លោក​ អ៊ូ វីរៈ៖ រដ្ឋាភិបាល​បារម្ភ​ជ្រុល​ហួស​ហេតុ​ពី​បដិវត្តន៍​ពណ៌

រូបឯកសារ៖ កម្មករ​រោងចក្រកម្ពុជា​ស្រែកហូ និង​ក្រវីទង់ជាតិ​ខ្មែរ នៅ​ពេល​ដែល​ពួក​គេ​ចូលរួម​ក្នុង​បាតុកម្ម​មួយ ដើម្បី​អំពាវនាវឲ្យ​រដ្ឋាភិបាល​តម្លើង​ប្រាក់​បៀរវត្សរ៍​ក្នុង​ក្បួន​ដង្ហែរ​ថ្ងៃទិវាពលកម្ម​អន្តរជាតិ​នៅ​ទីក្រុងភ្នំពេញ ថ្ងៃទី១ ខែ​ឧសភា ឆ្នាំ២០១៥។ (REUTERS/Pring Samrang)

លោក​ អ៊ូ វីរៈ ​ថា ​បរិបទ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ គឺ​ទាំង​រដ្ឋាភិបាល​ ទាំង​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​មិន​កាន់​អំណាច ​មាន​ទំនោរ​ទៅ​រក​ការ​លាប​ពណ៌​គ្នា​ ព្រោះ​ការ​លាប​ពណ៌​ជា​រឿង​ងាយ​ស្រួល​ជាង​ការ​ដោះស្រាយ​បញ្ហា។

ពលរដ្ឋ​កម្ពុជា​មិន​មាន​ឆន្ទៈ​ធ្វើ​បដិវត្តន៍​ពណ៌ ​ដូច​ការ​ព្រួយ​បារម្ភ​របស់​រដ្ឋាភិបាល​ទេ​ ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ ប៉ុន្តែ​ក៏​មាន​ធាតុ​ផ្សំ​មួយ​ចំនួន​ដែល​អាច​ជា​ឆ្នួន​ផ្ទុះ​នៃ​បដិវត្តន៍​ពណ៌​ ប្រសិន​បើ​រដ្ឋាភិបាល​ប្រើ​ប្រាស់​វិធី​ដោះស្រាយ​ខុស​ឆ្គង។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នក​វិភាគ​ឯករាជ្យ​មួយ​រូប។

Your browser doesn’t support HTML5

Hello VOA៖ អ្នក​វិភាគ​ថា រដ្ឋាភិបាល​បារម្ភ​ជ្រុល​ហួសហេតុ​ពី​បដិវត្តន៍​ពណ៌

ការ​លើក​ឡើង​នេះ​ស្រប​ពេល​ដែល​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួនតែងតែ​ភ្ជាប់​ការ​តវ៉ា​ទាមទារ​ណាមួយ​ទៅ​នឹង​ការ​ចង់​ងើប​ឡើង​ធ្វើ​«បដិវត្តន៍​ពណ៌‍»​ ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន។ ​

ក្នុង​ពេល​បច្ចុប្បន្ន​ រដ្ឋាភិបាល​កំពុង​តែ​ចាប់​អារម្មណ៍​ និង​បង្ក្រាប​រាល់​ការ​ធ្វើ​សកម្មភាព​តវ៉ា​នៅ​ថ្ងៃ​ច័ន្ទ​ដោយ​ស្លៀក​ពាក់​សម្លៀក​បំពាក់​ពណ៌ខ្មៅ ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​«ថ្ងៃច័ន្ទ​ពណ៌​ខ្មៅ‍» ​ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ចំនួន​បួន​នាក់​ និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ម្នាក់។ អ្នក​ទាំង​នោះ​កំពុង​ជាប់​ឃុំឃាំង​ពាក់ព័ន្ធ​នឹង​សំណុំរឿង​សូកប៉ាន់​សាក្សី​ក្នុង​រឿង​ស្នេហា​លួចលាក់​របស់​នាង​ ខុម ចាន់តារ៉ាទី។

លោក​ អ៊ូ វីរៈ ​បាន​បញ្ជាក់​ក្នុង​កម្មវិធី ​Hello VOA ​នៅ​ថ្ងៃ​ច័ន្ទ​ថា ​អ្នក​ដែល​ចូលរួម​យុទ្ធនាការ​នេះ​មិន​មាន​សមត្ថភាព​ ឬ​គំនិត​រហូត​ដល់​ដឹកនាំ​ធ្វើ​បដិវត្តន៍​ពណ៌​ទេ។

លោក​បន្ថែម​ថា៖​ «បើ​ជា​បដិវត្តន៍​ពណ៌​ពួកគាត់​មិន​មែន​ដើរ​ជា​ក្រុម​តូច​ទៅ​បាតុកម្ម​បែប​ហ្នឹង​ទេ។ ខ្ញុំ​មើល​ទៅ​គឺ​ទៅ​មិន​រួច​ទេ។ ដោយ​សារ​អីចឹង​បាន​ជា​ខ្ញុំ​ថា ​ពួកគាត់​គ្មាន​ឆន្ទៈ​ទេ‍។ ហើយ​ពួកគាត់​មិន​ត្រឹម​តែ​គ្មាន​ឆន្ទៈ​ទេ​គឺ​គ្មាន​សមត្ថភាព​និង​លទ្ធភាព​ទៅទៀត»។

លោក អ៊ូ វីរៈ ​បាន​ហៅ​ការ​ព្រួយ​បារម្ភ​ពី​បដិវត្តន៍​ពណ៌​ថា​ ជា​ការ​ព្រួយបារម្ភ​ជ្រុល​ហួស​ព្រំដែន ​ហើយ​គ្មាន​មូលដ្ឋាន​ច្បាស់។

