គណបក្ស​ប្រឆាំង​ថា ការ​ដោះលែង​កម្មករ​ត្រូវ​ស្ថិត​ក្នុង​​របៀប​វារៈនៃ​ការ​ចរចា

កូនប្រុស​របស់លោកវ៉ន់ ពៅ​ និង​សាច់ញាតិ​របស់​លោក នៅ​ក្នុងសាលាឧទ្ធរណ៍រាជធានី​កាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ​២០១៤។ (Robert Carmichael/VOA)

ទោះបី​ជា​ជំនួប​តាម​ទូរសព្ទ​រយៈ​ពេល​៤៥​នាទី​រវាង​លោក​ សម រង្ស៊ី​ និង​ លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ កាល​ពី​ថ្ងៃ​ពុធ​មិន​បាន​និយាយ​អំពី​ការ​ស្នើ​សុំ​ឲ្យ​ដោះ​លែង​តំណាង​សហជីព​និង​ក្រុម​កម្មករ​ទាំង​២១​នាក់​ដែល​កំពុង​ជាប់​ឃុំ​ក៏​ដោយ ក៏​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​បាន​បញ្ជាក់​ថា គណបក្ស​មិន​បាន​បំភ្លេចពួកគេ​ចោល​ទេ។​

លោក​ អេង ឆៃអ៊ាង ​អនុប្រធាន​គណៈកម្មការ​នាយក​នៃ​គណបក្ស​សង្គ្រោះជាតិ​មាន​ប្រសាសន៍​នៅ​ថ្ងៃ​សុក្រនេះ​ថា គណបក្ស​សង្គ្រោះជាតិ​បាន​ដាក់​ចំណុច​ស្នើ​សុំ​ឲ្យ​ដោះ​លែង​តំណាង​សហជីព​និង​ក្រុម​កម្មករ​ទាំង​២១​នាក់​ដែល​កំពុង​ជាប់​ឃុំ​ចូល​ក្នុង​របៀប​វារៈ​នៃការ​ចរចារ​រវាង​គណបក្ស​ទាំង​ពីរ​បើ​មាន​ជំនួប​លើក​ក្រោយ​ៗទៀត។​

លោក​មាន​ប្រសាសន៍​ថា បើ​ពួកគេ​ដែល​កំពុង​ជាប់​ឃុំ​មិន​ត្រូវ​បាន​ដោះ​លែង​ទេ​នោះ​ការ​ចរចារ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះជាតិ​ដើម្បី​ដោះ​ស្រាយ​វិប្បត្តិ​នយោបាយ​ក្រោយ​ការ​បោះ​ឆ្នោត​នឹង​ផល​ប៉ះពាល់​មិន​អាច​បោះ​ជំហ៊ាន​ទៅ​មុខ​បាន​ទេ។​

«បាទ​ត្រូវ​ដាក់​ជា​កញ្ចប់​ពីព្រោះ​យើង​មិន​មែន​និយាយ​តែ​រឿង​ធំៗ​ហើយ​យើង​អត់​គិត​រឿង​សេរីភាព។ រឿង​សិទ្ឋិមនុស្ស​នេះ​ជារឿង​សំខាន់​ណាស់​ដើម្បី​យើង​ចង់​និយាយ​ឲ្យ​ស្ថានការណ៍​នយោបាយ​ប្រទេស​កម្ពុជា​មាន​ដំណើរ​ការ​ទៅ​ល្អ»។

លោក វ៉ន់ ពៅ​ ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​និង​ក្រុម​កម្មករ​ដែល​ជា​សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់​ប្រមាណ​២៣​នាក់ ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​ចាប់​ឃុំឃាំងដាក់​ក្នុង​ពន្ឋនាគារ​ដោយ​ចោទ​ប្រកាន់​ថា​បាន​បំផ្លិចបំ​ផ្លាញ​ទ្រព្យសម្បត្តិ​រប​ស់អ្នកដ​ទៃ ​ដោយ​មា​នស្ថាន​ទម្ងន់​ទោស​នៅ​ក្នុងការ​ប៉ះ​ទង្គិច​គ្នា​ដោយ​អំពើ​ហិង្សា​កាលពី​ដើម​ខែមករា​ឆ្នាំ២០១៤។

