ក្រុមកម្មករជាង១០០០នាក់នៅរោងចក្រ W&D Cambodia Co., LTD បានបន្តអត់ការងារធ្វើ បន្ទាប់ពីការធ្វើកូដកម្មជាប់ៗគ្នាជាច្រើនថ្ងៃ តាំងពីថ្ងៃទី ២៤ ខែ ធ្នូ ដើម្បីទាមទារឲ្យថៅកែរោងចក្រកាត់ដេរនេះផ្តល់ប្រាក់អតីតភាពការងារប្រចាំឆ្នាំមុនឆ្នាំ២០១៩។
កូដកម្មរបស់ក្រុមកម្មករក៏បានឈានដល់ការបិទផ្លូវ កាលពីថ្ងៃទី៥ខែមករាឆ្នាំ២០១៩ គឺនៅគ្រាដែលម្ចាស់រោងចក្រមិនព្រមបើកប្រាក់ខែសម្រាប់ខែធ្នូឆ្នាំ២០១៨ដល់កម្មករ និងបានបណ្តេញកម្មករចំនួនប្រមាណ១៦០០នាក់ពីការងារ។
ក្រុមកម្មករមួយចំនួនបានប្រាប់ VOA នៅក្នុងសប្តាហ៍នេះថា ក្រោយការធ្វើកូដកម្មនោះមក មានខាងក្រសួងការងារ សហជីពដែលបម្រើប្រយោជន៍កម្មករ និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀតបានព្យាយាមចរចាជាមួយថៅកែរោងចក្រដើម្បីអនុញ្ញាតឲ្យកម្មករដែលត្រូវបានបញ្ឈប់ទាំងអស់បានចូលធ្វើការដូចដើមវិញ។
ប៉ុន្តែរហូតមកដល់ពេលនេះ កម្មករជាង១០០០នាក់ ក្នុងចំណោមកម្មករសរុបទាំងអស់១៨០០នាក់ មិនទាន់បានចូលធ្វើការនៅឡើយ ព្រោះមានការរើសអើងលើកម្មករដែលមានភាពសកម្មក្នុងការធ្វើកូដកម្មកាលពីពេលកន្លងមក។
ក្រុមកម្មករនិយាយទៀតថា ថៅកែរោងចក្របានបដិសេធមិនទទួលយកកម្មករដែលមានវ័យចំណាស់ និងកម្មករដែលជាបុរសទេ។
អ្នកស្រីយ៉ា គីមស្រ៊ីម វ័យ៣៦ឆ្នាំជាកម្មករមួយរូប ប្រាប់ VOA កាលពីថ្ងៃចន្ទថា៖
«ពួកខ្ញុំធ្វើនេះ ដោយសន្តិវិធីបង! កូដកម្មនេះមិនមែនប្រើអំពើហិង្សាអីទេ។ សុំឲ្យគាត់ហ្នឹងយកកម្មករទាំងអស់ចូលធ្វើការវិញទៅ កុំជ្រើសយកតែក្មេងៗ ចាស់ៗមិនយក ហើយប្រុសៗមិនយក។ កុំធ្វើអ៊ីចឹង! បើយើងធ្វើអ៊ីចង បីដូចជាយើងហ្នឹងជ្រើសយកបុគ្គលិកថ្មី កម្មករថ្មី ហើយមិនមែនយកអ្នកចាស់ចូលធ្វើការទេ បើគាត់ធ្វើបែបហ្នឹងនោះ»។
អ្នកស្រីបានឲ្យដឹងទៀតថា ខាងរោងចក្របានឲ្យកម្មករផ្តិតមេដៃលើលិខិតមួយ ជាថ្នូរនឹងការបានចូលធ្វើការវិញ តែក្រោយពេលកម្មករផ្តិតមេដៃហើយ ក្រុមកម្មករនៅតែមិនអាចបានធ្វើការវិញដដែល។
«គេឲ្យចូល ឲ្យចូលរហូតហ្នឹង! ឲ្យចូល ពួកខ្ញុំចូលទៅប៉ុន្មាន អាសារក្រោយនេះ២០០នាក់ជាង ចូលទៅឲ្យចូលហ្នឹងយកតែមេដៃហ្នឹង។ ជ្រើសរើសៗយកតែអ្នកក្មេង។ ចាស់ៗអត់ឲ្យធ្វើផងហ្នឹង»។
អ្នកស្រី យ៉ា គីមស្រ៊ីម មិនបានដឹងពីខ្លឹមសារនៃលិខិតនោះទេ។
ប៉ុន្តែកម្មករម្នាក់ទៀតវ័យ៤៥ឆ្នាំដែលសុំមិនបញ្ចេញឈ្មោះ ដោយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន បានប្រាប់ VOA នៅថ្ងៃអង្គារនេះថា៖
«ក្នុងលិខិតហ្នឹងគេថា ឲ្យបងព្រមព្រៀង។ ចង់ចូលធ្វើការ! ចិត្តចង់ចូលធ្វើការ។ ព្រមព្រៀងហ្នឹងនិងចុះហត្ថលេខាហ្នឹង ស្ម័គ្រចិត្តចូលធ្វើការវិញហ្នឹងគឺផ្តិតមេដៃមក។ អ៊ីចឹង ពួកបងៗហ្នឹងក៏ផ្តិតមេដៃទៅ! អត់ដឹងថា នឹងឃើញថា ពេលបងចូលទៅ supervisor កាន់ក្រុមអ៊ីចឹង គេអត់យក គេរើសអើង។ គេយកបុគ្គលមួយៗអ៊ីចឹង ហើយពេលហើយក្រសួង ហើយនឹងខាងអភិបាលរងខណ្ឌស្ទឹងមានជ័យហ្នឹង គាត់ឲ្យចូលទៅ ដល់ពេលពួកបងចូល ទៅផ្តិតមេដៃ ផ្តិតមេដៃហើយ អត់ឲ្យបងចូល យកតែប៉ុន្មាននាក់ទៅ ហើយយកតែមេដៃពួកបងៗទៅ»។
