លោកសុន ឆ័យ អនុប្រធានគណៈកម្មការហិរញ្ញវត្ថុនិងធានាគាររបស់រដ្ឋសភាបានរកឃើញសំណុំរឿងពុករលួយមួយក្នុងស្ថាប័នរដ្ឋសភាដែលគ្រប់គ្រងដោយសែស្រឡាយលោកមិត្ត ការ៉េន អគ្គលេខាធិការរងនៃរដ្ឋសភា ដែលបានតែងតាំងក្រុមគ្រួសារសាច់ញាតិជាប្រព័ន្ធដើម្បីប្រព្រឹត្តអំពើពុករលួយក្នុងស្ថាប័នរដ្ឋសភា។
លោកសុន ឆ័យ បានបញ្ជាក់ថា ក្នុងមួយខែៗស្ថាប័នរដ្ឋសភាបានបាត់បង់ថវិកាជាតិប្រមាណ៥សែនដុល្លារសហរដ្ឋអាមេរិកដោយសារអំពើពុករលួយដែលទាមទារឲ្យមានការស៊ើបអង្កេតនិងនាំអ្នកដែលជាប់ពាក់ព័ន្ធទៅផ្តន្ទាទោសតាមច្បាប់។
លោកសុន ឆ័យបានបញ្ជាក់ថា៖ «ការដាក់មនុស្សដែលមិនធ្វើការឬក៏ដាក់តែឈ្មោះដើម្បីយកលុយ ការបំប៉ោងការចំណាយ ការលុបបំបាត់ថវិកាដែលត្រូវប្រើប្រាស់ ដូចជាការដែលត្រូវចំណាយតាមទីស្នាក់ការខេត្តគឺត្រូវលុបបំបាត់ពីឆ្នាំទៅ ដូចជាមានការលុបបំបាត់ទាំងស្រុងតែម្តង»។
នៅក្នុងលិខិតរបស់លោកសុន ឆ័យផ្ញើរជូនលោកឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាបានបញ្ជាក់ពីក្រុមគ្រួសារសាច់ញាតិលោកមិត្ត ការ៉េន រួមមានលោកហង្ស វិចិត្រត្រូវជាកូនប្រសាររបស់លោកបានកាន់មុខតំណែងជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ។
លោកមិត្ត ទីមាន កូនប្រុសបង្កើតជាប្រធានសវនកម្មផ្ទៃក្នុង និងលោករ៉េន សុវឌ្ឍនា ជាអនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ។ ក្រៅពីនោះ លោកមិត្ត ការ៉េនបានតែងតាំងក្មួយ ប្អូនថ្លៃ អតីតប្អូនថ្លៃ និងកូនប្រសារឲ្យកាន់មុខតំណែងសំខាន់ៗក្នុងរដ្ឋសភាផ្នែកគ្រប់គ្រងថវិកាក្នុងស្ថាប័ននេះ។
លោកសុន ឆ័យមានប្រសាសន៍ថា មានការបំប៉ោងចំណាយខុសប្រក្រតីជាច្រើនក្នុងការទិញសម្ភារៈសម្រាប់ការិយាល័យក្នុងរដ្ឋសភា ចំណាយក្នុងវិស័យគមនាគមក្នុងមួយខែ៤ម៉ឺនដុល្លារ និងការចំណាយលើថ្លៃអ៊ីនធឺណែតខ្ពស់ហួសពីការនឹកស្មានមិនដល់។
លោកនិយាយថា៖«មានថវិកាការថែទាំងអគារ និងប្រាសាទមានដាក់ពីរ បីកន្លែងត្រួតៗគ្នា។ ការចំណាយនេះមិនដឹងជាការថែរក្សាបែបម៉េច? មានខ្ទង់ចំណាយបេសកកម្មជាច្រើនដែលជាការកំណត់ ក៏ប៉ុន្តែចំនួនបេសកកម្មនោះមិនត្រូវទៅតាមការស្នើសុំ ដែលថវិកាសេសសល់ពីហ្នឹងមិនដឹងទៅទីណា»។
បុគ្គលិកនៅក្នុងបញ្ជីផ្លូវការរបស់រដ្ឋសភាមានចំនួន១៣៥០នាក់និងបុគ្គលិកអណ្តែតមានប្រមាណជិត៥០០នាក់។ តែបើតាមធាតុពិតមានបុគ្គលិកមិនដល់ប្រមាណជាងពាក់កណ្តាលផងទេបានមកធ្វើការ ចំណែកបុគ្គលិកផ្សេងទៀតសុទ្ធសឹងជាបុគ្គលិកដែលមានឈ្មោះក្នុងបញ្ជីខ្មោចដែលត្រូវបានលោកមិត្ត ការ៉េននិងសាច់ញាត្បំប៉ោងដើម្បីលួចបំបាត់ថវិកាជាតិ។ នេះបើតាមការបញ្ជាក់ពីលោកសុន ឆ័យ។
វីអូអេបានព្យាយាមទាក់ទងសុំការឆ្លើយតបពីលោកមិត្ត ការ៉េន អគ្គលេខាធិការរងនៃរដ្ឋសភា តែមិនអាចទាក់ទងបានទេ ដោយទូរស័ព្ទរបស់លោកត្រូវបានបិទ។
ចំណែកលោកឈាង វ៉ុន អ្នកតំណាងរាស្ត្រ និងជាអ្នកនាំពាក្យរដ្ឋសភាមិនធ្វើអត្ថាធិប្បាយទៅនឹងការចោទប្រកាន់នេះទេ។
លោកនិយាយថា៖«កុំសួរខ្ញុំ ទុកឲ្យគាត់ដោះស្រាយគ្នាគាត់ទៅ»។
បើទោះបីជាមានការលេចឮពីអំពើពុករលួយយ៉ាងធំក្នុងស្ថាប័នរដ្ឋសភាត្រូវបានល្បីសុសសាយក្នុងប្រទេសកម្ពុជាក៏ដោយ ក៏អង្គភាពប្រឆាំងអំពើពុករលួយមិនបានដឹងដំណឹងនេះនៅឡើយ។
លោកឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានដាក់សំណួរមកសួរអ្នកសារព័ត៌មានវិញថា ឲ្យលោកស៊ើបអង្កេតពីរឿងអ្វី?
លោកនិយាយថា៖«ឲ្យខ្ញុំស៊ើបអង្កេតពីរឿងអ្វី ដែលខ្ញុំមិនដឹង។ បាទ ឲ្យខ្ញុំស៊ើបអង្កេតពីរឿងអ្វី អូនប្រាប់មកខ្ញុំមក»។
នេះជាលើកដំបូងហើយដែលសមាជិកសភាខាងគណបក្សសង្គ្រោះជាតិបានព្យាយាមគាស់កកាយរឿងអំពើពុករលួយក្នុងស្ថាប័នរដ្ឋសភាមកលាតត្រដាងបន្ទាប់ពីបានចូលកាន់មុខតំណែង។
យោងតាមរបាយការណ៍របស់អង្គការតម្លាភាពកម្ពុជាឲ្យដឹងថា អំពើពុករលួយទ្រង់ទ្រាយតូចកើតមានជាទូទៅក្នុងវិស័យឯកជន និងវិស័យសាធារណៈ ឬក្នុងស្ថាប័នរដ្ឋ ដែលបង្កឲ្យមានអយុត្តិធម៌ និងវិសមភាពក្នុងការយកចិត្តទុកដាក់៕