តុលាការកោះ​ហៅ​លោក​ កឹម សុខា ​អនុប្រធាន​ទីមួយ​សភាជាតិ​ដែល​មាន​អភ័យ​ឯកសិទ្ធិ

រូបឯកសារ៖ លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ចាក​ចេញ​ពី​អគារ​រដ្ឋសភា​ក្រោយ​ពី​មាន​​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​អង្គារ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៤។ លោក កឹម សុខា ត្រូវ​បាន​សមាជិក​សភា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះជាតិ​បោះ​ឆ្នោត​តែង​តាំង​ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា។ ​(Reuters)

តុលាការ​ក្រុង​ភ្នំពេញ​ជូន​ដំណឹង​មេធាវី​ពីការ​កោះ​ហៅ​លោក ​កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​តុលាការ។​

លោក​ចាន់ ចេន ​មេធាវី​ការពារក្តី​លោក ​កឹម សុខា ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ថ្លែង​ប្រាប់​ VOA ​ថា ​លោក​បាន​ទទួល​ការ​ជូន​ដំណឹង​ពី​តុលាការនៅ​ថ្ងៃ​នេះពី​គម្រោង​របស់​ព្រះរាជ​អាជ្ញា ​ដើម្បី​កោះហៅ​លោក​ កឹម សុខា​ ​អនុ​ប្រធានទី​មួយសភាជាតិដែល​នៅ​មាន​អភ័យ​ឯក​សិទ្ធិ​តំណាងរាស្ត្រឲ្យ​ទៅ​បំភ្លឺ​នៅ​តុលាការ​នៅ​ថ្ងៃទី​៨ខែ​មេសា​ឆ្នាំ​២០១៥​ពី​បទ​បាតុកម្ម​អហិង្សា​ ដែល​ប្តូរ​ទៅ​អំពើ​ហិង្សា​កាលពី​ឆ្នាំ​ទៅ​នោះ។ ​

«រឿង​ហ្នឹង​តាម​សំណុំ​រឿង​ហ្នឹង ​តាម​ដីការ​កោះ​របស់​តុលាការ​ គេ​អត់​មាន​ប្រាប់​ បទ​ចោទ​ថា​ បទ​អ្វី​ទេ ​តែ​បើ​ពិនិត្យ​មើល​លើ​សំណុំ​រឿង​គឺ​ជា​រឿង​ដែល​ខាង​ អាជ្ញាធរ​ប្តឹង​គាត់​ទៅ​តុលាការ​កន្លង​មក​ហ្នឹង។ ​រឿង​ចាស់​កាលពី​ឆ្នាំ​ទៅ​ហ្នឹង​ គឺ​ថា​ ពាក់ព័ន្ធ​នឹង​រឿង​ញុះញ៉ង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ ឬ​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ ដល់​សន្តិសុខ​សង្គម។​ វា​ពាក់​ព័ន្ធ​នឹង​រឿង​នៅ​ម្តុំ​ផ្លូវ​វ៉េងស្រេង»។​

មន្ត្រី​គណបក្ស​ជំទាស់ជា​តំណាងរាស្ត្រ​ និង​ជាសកម្ម​ជន​ជា​ច្រើន​រូប​ ត្រូវ​គេ​កោះ ហៅ​ទៅ​សាកសួរ​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​ស្រដៀង​គ្នា ​ដែល​បង្ក​ឲ្យ​មានមនុស្ស​ស្លាប់​និង​របួស​ជាច្រើន​កាលពី​ឆ្នាំ​ទៅ។ ​ការ​កោះហៅ​នេះ​ធ្វើឡើង​ក្រោយ​ពី​ការ​ចរចា​នយោបាយ​មាន​លក្ខណៈ​ធូរ​ស្រាល​កន្លង​មក។ ​តែ​ការ​កោះហៅ​លោក ​កឹម សុខា​នេះ​កើត​ឡើង​មុន​ពេល​មាន​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិកគណៈ​កម្មាធិការ​ជាតិ​រៀបចំ​បោះឆ្នោត​៩​រូប ​និង​ក្រោយ​ពេល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ចោទ​ប្រកាន់​ថា​ លោក​ កឹម សុខាបាន​សារភាព​ក្នុង​គម្រោង​ការ​ផ្តួល​រំលំរដ្ឋាភិបាល​របស់​លោក​ក្រោយ​ការ​បោះឆ្នោត​ ដោយ​ប្រើ​កម្លាំង​មហាជន​ ហើយលោក​អំពាវនាវឲ្យ​តុលាការ​ចាត់​វិធាន​ការណ៍​ផ្លូវ​ច្បាប់។ ​តែ​លោក​ កឹម សុខា ​បាន​បដិសេធថា​ លោក​នាយក​រដ្ឋមន្ត្រី​បាន​ទទួល​ព័ត៌មាន​ខុស។

