គណបក្សសង្គ្រោះជាតិដែលត្រូវរំលាយបានប្តេជ្ញាជាថ្មីថានឹងតស៊ូនយោបាយបែបអហិង្សាដើម្បីឲ្យមានការដោះលែងលោក កឹម សុខា មេដឹកនាំក្រុមជំទាស់ ស្តារប្រជាធិបតេយ្យឡើងវិញនិងការពារ ប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP កុំឲ្យបាត់ បង់។
នៅក្នុងសេចក្តីថ្លែងការណ៍អំពី «ការធ្វើមាតុភូមិនិវត្តន៍នៃថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ» នៅថ្ងៃចន្ទនេះ បានបញ្ជាក់តាមខ្លឹមសារដើមថា៖«ដូច្នេះដំណើរមាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិនៅពេលដ៏ខ្លីខាងមុខនេះ គឺទៅរួមសុខ រួមទុក្ខជាមួយជនរួមជាតិយើងនៅក្នុងប្រទេស កម្ពុជានិងធ្វើការតស៊ូនយោបាយដោយអហិង្សា ស្របតាមគោលការណ៍ប្រជាធិបតេយ្យ ដើម្បីឲ្យមានការដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ស្តារលទ្ធិប្រជាធិបតេយ្យ និងអនុញាតឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ តាមលក្ខខណ្ឌរបស់សហគមន៍អឺរ៉ុបនិងសហរដ្ឋអាមេរិក បញ្ចៀសការកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP»។
សេចក្តីប្រកាសព័ត៌មានដដែលដែលចាប់ផ្តើមពីពាក្យថាប្រទេសកម្ពុជា ជាមាតុភូមិរបស់ខ្មែរទាំងអស់គ្នា បានបញ្ជាក់បន្ថែមពីសិទ្ធិនិងភារកិច្ចជាច្រើនរបស់ពលរដ្ឋខ្មែរគ្រប់រូប គ្រប់និន្នាការ នូវសិទ្ធិ កាតព្វកិច្ចថែរក្សាការពារទឹកដី ផលប្រយោជន៍ និង សេចក្តីថ្លៃថ្នូររបស់ពលរដ្ឋជាដើម។ សេចក្តីថ្លែង ការណ៍ដដែលនោះ បានអំពាវនាវដល់ជនរួមជាតិខ្មែរ គ្រប់មជ្ឈដ្ឋាន គ្រប់និន្នាការនយោបាយរួមកម្លាំងគ្នា រក្សាកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP ដើម្បីបញ្ចៀសនូវការឈឺចាប់ និងសេចក្តីទុក្ខលំបាក របស់ពលរដ្ឋខ្មែរយើង។ កម្ពុជាអាចបាត់បង់ថវិការាប់រយលានដុល្លារក្នុង១ឆ្នាំ និងប៉ះពាល់ដល់ជីវភាពពលកររាប់ម៉ឺននាក់ នៅពេលដែលមានការកាត់ផ្តាច់ប្រពន្ធអនុគ្រោះពន្ធEBAនិង GSP។ សហគមន៍អន្តរជាតិរួមទាំងអាមេរិក និង សហភាពអឺរ៉ុប បានជំរុញដល់មេដឹកនាំនយោបាយ កម្ពុជាឲ្យដោះស្រាយបញ្ហាស្មុគស្មាញនយោបាយដោយសន្តិវិធី៕