បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ (NagaWorld) ជាង១.០០០នាក់ នៅថ្ងៃព្រហស្បតិ៍នេះ ធ្វើកូដកម្មទ្រង់ទ្រាយធំមួយនៅខាងមុខកាស៊ីណូណាហ្គាវើលដ៍ រាជធានីភ្នំពេញ ដោយទាមទារឲ្យក្រុមហ៊ុនដោះស្រាយបញ្ហារំលោភសិទ្ធិការងារ។
បុគ្គលិកដែលចូលរួមធ្វើកូដកម្មភាគច្រើនគឺជាស្រ្តីដែលធ្វើការផ្នែកកាស៊ីណូនិងមានមួយចំនួនជាស្រ្តីមានផ្ទៃពោះ។ ពួកគេឈរស្រែកតាមឧបករណ៍បំពងសំឡេង ដោយមានកាន់បដាទាមទារលក្ខខណ្ឌចំនួន៦ចំណុចនិងក្រោមការឃ្លាំមើលរបស់កម្លាំងចម្រុះដែលត្រូវបានដាក់ពង្រាយប្រមាណជា១០០នាក់ ព្រមទាំងសន្តិសុខមួយចំនួនរបស់ក្រុមហ៊ុន ណាហ្គា វើលដ៍។
កញ្ញា យិន និមល បុគ្គលិកមួយរូបដែលឈរតវ៉ានៅខាងមុខកាស៊ីណូ ប្រាប់ VOA ថា ក្រុមបុគ្គលិកទាមទារលក្ខខណ្ឌមួយចំនួន ដោយក្នុងនោះឲ្យក្រុមហ៊ុនដោះស្រាយពាក់ព័ន្ធនឹងការរំលោភសិទ្ធិការងារក្នុងកាស៊ីណូនិងទាមទារឲ្យទទួលយកតំណាងសហជីពចូលធ្វើការវិញ។ កញ្ញាបានចោទក្រុមហ៊ុនណាហ្គាវើលដ៍ ថាមិនអនុវត្តតាមច្បាប់ការងារ ពាក់ព័ន្ធនឹងការឈប់សម្រាក ហើយថាបុគ្គលិកតែងរងនូវការបៀតបៀន និងប្រើហិង្សាពីភ្ញៀវ ដោយមិនមានការការពារពីក្រុមហ៊ុន៖
«ចង់ឈប់បុណ្យចូលឆ្នាំ ភ្ជុំទៅជួបបងប្អូនអីអញ្ចឹងគឺអត់បានទេ។ កម្រិតក្រុមហ៊ុនឲ្យដាក់បានប៉ុន្មានភាគរយគឺកំណត់ប៉ុណ្ណឹង ហើយត្រូវតែមកធ្វើការ បើអត់មកធ្វើការគឺមានកំហុសទៀត។ ហើយទីពីរ គឺការបៀតបៀនលើពួកខ្ញុំជាស្រ្តី ពួកខ្ញុំជាកាស៊ីណូមែន ប៉ុន្តែពួកខ្ញុំមានច្បាប់ទម្លាប់របស់ពួកខ្ញុំ។ ភ្ញៀវសុខៗស្រវឹង បៀតបៀនលើរាងកាយរបស់ពួកខ្ញុំ ក្រុមហ៊ុនអត់មានចេញច្បាប់មួយថាការពារពួកខ្ញុំទេ ដឹងតែភ្ញៀវជាស្តេច បុគ្គលិកអត់មានសិទ្ធតវ៉ាទេ»។
បុគ្គលិកទាំងនោះទាមទារឲ្យក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍ ទទួលយកប្រធានសហជីព កញ្ញា ឈឹម ស៊ីថរ ចូលធ្វើការវិញដោយឥតលក្ខខណ្ឌ អនុញ្ញាតឲ្យកម្មករឈប់សម្រាក និងធ្វើការតាមការស្ម័គ្រចិត្តនៅថ្ងៃបុណ្យជាតិ បញ្ឈប់ប្រធានប្រតិបត្តិការផ្នែកកាស៊ីណូជាជនបរទេសម្នាក់ ដែលពួកគេថាមានចរិតមិនល្អ។