លោក​ចាន់ ចេន​បាន​អះអាង​បន្ត​ថា ​ការ​កោះហៅ​ណាមួយ​ត្រូវ​ឆ្លងកាត់សភា​ជា​មុន​សិន ​ព្រោះ​កូនក្តី​លោក​ជាសមាជិក​សភា​មាន​អភ័យ​ឯក​សិទ្ធិ។

«ហើយ​ឥឡូវ​នេះ​លោក​កឹម សុខា​គឺ​ជា​តំណាង​រាស្ត្រ​និង​ជា​អនុ​ប្រធាន​ទី១​ រដ្ឋ​សភា​ផង​ដែរ។​ អញ្ចឹង​ការ​ដែល​អញ្ជើញគាត់ ​ការ​ដែល​គាត់​មាន​អភ័យ​ឯក​សិទ្ធិ​អី​ ត្រូវ​ផ្ញើរ​លិខិត​អញ្ជើញ​ហ្នឹង​តាម​រយៈ​ក្រសួង​យុត្តិធម៌​ទៅ​រដ្ឋ​សភា​ ដោយ​ឡែក​ខ្ញុំ​មើល​នេះ​ជា​ផ្លូវ​កាត់ ​ទៅ​ត្រង់​លោក​កឹម សុខា​កូន​ក្តី​ខ្ញុំ​តែ​ម្តង»។​

លោក​អំ សំអាត ​ប្រធាន​ក្រុម​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ លីកាដូ​ បាន​ថ្លែង​ថា​ ការ​កោះហៅ​លោក​ កឹម សុខា​នេះ​បង្ហាញ​ពីការ​ឡើង​កំដៅ​ នយោបាយជាថ្មី។​ លោក​ពន្យល់​ពី​នីតិ​វិធីត្រួសៗ​នៃ​ការ​ដែល​តុលាការ​ត្រូវ​កោះ​ហៅលោក ​កឹម សុខា៖​

«ការ​កោះហៅ​គ្រាន់តែ​មក​សាកសួរ ​មិនទាន់​មាន​ការ​ចោទ​ប្រកាន់​មាន​អី​ទេ​ គឺ​មាន​សិទ្ធិ​មាន​ការ​កោះសួរ​ តែ​ត្រូវ​មាន​ការ​ជូន​ដំណឹង​ទៅ​ប្រធាន​ស្ថាប័ន​ របស់​គេ​គឺ​រដ្ឋ​សភា​ផង​ដែរ។​ កោះ​ហៅ​ស្ងាត់ៗ​ ហើយ​បើ​មាន​ការ​ចោទ​ប្រកាន់​ណា​មួយ​ រឿង​ហ្នឹង​ទាល់តែ​មាន​ការ​ព្យួរ​ ឬ​ដក​អភ័យ​ឯក​សិទ្ធិ។ ​ការ​ព្យួរ​ ឬ​ដក​ អភ័យ​ឯក​សិទ្ធិ​បច្ចុប្បន្ន​មិន​ដូច​មុន​ទេ​គឺ​ទាល់តែ​មាន​សមាជិក​សភា​២/៣​ឯណោះ»។​

វីអូអេ​បានព្យាយាម​ទាក់ទង​លោក​ព្រះរាជ​អាជ្ញារង​លី សុផាន់ណាតាម​ទូរស័ព្ទដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ តែមិន​អាច​ទាក់ទងបាន​ទេ ​ដោយ​ទូរស័ព្ទ​របស់​លោក​គ្មាន​អ្នក​ទទួល។ ​ដោយឡែក​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ និង​មេធាវី​បាន​អះអាង​ថា​ លោក​កឹម សុខា​មិនទាន់​បាន​ទទួល​ដីការនៅ​ឡើយ​ទេ។​

តែ​បើ​តាម​លោក​ចាន់ ចេន​ មេធាវី​បាន​អះអាង​ថា ​កូនក្តី​របស់​លោក​គឺ​លោក​កឹម សុខា​មិន​ដែល​គេច​វេស​ពីការ​កោះហៅ​របស់​តុលាការ​ទេ​កន្លង​មក៕​