ក្រុម​ជំទាស់​​ធ្វើ​មហា​បាតុកម្ម​ដ៏ធំ​​នៅ​ថ្ងៃ​ខួប​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស

អតីត​ព្រះមហាវីរក្សត្រ​នរោត្តម​សីហនុ​ចុះ​ព្រះ​ហស្ថលេខា​នៅកិច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស។

នៅ​ថ្ងៃខួប​លើក​ទី២២​ឆ្នាំនៃ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ថ្ងៃ​ទី​២៣​ខែតុលា​ ដែល​ប្រទេស​ចំនួន​១៨​សន្យា​ថា​ នឹង​រៀបចំ​ប្រទេស​កម្ពុជា​ឲ្យមាន​ការ​គោរព​សិទ្ធិ​មនុស្ស​ ប្រជា​ធិបតេយ្យ​ សេរី​ពហុបក្ស​នោះ​ គណបក្ស​ជំទាស់​បាន​អះអាង​ថា ​ពួក​គេ​នឹង​ធ្វើ​មហា​បាតុកម្ម​នៅសួន​សេរីភាព​ និង​ដាក់​ញតិ្តជូន​ដល់​ប្រទេស​ហត្ថលេខី​ឲ្យ​ដឹង​ថា​ រដ្ឋាភិបាល​ភ្នំពេញ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ជា​រដ្ឋាភិបាល​ឯកបក្ស ​ហើយ​កំពុង​រំលោភ​គោល​ការណ៍​ប្រជា​ធិបតេយ្យ​ សេរីនិយម​ ពហុបក្ស​ដែល​មាន​ចែង​ក្នុង​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ ដែល​ប្រទេស​ហត្ថលេខី​រួមទាំង​កម្ពុជា​សច្ចា​ថា ​នឹង​ប្រកាន់​យក។​

បាតុកម្ម​នេះ​គឺ​ធ្វើឡើង​ដើម្បី​រារាំង​បរទេស​មិនឲ្យ​ទទួល​ស្គាល់​រដ្ឋសភា​ និង​រដ្ឋា ភិបាល​ថ្មី​ ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​ដែល​គណបក្ស​ជំទាស់​បដិសេធ​មិន​ ទទួល​ស្គាល់​ ដូច​បណ្តាប្រទេស​មួយ​ចំនួន​ ហើយ​គៀង​គរ​ដល់​ប្រទេស​នៅលើ ពិភព​លោក​កុំឲ្យ​ទទួល​ស្គាល់​រដ្ឋាភិបាល​ថ្មី។​

មេ​ដឹកនាំ​ក្រុម​ជំទាស់​គឺ​លោក​កឹម សុខា ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ ថ្លែង​ថា ​គោល​បំណង​នៃ​ការ​ធ្វើ​បាតុកម្ម​គឺចង់​ទាមទារ​ឲ្យ​ប្រទេស​ហត្ថលេខី​ជួយ​ដល់​កម្ពុជា​ដែល​លោក​អះអាង​ថា​ មាន​ការ​រំលោភ​ច្បាប់​ និង​សិទ្ធិ​សញ្ញា​ក្រុង​បារីស។​

«ប្រទេស​កម្ពុជា​សព្វថ្ងៃនេះ​បាន​រំលោភ​ទៅលើ​មូលដ្ឋាន​នៃ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ បារីស​ ជាពិសេស​ត្រង់​ចំណុច​ថា ​ប្រជា​ធិបតេយ្យ​ សេរី​ពហុបក្ស​ ដោយសារ​យើង​ បារម្ភ​ថា​ មាន​ការ​ប្រាចាក​ពី​គោល​ការណ៍​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ ដែល​ ប្រទេស​ទាំងអស់​នោះ​បាន​ជួយ​ដល់​កម្ពុជា​កន្លង​មក​ហើយ។ ​អញ្ចឹង​បាន​យើង​ ​ ក្នុង​នាម​ប្រជាពលរដ្ឋ​ខ្មែរ ​យើង​នឹង​យក​ញត្តិ​ទៅដាក់​ឲ្យ​អ.ស.ប.​ យកទៅ​ដាក់​ឲ្យ​ប្រទេស​ហត្ថលេខី​ទាំងអស់​ ដើម្បី​មក​ជួយ​វិញ​បាទ ​នៅ​ថ្ងៃ​ទី២៣​តុលា​នេះ»។​

លោក​កឹម សុខា​បាន​អះអាង​ថា​ លោក​មាន​ជំនឿ​ថា ​សហគមន៍​អន្តរជាតិនឹង​ យល់​ពី​បញ្ហា​នេះ។​