បើតាមញត្តិដែល VOA ទទួលបាន ពួកគេក៏បានទាមទារឲ្យដំឡើងប្រាក់ឈ្នួលឲ្យបាន៣០០ដុល្លារសម្រាប់បុគ្គលិកផ្នែកសណ្ឋាគារ ដែលបច្ចុប្បន្នទទួលបានពី១៥០ទៅជាង២០០ដុល្លារក្នុងមួយខែ និងដំឡើង៥០០ដុល្លារសម្រាប់បុគ្គលិកផ្នែកកាស៊ីណូ ដែលបច្ចុប្បន្នទទួលបានជាង៣០០ដុល្លារតែប៉ុណ្ណោះ។ ពួកគេក៏បានទាមទារឲ្យក្រុមហ៊ុនបង្កើតបទបញ្ញត្តិកុំឲ្យមានអំពើហិង្សានិងការបៀតបៀនផ្លូវភេទលើបុគ្គលិកជាស្ត្រីនៅកន្លែងការងារ។
Your browser doesn’t support HTML5
ក្រុមបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ បានចាប់ផ្តើមតវ៉ាទាមទារដំឡើងប្រាក់ខែតាំងពីខែកញ្ញា ឆ្នាំ២០១៩មក រហូតដល់ប្រធានសហជីពក្នុងក្រុមហ៊ុនម្នាក់គឺ កញ្ញា ឈឹម ស៊ីថរ ត្រូវបានក្រុមហ៊ុនព្យួរការងារ ដោយចោទថាជាមេខ្លោងក្នុងការទាមទារ។
កញ្ញា ឈឹម ស៊ីថរ បានប្រាប់VOAថា ក្រុមហ៊ុនមិនដែលបង្ហាញជំហរដោះស្រាយនោះទេ។ កញ្ញាបន្តថា ថ្មីៗនេះ ក្រុមហ៊ុនបានប្រកាសដំឡើងប្រាក់ខែដល់បុគ្គលិក ប៉ុន្តែការសម្រេចនោះមិនឆ្លើយតបនឹងការទាមទាររបស់បុគ្គលិក។
«ប្រសិនបើមានដំណោះស្រាយ ការចរចាណាមួយដែលបុគ្គលិកទាំងអស់អាចទទួលយកបាន យើងនឹងបញ្ឈប់ការតវ៉ា។ ប៉ុន្តែផ្ទុយទៅវិញ បើសិនជាគ្មានដំណោះស្រាយណាយើងទទួលយកបានទេ យើងនឹងបន្តការតវ៉ា នៅក្នុងរូបភាពណាក៏ដោយ រហូតទាល់តែមានដំណោះស្រាយ»។
VOA បានព្យាយាមទាក់ទងសុំការអត្ថាធិប្បាយពីក្រុមហ៊ុន ណាហ្គាវើលដ៍ តាមអ៊ីមែល និងទូរស័ព្ទ តែមិនទាន់មានការឆ្លើយតបនៅឡើយទេ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញដែលបានចុះមើលការធ្វើកូដកម្មបានថ្លែងថា លោកនឹងជួយសម្របសម្រួលឲ្យមានការពិភាក្សារវាងក្រុមហ៊ុននិងបុគ្គលិក។ ទោះយ៉ាងណាលោកថា រាល់ការតវ៉ាទាមទាររបស់បុគ្គលិកត្រូវធ្វើឡើងឲ្យស្របតាមច្បាប់។
«ថ្ងៃនេះខ្ញុំមកនេះ គ្រាន់តែជម្រាបកម្មករកម្មការិនីថា ធ្វើអីក៏ដោយកុំឲ្យហួសពីដែនច្បាប់កំណត់។ អញ្ចឹងមកនេះខ្ញុំក៏ប្រាប់ដែរ ណាហ្គាអត់មានធ្វើអីឲ្យនេះទេ យើងនឹងសម្របសម្រួលគ្នាថា ការងារនេះយើងនឹងធ្វើកិច្ចការងារមួយទៅតាមច្បាប់»។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រាប់ VOA ថា ក្រសួងការងារបានព្យាយាមសម្របសម្រួលវិវាទនេះជាច្រើនដងរួចមកហើយប៉ុន្តែលោកថា រហូតមកដល់ពេលនេះ ភាគីនៅមិនទាន់ទទួលយកនៅឡើយ។