កម្មករដែលសុំមិនបញ្ចេញឈ្មោះរូបនេះបានបញ្ជាក់ទៀតថា ខាងភាគីរោងចក្រ បានរើសអើងទៅលើក្រុមកម្មករ ដែលហ៊ានចេញមុខធ្វើជាតំណាងក្នុងការដឹកនាំធ្វើកូដកម្ម ដែលឈានដល់ការបិទផ្លូវមួយកំណាត់ក្នុងសង្កាត់ស្ទឹងមានជ័យ ឆ្ពោះទៅកាន់សារមន្ទីរប្រល័យពូជសាសន៍ជើងឯក កាលពីដើមខែមករានេះ។
«បងបានចូលដោះស្រាយជាតំណាងមួយរូប ហើយទៅក៏គេ ខាងក្រុមហ៊ុន គឺគេបដិសេធ អត់យកយើង។ ហើយតែចំណែកកម្មករទាំងអស់គ្នាហ្នឹងគឺ គឺស្រឡាញ់គ្នា រាប់អានគ្នា អ៊ីចឹងទាំងអស់គ្នាហ្នឹងគឺអត់ចង់បែកគ្នា គឺអត់ចង់ឲ្យកម្មករណាមួយត្រូវបាត់បង់ការងារធ្វើ អ៊ីចឹងឲ្យមានការងារធ្វើទាំងអស់គ្នាវិញ»។
អ្នកស្រីនិយាយបន្ថែមថា ក្រុមកម្មករក៏បានស្វះស្វែងរកការជួយពីសហភាពការងារកម្ពុជារបស់លោកអាត់ ធន់ តែនៅមិនមានលទ្ធផលច្បាស់លាស់នៅឡើយទេ។
លោកអាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានប្រាប់ VOA នៅថ្ងៃអង្គារនេះថា នឹងមានការជួបចរចារវាងភាគីពាក់ព័ន្ធដើម្បីសម្រួលឲ្យកម្មករបានចូលធ្វើការវិញ។
លោកនិយាយថា ការចរចានេះនឹងធ្វើឡើងនៅថ្ងៃពុធស្អែកនេះ ដោយខាងភាគីសហជីពនឹងលើកឡើងនូវសំណើជាច្រើនរបស់កម្មករ ក្នុងនោះមានការទាមទារមិនឲ្យខាងភាគីរោងចក្រចងគំនុំលើកម្មករ ចំពោះរឿងធ្វើកូដកម្មកន្លងមកនោះ។
«ទីមួយគឺយើងឲ្យគាត់ចូលធ្វើការវិញ នៅក្នុងតួនាទីមុខងារ និងអតីតភាពការងារដដែល។ ទីពីរគឺយើងស្នើតាមគាត់ហ្នឹងគឺ បើសិនជាម៉េចគឺថា លៃយ៉ាងម៉េចកុំឲ្យមានការគុំកួន ឬធ្វើទុក្ខបុកម្នេញការទូទាត់សំណង។ ពេលធ្វើកូដកម្មអីហ្នឹង គឺយើងស្នើតាមអ្វីដែលកម្មករបានលើកឡើងហ្នឹង»។
បុគ្គលិករដ្ឋបាលស្ត្រីមួយរូបរបស់រោងចក្រ W&D Cambodia Co., LTD បដិសេធមិនផ្តល់ការអធិប្បាយ ដោយសារអ្នកស្រីមិនបានដឹងពីការណ៍ដែលរោងចក្រមិនព្រមទទួលយកកម្មករឲ្យចូលធ្វើការវិញ។
«ខ្ញុំអត់មានដឹងដែរបង ព្រោះខ្ញុំគ្រាន់តែជានាមតែរដ្ឋបាល តែក្នុងការគ្រប់គ្រង ឬក្នុងការដោះស្រាយអីគឺនៅលើថៅកែ បង!»
VOA មិនអាចទាក់ទងលោកហេង សួរ អ្នកនាំពាក្យក្រសួងការងារបានទេ នៅថ្ងៃអង្គារនេះ។
កូដកម្មទាមទារប្រាក់អតីតភាពការងារប្រចាំឆ្នាំ ដែលបានផ្ទុះឡើងនៅតាមរោងចក្រមួយចំនួនក្នុងទីក្រុងភ្នំពេញ និងខេត្តផ្សេងៗទៀតមានខេត្តតាកែវផងនោះ បានទទួលរងការព្រមានពីនាយករដ្ឋមន្ត្រីខ្មែរលោកហ៊ុន សែនថា មានលក្ខណៈផ្ទុយនឹងច្បាប់ ហើយថា ការទាមទារយ៉ាងដូច្នេះអាចនឹងធ្វើឲ្យរោងចក្រប្រមាណ៨០០រោងចក្រ ក្នុងចំណោមរោងចក្រជាង១១០០រោងចក្របិទទ្វារផងដែរ៕