«ខ្ញុំ​យល់​ថា ​គេ​ឃើញ​ដូច​យើង​អញ្ចឹង​ដែរ​ថា ​ជាការ​មួយ​ដែល​គណបក្ស​ប្រជាជន​ កម្ពុជា​កំពុង​តែ​ដើរ​ខុស​ហ្នឹង​គឺ​បង្កើត​សភា​បក្ស​តែ​មួយ​នេះ​ ហើយ​ដែលខ្ញុំ​ជឿ​ថា​ ប្រទេស​ហត្ថលេខី​ ជាពិសេស​ប្រទេស​ដែល​កាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​ គេមិន​អាច​ ទទួល​បាន​ទេ»។​

តែ​លោក​ផៃ ស៊ីផាន​ អ្នកនាំពាក្យ​រដ្ឋាភិបាល​មួយ​រូប​ បាន​អះអាង​ថា ​បាតុកម្ម​របស់​គណបក្ស​ជំទាស់​និង​ការ​ដាក់ញតិ្ត​ទៅ​កាន់​បណ្តាប្រទេស​ហត្ថលេខី​នៃ​សិទ្ធិ​សញ្ញា​ទីក្រុង​ប៉ារីស​គឺ​ជា​ការ​ប៉ុនប៉ង​ឲ្យ​បរទេស​លូកដៃ​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​ ដែល​ពលរដ្ឋ​កម្ពុជា​បានសម្រេចទៅ​ហើយ​នោះ។​

«ទាំង​ការ​អភិវឌ្ឍ និង​ទាំងការ​អភិវឌ្ឍ​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​ គួរតែ​ចាប់​ផ្តើម​នៅ​ អង្គុយ​នៅក្នុង​សភា​ ជាជាង​ដើរ​ក្រៅ​សភា​ ហើយ​ដែល​ខំលាភ​ពណ៌​ថា​ វា​មិន​មាន​ប្រជា​ធិប​តេយ្យ ​ដោយសារ​មាន​បក្ស​តែមួយ។​ អាហ្នឹង​ការ​លើក​ឡើង​អញ្ចឹង​ ខ្ញុំ​មិន​ ទទួល​យក​បាន​ទេ​ ព្រោះ​ការ​បោះឆ្នោត​យើង​ឃើញ​មាន​រយៈ​ពេល​ច្រើន។​ ហើយ​ អ្វី​ដែល​ធ្វើ​ហ្នឹង​គឺ​កំពុង​តែ​ប្រឆាំង​នឹង​ឆន្ទៈ​ ប្រឆាំង​នឹង​ស្ថាប័នជាតិ​ កំពុង​តែ​ ប្រឆាំង​នឹង​ឆន្ទៈ​នៃ​មតិភាគ​ច្រើន​របស់​មហាជន ​ប្រឆាំង​នឹង​ទិស​ដៅ​របស់​ព្រះ​មហា​ក្សត្រ​ ក៏ដូចជា​ច្បាប់​របស់​កម្ពុជា​នេះ​ឯង»។​

គណបក្ស​សង្គ្រោះ​ជាតិ​បាន​បដិសេធ​មិន​ផ្តល់​ការ​គាំទ្រ​សុពលភាព​សភា​ថ្មី​និង​ ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​ទេ​ ដោយ​បាន​ចោទ​ប្រកាន់​គណបក្ស​ប្រជាជន​កម្ពុជា​ថា​ គៃ​បន្លំ​ការ​បោះឆ្នោត​ជា​ប្រព័ន្ធ ដែល​នាំឲ្យ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រែប្រួល។​ គណបក្ស​ជំទាស់​បាន​ប្រកាស​ថា​ ខ្លួន​ជាអ្នក​ឈ្នះ​ការ​បោះឆ្នោត​នេះ ​ដោយ​ទទួល​បាន​ទទួលអាសនៈ​៦៣ក្នុងសភា​១២៣​អាសនៈ​ ហើយ​អាច​បង្កើត​រដ្ឋាភិបាល​ តែ​ម្នាក់​ឯង​បាន។​ តែ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត​(គ.ជ.ប.)​បាន​ ប្រកាស​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ការ​បោះ​ឆ្នោត​រហូត​ដល់​៦៨​អាសនៈ​ ហើយ​លើស​ពី​ចំនួន​ត្រូវ​ការ​ដើម្បី​បង្កើត​សភាថ្មី​និង​រដ្ឋាភិបាល​ថ្មីតែ​ម្នាក់​ឯង។​

