ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីក្នុងប្រទេសឆាដ (Chad) កាលពីថ្ងៃទី១០ ខែមេសានេះ មិនទាន់បានបង្ហាញពីលទ្ធផលផ្លូវការទេតែក្រុមបេក្ខជនគណបក្សជំទាស់បាននិយាយថា ការរាប់សន្លឹកឆ្នោតបានចង្អុលបង្ហាញឲ្យឃើញថា ប្រទេសនេះកំពុងធ្វើដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតផ្តាច់ព្រាត់។
ក្រុមគណបក្សនឹងមិនទទួលស្គាល់លទ្ធផលបោះឆ្នោតណាផ្សេងទេ។ ការណ៍នេះបានក្លាយជាសញ្ញានៃភាពតានតឹងចុងក្រោយ ខណៈដែលប្រធានាធិបតី អៃដ្រីស ឌេប៊ី (Idris Deby) ស្វះស្វែងរកការបន្តកាន់អំណាចក្នុងអាណតិទី៥របស់លោក។
លោក មហាម៉ាត់ អាម៉ាត់ អាល់ហាបូ (Mahamat Ahmad Alhabo) ប្រធានគណបក្សជំទាស់ គឺគណបក្សដើម្បីសេរីភាពនិងអភិវឌ្ឍន៍ (PLD) និងអ្នកនាំពាក្យបេក្ខជនប្រធានាធិបតីគណបក្សជំទាស់និយាយថា គណបក្សជំទាស់ប្រុងប្រៀបជាស្រេចសម្រាប់ការបោះឆ្នោតផ្តាច់ព្រាត់ជុំទី២ បន្ទាប់ពីលទ្ធផលដែលទទួលបានពីតំណាងរបស់ខ្លួនគ្រប់ស្ថានីយ៍បោះឆ្នោតបានចង្អុលបង្ហាញថា គ្មានបេក្ខជនគណបក្សណាមួយទទួលបានសំឡេងគាំទ្រលើសលុបចំពោះការបោះឆ្នោតជុំទី១កាលពីថ្ងៃអាទិត្យកន្លងទៅទេ។
លោក មហាម៉ាត់ អាម៉ាត់ អាល់ហាបូ ពុំបានបញ្ជាក់ពីព័ត៌មានលម្អិតពីការរាប់សន្លឹកឆ្នោតទេ។ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជុំទី១នោះ មានបេក្ខជន ១៣នាក់ រួមទាំងលោកប្រធានាធិបតី អៃដ្រីស ឌេប៊ី ផងដែរ៕