លោក​បញ្ជាក់​ថា៖ «ការ​ព្រួយ​បារម្ភ​គឺ​រដ្ឋាភិបាល​មាន​ប្រតិកម្ម​ជ្រុល​ពេក​ គឺ​កាន់តែ​ធ្វើ​ឱ្យ​មនុស្ស​មាន​ភាព​តឹង​ទ្រូង​ មាន​ការ​មិន​សប្បាយ​ចិត្ត​ ហើយ​រូបមន្ត​ទាំងឡាយ​ហ្នឹង​ហើយ​ដែល​ធ្វើ​ឱ្យ​មនុស្ស​កាន់តែ​ខឹង​ទៅៗ​ហើយ​រដ្ឋាភិបាល​កាន់តែ​មាន​រូបភាព​អាក្រក់​ទៅៗ...នៅ​ក្នុង​ប្រទេស និង​លើ​ឆាក​អន្តរជាតិ»។

រូបឯកសារ៖ លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ​ ២០១៦ ផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌​មាន​អំពី​បណ្តឹង​បរិហាកេរ្តិ៍​របស់​បក្ស​ប្រជាជន​កម្ពុជា​ប្រឆាំង​រូប​លោក។ (ហ៊ុល រស្មី/VOA)

យ៉ាង​ណា​ក៏ដោយ​ លោក​ អ៊ូ វីរៈ ​យល់​ថា ​ប្រទេស​កម្ពុជា​មាន​ចំណុច​ដែល​គួរ​ជា​ទី​ព្រួយ​បារម្ភ​ផង​ដែរ​ដែល​ត្រូវ​នឹង​លក្ខណៈ​មួយ​ចំនួន​នៃ​ដើម​ចម​ ដែល​ជំរុញ​ឱ្យ​មាន​ការ​ធ្វើ​បដិវត្តន៍​នានា​ក្នុង​ពេល​កន្លង​មក​នៅ​បណ្តា​ប្រទេស​មួយ​ចំនួន។ ក្នុង​នោះ​មាន​ដូច​ជា​កម្ពុជា​មាន​ពលរដ្ឋ​មាន​វ័យ​ក្មេង​ច្រើន ​និង​មេដឹកនាំ​គឺ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ កាន់​អំណាច​យូរ ​ដែល​នេះ​ជា​ចំណុច​ខ្សោយ​មួយ​ដែល​គេ​អាចរិះគន់​ជា​អន្តរជាតិ​បាន​ ហើយ​កត្តា​មួយ​ទៀត ​ដែល​មាន​ការ​រិះគន់​ជា​យូរ​ហើយ​ ប៉ុន្តែ​រដ្ឋាភិបាល​បន្ត​បដិសេធ​ គឺ​ប្រព័ន្ធ​យុត្តិធម៌។

លោក ​អ៊ូ វីរៈ​ បន្ថែម​ថា៖ «បើ​សិន​ជា​ក្នុង​ប្រទេស​មួយ​មាន​ភាព​អយុត្តិធម៌​ច្រើន​ ឬ​មួយ​គម្លាត​រវាង​អ្នក​មាន​និង​អ្នកក្រ​ច្រើន ​ហើយ​បូក​នឹង​ធាតុផ្សំ​ដទៃ​ទៀត​ ប្រទេស​មាន​យុវវ័យ​ច្រើន​ទៀត​នោះ​ យើង​ក៏​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ដែរ‍»។​

បញ្ហា​ទាំង​នេះ​ទាមទារ​ឱ្យ​មាន​ការ​ដោះស្រាយ​ឱ្យ​បាន​ត្រឹម​ត្រូវ។

លោក​បាន​រំលឹក​ដែរ​ថា​ បើ​ទោះបី​ជា​ពេល​បច្ចុប្បន្ន​ការ​ធ្វើ​បដិវត្តន៍​ពណ៌​មិន​អាច​កើត​មាន​ឡើង​បានប៉ុន្តែ​លទ្ធភាព​នៅ​តែ​អាច​កើត​មាន​ឡើង​ដែរ​ ដូចជា​ក្នុង​ករណី​ដែល​រដ្ឋាភិបាល​ដើរ​ខុស​ច្រើន​ជំហាន​ដោយ​ខិតខំ​បង្រ្កាប​ ជាជាង​ប្រឹង​ដោះស្រាយ​បញ្ហា​ដែល​ជា​ដើមចម​នៃ​បញ្ហា​ក្នុង​សង្គម។

លោក អ៊ូ វីរៈ ពន្យល់​ថា៖ «ខ្ញុំ​មើល​ទៅ​កំហឹង​របស់​ប្រជាពលរដ្ឋ​អាច​ធ្វើ​ឱ្យ​មាន​ការ​ផ្ទុះ​កំហឹង​នេះ ​ទោះ​បី​ជា​អត់​មាន​អ្នក​ដឹកនាំ​ អត់​មាន​អ្នក​ណា​ចង់​បាន​ក៏​នឹង​អាច​កើត​ឡើង​ដែរ។ នេះ​គឺ​ជា​គ្រោះថ្នាក់​មួយ​សម្រាប់​ប្រទេស​យើង​ផង​ដែរ‍»។​

លោក​បន្ថែម​ថា ​បរិបទ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ គឺ​ទាំង​រដ្ឋាភិបាល​ ទាំង​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​មិន​កាន់​អំណាច ​មាន​ទំនោរ​ទៅ​រក​ការ​លាប​ពណ៌​គ្នា​ ព្រោះ​ការ​លាប​ពណ៌​ជា​រឿង​ងាយ​ស្រួល​ជាង​ការ​ដោះស្រាយ​បញ្ហា៕