មាន​ក្រុម​កម្មករ​តែ​ពីរ​នាក់​ប៉ុណ្ណោះ​ត្រូវ​បាន​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ណោះ​អាសន្ន​កាល​ពីចុង​ខែមករា។ ក៏​ប៉ុន្តែ​លោក​ វ៉ន់ ពៅ​ និង​កម្មករ​២១​នាក់​ផ្សេង​ទៀត​កំពុង​ជាប់​ពន្ឋនាគារ​ត្រពាំង​ផ្លុង​ខេត្ត​កំពង់​ចាម។

លោក ឈាង វ៉ុន សមាជិក​ក្រុម​ចរចា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ប្រសាសន៍​ថា​ក្រុម​កម្មករ​ទាំង​២១​នាក់​ជារឿង​របស់​តុលាការ​មិន​ត្រូវ​យក​មក​លាយ​ឡំ​គ្នា​ក្នុង​រឿង​ចរចា​ដើម្បី​ដោះ​ស្រាយ​បញ្ហាជាតិ​ធំៗ​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា ក្នុង​រយៈ​ពេល​នៃ​ការ​ជួប​ចរចារ​កន្លង​មក គណបក្ស​ទាំង​ពីរ​មិន​បាន​លើក​ចំណុច​នេះ​យក​មក​ពិភាក្សា​គ្នាទេ។​

តុលាការ​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី​១៨​ខាង​មុខ​នេះ​គ្រោង​នឹង​បើក​សវនាការ​ពេញ​អង្គ​សេចក្តី​លើ​ករណី​ក្រុម​កម្មករ​ទាំង​២៣​នាក់។ ក៏ប៉ុន្តែ​បាន​លើក​ពេល​សវនាការ​ទៅ​ថ្ងៃទី​២៨ ខែ មេសា​វិញ​ដោយ​លើក​ហេតុផល​ថា ជាប់​រវល់​បុណ្យ​ចូល​ឆ្នាំ។ នេះ​បើ​តាម​បញ្ជាក់​ពី​លោក អំ សំអាត​ ប្រធាន​ក្រុម​ស៊ើប​អង្កេត​របស់​អង្កការ​សិទ្ឋិមនុស្ស​លីកាដូ។​

លោក ជា មុន្នី ប្រធាន​សហជីព​សេរីកម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បញ្ជាក់​ថា​ការ​ដែល​តុលាការ​ភ្ជាប់​ករណី​កម្មករ​ទាំង​២៣​នាក់​ជារឿង​នយោបាយ។​

លោក​មាន​ជំនឿថា ពួកគេ​នឹង​ត្រូវ​គេ​ដោះ​លែង​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​នៅ​ពេល​ដែល​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​បាន​បញ្ចប់។​

«ខ្ញុំ​ជឿ​ថា អ្នក​ទាំង​២១​នាក់​នឹង​មាន​សេរីភាព​ប៉ុន្មាន​ថ្ងៃ​ខាង​មុខនេះ ហើយ​សុំឲ្យ​អ្នក​នយោបាយ​កុំ​យក​បញ្ហា​ដដែលៗ​មកដោះ​ស្រាយ។ ចាស់ៗ​ហើយ​ជិត​ងាប់​រៀងៗ​ខ្លួន។ ខ្លះ​ឈឺ​ ខ្លះ​ជិត​ដាច់​សរសៃ​ឈាម​ ខ្លះ​ឡើង​ឈាម​ឡើង​អី​ហើយ។ ទោះបី​មាន​លុយ​វាល់​កោដិ​វាល់​លាន​ក៏​ដោយ គួរតែ​យក​បញ្ហា​សិទ្ឋិ​មនុស្ស​យក​បញ្ហា​ប្រជាធិបតេយ្យ​មក​ដាក់​ដើម្បី​ឲ្យ​ប្រទេស​ហ្នឹង​ដើរ​លឿន»។​

ការ​បាញ់​បង្ក្រាប​ដោយ​កង​កម្លាំង​មាន​សម្ថកិច្ច​របស់​រដ្ឋាភិបាល​កាល​ពី​ដើម​ខែ​មករា​បណ្តាល​ឲ្យ​កម្មករ​ប្រមាណ​ប្រាំមួយ​នាក់​ស្លាប់ រង​របួស​ជាច្រើន​នាក់​ និង​ត្រូវ​បាន​ចាប់​ដាក់​ពន្ឋនាគារ​ចំនួន​២៣​នាក់៕