មេដឹកនាំ​នយោបាយ​ជំទាស់​លោក​ សម រង្ស៊ី​ ថា​នឹង​វិល​មក​កម្ពុជា​ក្រោយ​ការ​បោះឆ្នោត​ឃុំសង្កាត់

រូបឯកសារ៖ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ថ្លែងក្នុងអំឡុងពេលផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន AFP នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៩។

មេដឹកនាំ​គណបក្ស​ជំទាស់​គឺ​លោក​ សម រង្ស៊ី​ អះអាង​ថា​កម្លាំង​គាំទ្រ​របស់​គណបក្ស​ភ្លើងទៀន​ដែល​អាច​នឹង​កើន​ខ្លាំង​អំឡុង​ពេល​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាច​នឹង​បើក​ផ្លូវ​ឱ្យ​លោក​បាន​វិល​ចូល​មក​ប្រទេស​កម្ពុជា​វិញ។​

ប្រទេស​កម្ពុជា​គ្រោង​នឹង​រៀបចំ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​នៅ​ថ្ងៃ​ទី​៥​ខែ​មិថុនា​ឆ្នាំ​២០២២​ដែល​មាន​គណបក្ស​នយោបាយ​ជាង​១០​ត្រូវ​គេ​រំពឹង​ថា​នឹង​ចូលរួម។​ការ​បោះឆ្នោត​នោះ​ក៏​នឹង​មាន​គណបក្ស​ភ្លើងទៀន​ដែល​ដើម​ឡើយ​មាន​ឈ្មោះ​ថា​«គណបក្ស​សម រង្ស៊ី»។​

នៅ​ក្នុង​បទ​សម្ភាសន៍​ជា​មួយ​វិទ្យុ​អាស៊ី​សេរី​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក​សម រង្ស៊ី​កាលពី​ថ្ងៃ​ទី​១៤​ខែ​មេសា​ អតីតប្រធាន​គណបក្ស​សង្គ្រោះជាតិ​រូប​នោះ​ថ្លែង​ថា​សំឡេង​គាំទ្រ​របស់​គណបក្ស​ភ្លើងទៀន​ក្នុង​ការ​បោះ​ឆ្នោត​ថា្នក់​ក្រោមជាតិ​នោះ​នឹង​អាច​ធ្វើ​ឱ្យ​បរិយាកាស​នយោបាយ​ប្រែប្រួល​និង​អំណោយ​ផល​ឱ្យ​បាន​វិល​ត្រឡប់​ចូល​ប្រទេស​កំណើត​ដែល​លោក​បាន​ចាក​ចេញ​ទៅ​ប្រទេស​បារាំង​ចាប់​តាំង​ពី​ឆ្នាំ​២០១៥។

លោក​លើក​ឡើង​យ៉ាង​ដូច្នេះ៖​«ខ្ញុំ​ជឿ​ជាក់​ថា​ ក្រោយ​ពី​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ខែ​មិថុនា​ខាង​មុខ​នេះ​ក្រោយ​ពី​គណបក្ស​ភ្លើង​ទៀន​បាន​ទទួល​ជ័យ​ជម្នះ ឬ​ក៏​ទទួល​លទ្ធផល​យ៉ាង​ច្រើន​លើសលប់​ពី​អ្នក​បោះឆ្នោត​ ពេល​នោះ​បរិយាកាស​នយោបាយ​នៅ​ប្រទេស​កម្ពុជា​នឹង​មាន​ការ​ផ្លាស់​ប្តូរ​ហើយ​បើ​បរិយាកាស​នយោបាយ​ប្រែប្រួល​គឺ​វា​នឹង​អំណោយ​ផល​ឱ្យ​មាតុ​ភូមិ​និវត្តន៍​របស់​ខ្ញុំ​អាច​ធ្វើ​ទៅ​បាន​យ៉ាង​រលូន»។​

លោក ​សម រង្ស៊ី​ ដែល​មាន​សញ្ជាតិ​បារាំង​ផង​ដែរ​ធ្លាប់​ទទួល​បរាជ័យ​ក្នុង​ផែន​ការ​មាតុភូមិ​និវត្តន៍​របស់​លោក​កាល​ពី​ថ្ងៃ​ទី​៩​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩​ដោយ​សារ​ឧបសគ្គ​មួយ​ចំនួន​ទាក់​ទង​នឹង​ជើង​ហោះហើរ​ចូល​ប្រទេស​ថៃ​ហើយ​ឆ្លង​ចូល​មក​កម្ពុជា។​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​ក៏​បាន​បង្កើន​ការ​រឹតបន្តឹង​សន្តិសុខ​នៅ​តាម​ព្រំដែន​កម្ពុជា​ថៃដោយ​ដាក់​ពង្រាយ​កងទ័ព​រាប់​ពាន់​នាក់។​