«ក្រសួងមានតួនាទីត្រឹមសម្របសម្រួលដើម្បីភាគីទាំងពីរអាចទទួលយកគ្នាទៅវិញទៅមកបាន ឬមួយក៏យ៉ាងម៉េច ហើយក្នុងករណីដែលសម្របសម្រួលមិនបាន គឺមានតែរុញទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ប្រសិនជាវិវាទនោះគឺជាវិវាទការងាររួម។ ដោយឡែកប្រសិនបើវិវាទនោះគឺជាវិវាទការងារបុគ្គល នីតិវិធីបន្ទាប់គឺមានតែរង់ចាំការសម្រេចចុងក្រោយពីតុលាការ»។
លោក ឃុន ថារ៉ូ អ្នកសម្របសម្រួលកម្មវិធីនៃមជ្ឈមណ្ឌល CENTRAL ដែលតែងឃ្លាំមើលការតវ៉ារបស់បុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៍ លើកឡើងថា ក្រុមហ៊ុនតែងបដិសេធក្នុងការទាមទាររបស់បុគ្គលិកនិងតែងបង្ហាញពីចេតនាមិនដោះស្រាយ។
«កន្លងមកក៏មានបណ្តឹងទៅពលកម្មអន្តរជាតិ ទាក់ទងនឹងការបញ្ឈប់ថ្នាក់ដឹកនាំសហជីព និងការរំលោភសិទ្ធិសេរីភាពរបស់កម្មករនិយោជិត។ អញ្ចឹងខ្ញុំគិតថា ណាហ្គានេះ មានប្រវត្តិមួយដែលមិនសហការជាមួយសហជីពទេ ផ្ទុយទៅវិញសហជីពតែងសហការជាមួយក្រុមហ៊ុន។ អញ្ចឹងបើសិនជាក្រុមហ៊ុនបន្ទន់ជំហរក្នុងការសហការ ក្នុងការគោរពសិទ្ធិរបស់កម្មករនិយោជិត ខ្ញុំគិតថាដំណោះស្រាយវានឹងអាចដោះស្រាយបាន»។
ពាក់ព័ន្ធនឹងការធ្វើកូដកម្មរបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍នេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ បានចេញដីកាសម្រេចចាត់ចែងបណ្តោះអាសន្ន ទៅតាមការស្នើរបស់មេធាវីក្រុមហ៊ុន។ ដីកាចេញនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ ដែលចេញមួយថ្ងៃមុនថ្ងៃធ្វើកូដកម្ម តុលាការសម្រេចឲ្យផ្អាកការធ្វើកូដកម្មជាបណ្តោះអាសន្ន ហើយឲ្យបុគ្គលិកចូលបំពេញការងារវិញ។ សេចក្តីសម្រេចនោះបន្ថែមថា កម្មករនិយោជិតដែលបន្តធ្វើកូដកម្មផ្ទុយនឹងការសម្រេចត្រូវកំណត់ថាជាកូដកម្មខុសច្បាប់ និងត្រូវចាត់ទុកថាជាកំហុសធ្ងន់ធ្ងរ។
យ៉ាងណាក្តី ក្រុមបុគ្គលិកអះអាងថា ពួកគេនឹងបន្តការតវ៉ារហូតដល់មានដំណោះស្រាយសមស្របពីក្រុមហ៊ុន៕