការ​តវ៉ា​ទាម​ទារ​ប្រាក់បំណាច់​អតីតភាព​ការងារ​នេះ​ នឹង​អាច​កើត​មាន​ឡើង​នៅតាម​បណ្តា​រោងចក្រ​កាត់​ដេរ​ផ្សេងទៀត៕