រដ្ឋាភិបាល​ធ្លាប់​បាន​ប្រកាស​ថា​បាន​ហាម​ឃាត់​ក្រុមហ៊ុន​អាកាសចរណ៍​មិន​ឱ្យ​ដឹក​សមាជិក​គណបក្ស​ប្រឆាំង​ចូល​មក​ប្រទេស​កម្ពុជា​ទោះ​បីជា​យ៉ាងណាក្រោយ​មក​រដ្ឋាភិបាល​បដិសេធ​ថាមិន​បាន​ប្រកាស​ដូច្នេះ​ទេ។នៅ​ក្នុង​ការ​ប៉ុន​ប៉ង​ចូល​ប្រទេស​កម្ពុជា​នេះ​ដែរ​អ្នកស្រី​មូរ សុខហួរអនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​តុលាការ​កំពូល​បាន​រំលាយ​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧​ត្រូវ​បាន​អាជ្ញាធរ​ម៉ាឡេស៊ី​ឃាត់​ខ្លួន​រយៈ​ពេល​ខ្លី​នៅ​ព្រលាន​យន្ត​ហោះ​កូឡាឡាំពួរ។​

ចំណែក​សកម្មជន​អតីត​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ​ប្រមាណ​៥០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ចំពោះ​អ្វី​ដែល​អាជ្ញាធរ​កម្ពុជា​ថា​ជា​ការ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់។​ អ្នក​គាំទ្រ​សកម្មជន​មន្ត្រី​គណបក្ស​តាម​បណ្តា​ខេត្ត​និង​រាជធានី​និង​ថ្នាក់​ដឹកនាំ​រាប់សិប​នាក់​ទៀត​របស់​គណបក្ស​នេះត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ឬ​ចាប់​ខ្លួន​ទាក់​ទង​នឹង​បទ​«ក្បត់​ជាតិ»​បទ​«រួម​គំនិត​ក្បត់»​ឬ​បទ​«ញុះ​ញង់​ឱ្យ​ប្រពឹត្ត​បទ​ឧក្រិដ្ឋ»​ដែល​មាន​ទំនាក់​ទំនង​នឹង​ផែនការ​វិល​ត្រឡប់​របស់​លោក​សម រង្ស៊ី កាល​ពី​ឆ្នាំ​២០១៩។​

អ្នក​វិភាគ​នយោបាយ​លោក ​សេង សារី​ យល់​ថា​ការ​ប្រកាស​ផែនការ​វិលចូល​ប្រទេស​របស់​លោក​សម រង្ស៊ី​សា​ជាថ្មី​នេះ​អាច​ជា​យុទ្ធសាស្ត្រ​នៃ​ការ​លើក​ទឹកចិត្ត​ដល់​សកម្មជន​គណបក្ស​ភ្លើងទៀន​ដោយ​ប្រយោល​ដែល​អាច​ឱ្យ​គណបក្ស​ជំទាស់​នេះ​កៀរគរ​ការ​គាំទ្រ​បាន​ច្រើន​ទៀត​ក្រោយ​ការ​បោះឆ្នោត​ឃុំសង្កាត់។​

លោក​ប្រាប់​វីអូអេ​ថា៖​ «សម្រាប់​ខ្ញុំ​ខ្ញុំ​គិត​ថាការ​ប្រកាស​របស់​លោក​សម រង្ស៊ី​ត្រឡប់​ចូល​កម្ពុជា​វិញ​អំឡុង​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០២២​នេះ​វា​ជា​យុទ្ធសាស្ត្រ​នយោបាយ​ម្យ៉ាង​ដែល​គេ​ហៅ​ថា​ជា​ការ​ផ្តល់​នូវ​កម្លាំង​ចិត្ត​ឬ​ក៏​លើក​ទឹកចិត្ត​ទៅ​ដល់​សកម្មជន​គណបក្ស​ភ្លើង​ទៀន​ហ្នឹង​ដោយ​ប្រយោល»។​