បណ្តាប្រទេស​មួយ​ចំនួន​ ដូចជា​ស.រ.អា.​និង​សហភាព​អឺរ៉ុប​ ដែល​មាន​ឥទ្ធិពល​ដល់​ជំនួយ​ នយោបាយ​ និង​សេដ្ឋកិច្ច​កម្ពុជា​ បាន​បញ្ជាក់​ថា​ សភា​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន​ ត្រូវតែ​មាន​គណ​បក្ស​ចម្រុះ។​ ប្រទេស​ទាំង​ពីរ​ក៏ស្ថិត​ក្នុង​បណ្តាប្រទេស​ហត្ថលេខី​នៃ​សិទ្ធិ​សញ្ញា​ទីក្រុង​ប៉ារីស​ដែល​ត្រូវ​យកចិត្ត​ទុក​ដាក់​អំពី​បញ្ហា​អភិវឌ្ឍ​ បញ្ហា​ប្រជា​ធិបតេយ្យ​ សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​ដែរ។​

លោកបណ្ឌិត​ឡៅ ម៉ុងហៃ​ អ្នកវិភាគ​ឯករាជ្យ​ម្នាក់​ បាន​អះអាង​ថា ​ការ​យក​ចិត្ត​ ទុក​ដាក់​ ឬ​អន្តរាគមន៍​ពីក្រុម​បណ្តាប្រទេស​ហត្ថលេខី​ទាំង​នោះ​គឺ​ស៊ីសង​ទៅ​ លើ​ការ​ផ្តល់​ភស្តុតាង​គ្រប់គ្រាន់​និង​ច្បាស់​លាស់​ទៅ​ដល់​ប្រទេស​ទាំង​នោះ​ដើម្បី​ ជា​ការ​ពិចារណា​របស់​គេ។​

«បើ​និយាយ​ពីកិច្ច​ព្រម​ព្រៀង​អន្តរជាតិ​ជា​កិច្ចសន្យា​អន្តរជាតិ។ ​នេះ​ជា​កាតព្វ​កិច្ច​ ដែល​មាន​ចែងនៅ​ក្នុង​កិច្ច​សន្យា​នោះ។​ ដូច្នេះ​ប្រសិន​បើ​យើង​មាន​ភស្តុតាង​ គ្រប់​គ្រាន់​ នុះ​នឹង​ធ្វើ​ឲ្យ​គេ​ពិបាក​ឆ្លើយ​ថា​ ទេ»។​

តែ​លោក​បញ្ជាក់​ថា ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​និង​បញ្ហា​ប្រជា​ធិបតេយ្យ​ឬ​បញ្ហា​ សភា​ និង​រដ្ឋាភិបាល​ឯកបក្ស​ជា​ចំណុច​ខ្លាំង​ដែរ។​ លោក​បាន​បន្ត​ថា ​គណបក្ស​ កាន់​អំណាច​ធ្លាប់​ទទួល​រង​ទណ្ឌកម្ម​ជា​ច្រើន​លើក​ហើយ ​ហើយ​ស៊ាំ​នឹង​របៀប​ ដឹកនាំ​ប្រទេស​តាម​របៀប​ឯកបក្ស​នេះ។​ លោក​ថា ​ហើយ​គណបក្ស​នេះ​អាច​ដំណើរ​ការ​ទៅមុខ​ទៀត។​

តែ​ក្រុម​អ្នក​វិភាគ​ខ្លះ​ព្រួយ​បារម្ភ​ចំពោះ​ការ​ប៉ះពាល់​ដល់​មុខមាត់​ប្រទេស​និង​ជីវភាព​ប្រជា​ពលរដ្ឋ​ជាទូទៅ​ ប្រសិន​បើ​មាន​ការ​ហ៊ុំព័ទ្ធ​សេដ្ឋកិច្ច។​ ប្រទេស​កម្ពុជា​ត្រូវ​គេ​ចាត់​ទុក​ថា​ ជា​ប្រទេស​ក្រីក្រ​មួយ​ក្នុង​ពិភព​លោក។ ​កម្ពុជា​ត្រូវការ​ជំនួយ​បរទេស​១​ពាន់​លាន​ដុល្លារ​ក្នុង​១ឆ្នាំៗ​ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច​និង​ដំណើរ​ការ​របស់​រដ្ឋាភិបាល​ក្រោយ​ពេល​សង្គ្រាម​ជាង​៣​ទសវត្សរ៍​បាន​បញ្ចប់​កាលពី​ឆ្នាំ​១៩៩៩៕