លោក​បន្ថែម​ថា៖​«ហើយ​គាត់​ក៏​បង្ហាញ​ច្បាស់​ដែរ​នៅ​ក្នុង​បទ​សម្ភាសន៍​ហ្នឹង​ថា​គាត់​មិន​ពាក់​ព័ន្ធ​ជាមួយ​នឹង​ភ្លើងទៀន​ទេ​ ក៏​ប៉ុន្តែ​អ្វី​ដែល​សំខាន់​គាត់​ប្រើសារ​ថាគាត់​នឹង​ចូល​វិញបើ​សិន​ជា​ភ្លើង​ទៀន​មាន​កម្លាំង​នយោបាយ។​នេះ​ជា​ការគិត​របស់​ខ្ញុំ​ទេ​ ខ្ញុំគិត​ថា​វា​យុទ្ធសាស្ត្រ​មួយ​នៅ​ក្នុង​ការ​លើក​ចិត្ត​ដល់​សកម្ម​ជន​គណបក្ស​ភ្លើង​ទៀន»។

លោក ​សេង សារី ​ឱ្យ​ដឹង​ទៀត​ថា​លោក ​សម រង្ស៊ី​ តំណាង​ឱ្យ​កម្លាំង​នយោបាយ​ដែល​អាច​មាន​លទ្ធភាព​ត​ទល់​ជាមួយ​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ក្នុង​ការ​ចរចា​និង​ដោះ​ស្រាយ​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​ក្នុង​ប្រទេសបើសិន​ជា​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បាន​ជាន់​ទឹក​ដី​កម្ពុជា​វិញ​នោះ។​

រដ្ឋ​លេខាធិការ​និង​ជា​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌លោក​ជិន ម៉ាលីន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​ថា​លោក ​សម រង្ស៊ី​អាច​នឹង​ប្រឈម​មុខ​ចំណាត់​ការ​ច្បាប់​នៅ​កម្ពុជា ប្រសិន​បើ​លោក​ហ៊ាន​ចូល​មក​ប្រទេស​កម្ពុជា​ខណៈ​លោក​ជា​ទណ្ឌិត​មួយរូប​ហើយ​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ជា​ច្រើន​ករណី។​

លោក​បញ្ជាក់​ថា៖​ «លោក ​សម រង្ស៊ី​ ជា​ទណ្ឌិត​មាន​ដីកា​តាម​ចាប់​ខ្លួន​អ៊ីចឹង​ទេ​ បើសិន​ជា​គាត់​មក​ គាត់​ត្រូវ​ប្រឈម​មុខ​តាម​ផ្លូវ​ច្បាប់។​ ហើយ​អារឿង​គាត់​មក​មិន​មក​ហ្នឹង​ទាល់​តែ​សួរ​គាត់​ព្រោះ​អី​គាត់​បោក​ប្រាស់​វា​ច្រើន​ដង​ដែរ​ហើយ​ប្រមូល​លុយ​គេ​ក៏​បាន​ច្រើន​ដែរ។​ហើយ​គេ​តាម​ទារ​ដល់​សព្វ​ថ្ងៃ​មិន​ទាន់​សងលុយ​គេ​វិញ​អស់​ផង»។​

វីអូអេ​ព្យាយាម​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​សម រង្ស៊ី​ តាម​សារ​អេឡិចត្រូនិក​អ៊ីមែល​តែ​លោក​មិន​ឆ្លើយ​តប​នៅ​ថ្ងៃ​សុក្រ​នេះ។​

លោក ​សម រង្ស៊ី​ និង​ថ្នាក់​ដឹកនាំ​ព្រម​ទាំង​សមាជិក​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​៨​នាក់​ទៀត​ព្យាយាម​វិល​ចូល​មក​កម្ពុជា​ជា​បន្ត​បន្ទាប់​ក្រោយ​ឆ្នាំ​២០១៩​ដើម្បី​មក​តតំាង​រឿង​ក្តី​ព្រហ្មទណ្ឌ​ជាច្រើន​ករណី​ក្នុង​នោះ​មាន​«បទ​ឧបឃាត»​ឬ​ការ​ប៉ុនប៉ង​ធ្វើ​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ស្ថាប័ន​នៃ​ប្រទេស​កម្ពុជា។​ប៉ុន្តែ​ពួកគេ​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​បម្រាម​មិន​ឱ្យ​ចូល​មក​កម្ពុជាខណៈ​រដ្ឋាភិបាល​កម្ពុជា​ហាម​ក្រុមហ៊ុន​អាកាសចរណ៍​នានា​មិន​ឱ្យ​ដឹក​ពួកគេ​ចូល​ប្រទេស។ចំណែក​លិខិត​ឆ្លងដែន​របស់​ពួកគេ​ក៏ត្រូវ​បាន​ក្រសួង​ការ​បរទស​កម្ពុជា​ធ្វើ​មោឃភាព​សុពលភាព៕​