នាឱកាសប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩នេះ គណបក្សប្រឆាំងបានប្រកាសថ្កោលទោសសារលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ចំពោះការព្រមានផ្ដាច់ដង្ហើមបណ្ដាញរបស់ក្រុមគណបក្សប្រឆាំងនឹងលោក ដែលបានធ្វើឡើងកាលពីពាក់កណ្ដាលខែកុម្ភៈ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ ដែល VOA បានទទួល។
សេចក្ដីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកម្ពុជារំលាយចោលទៅតាមសំណើរបស់រដ្ឋាភិបាលប្រទេសនេះកាលពីឆ្នាំ២០១៧ បានសរសេរថា សិទ្ធិស្ត្រីនៅក្នុងប្រទេសកម្ពុជា កំពុងត្រូវបានរំលោភបំពានដោយរបបលោកហ៊ុន សែន ដែលពុំបានអនុវត្តកាតព្វកិច្ចរបស់ខ្លួន ក្នុងនាមជាហត្ថលេខីនៃសន្ធិសញ្ញានានារបស់អង្គការសហប្រជាជាតិ ជាពិសេសអនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រី ឬThe Convention on the Elimination of all Forms of Discrimination Against Women (CEDAW)។
អនុសញ្ញា CEDAW នេះ ធានាការពារសិទ្ធិនានារបស់ស្ត្រី រួមមាន សិទ្ធិសេដ្ឋកិច្ចសង្គម និងនយោបាយ។
សេចក្ដីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ បានលើកឡើងក្នុងន័យដើមថា៖
«គណបក្សសង្គ្រោះជាតិថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសេចក្ដីថ្លែងរបស់លោកហ៊ុន សែន ដែលត្រូវបានផ្សាយកាលពីថ្ងៃទី១៤ ខែកុម្ភៈកន្លងទៅ ដែលក្នុងនោះ លោកហ៊ុន សែន បាននិយាយថា […] នឹងកម្ចាត់ចោលកម្លាំងប្រឆាំងទាំងអស់ ដែលជាបណ្ដាញរបស់អតីតគណបក្សសង្គ្រោះជាតិ [...] គឺជាសារដែលគួរឲ្យព្រួយបារម្ភបំផុត ព្រោះសារនេះមានលក្ខណៈជាបទបញ្ជាដោយផ្ទាល់ ឲ្យប្រើអំពើហិង្សាទៅលើ ឬសម្លាប់សមាជិក-សមាជិកា សកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលយ៉ាងហោចណាស់មានស្ត្រីជិតពាក់កណ្ដាល»។
គណបក្សសង្គ្រោះជាតិ បានផ្ដល់ការកត់សម្គាល់ថា ក្នុងចំណោមអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន៥០០៧ ដែលគណបក្សសង្គ្រោះជាតិទទួលបានក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧កន្លងមក «មានអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ចំនួន៥០០ ដែលឈ្នះដោយបេក្ខជនជាស្ត្រី»។ ចំពោះការបោះឆ្នោតជាតិ ឆ្នាំ២០១៣ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ គណបក្សសង្គ្រោះជាតិ ទទួលបានសន្លឹកឆ្នោតគាំទ្រជាង ៣លានសំឡេង ដែលក្នុងនោះចំនួនពាក់កណ្ដាលនៃអ្នកបោះឆ្នោត គឺជាស្ត្រី។
គណបក្សសង្គ្រោះជាតិអះអាងថា សារព្រមានបញ្ជាឱ្យកម្ទេចគណបក្សប្រឆាំងបន្ថែមទៀតនេះ គឺជាការបង្កើននូវគ្រោះថ្នាក់កាន់តែខ្លាំងក្នុងការសម្លាប់រង្គាលក្នុងប្រទេសកម្ពុជា ដែលមិនធ្លាប់កើតមាន ចាប់តាំងពីរបបខ្មែរក្រហមមក។
សេចក្ដីថ្លែងការណ៍ដដែលរបស់គណបក្សប្រឆាំង បានសរសេរបន្ថែមក្នុងន័យដើមថា៖
«ការគំរាមកំហែង ការបំភិតបំភ័យ និងការធ្វើទុក្ខបុកម្នេញ ទោះក្នុងរូបភាពណាក៏ដោយទៅលើស្ត្រី គឺជាការគំរាមកំហែងដល់សិទ្ធិសេរីភាព និងសុខដុមរមនារបស់ស្ត្រី។ សន្តិភាពសម្រាប់ស្ត្រី គឺជាការលុបបំបាត់នូវការរើសអើង ការលាបពណ៌ ការគំរាមកំហែង ការបំភិតបំភ័យ និងការធ្វើទុក្ខបុកម្នេញ តាមគ្រប់រូបភាពចំពោះស្ត្រី»។
សេចក្ដីថ្លែងការណ៍ថ្កោលទោសរបស់គណបក្សសង្គ្រោះជាតិ ប្រឆាំងនឹងពាក្យគំរាមកំហែងរបស់លោកហ៊ុន សែន ដែលស្ថិតក្នុងអំណាចជាងបីទសវត្សរ៍មកនោះ ធ្វើឡើងនៅចំពេលដែលសហភាពអឺរ៉ុបកំពុងបន្តនីតិវិធីរៀបចំព្យួរប្រព័ន្ធឋានៈអនុគ្រោះពន្ធដល់កម្ពុជា តាមកម្មវិធីពាណិជ្ជកម្ម «គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ» ឬ EBA ដោយសារតែការធ្លាក់ចុះនៃការគោរពសិទ្ធិមនុស្ស និងការអនុវត្តលទ្ធិប្រជាធិបតេយ្យ។
ក្នុងខ្សែអាត់សំឡេងមួយរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលត្រូវបានគេធ្វើឲ្យលេចធ្លាយកាលពីថ្ងៃទី១៤ ខែកុម្ភៈ គេឮសំឡេងលោកហ៊ុន សែន បានលើកឡើងថា មិនយកអធិបតេយ្យភាពជាតិទៅប្ដូរយកជំនួយបរទេសនោះទេ ហើយថា ការបាត់បង់ឋានៈអនុគ្រោះពន្ធ EBA នឹងផ្ដល់ឱកាសឲ្យកម្ពុជា ពង្រឹងផ្ទៃក្នុងខ្លួន ហើយក៏ជាឱកាសសម្រាប់លោកកម្ចាត់ចោលក្រុមប្រឆាំងរបស់គណបក្សសង្គ្រោះជាតិ ដែលនៅសេសសល់ក្នុងប្រទេស។
«ទីមួយគឺប្រើប្រាស់នូវបញ្ហាប្រឈមរឿងការដកភាពអនុគ្រោះពី EU នេះទៅជាកាលានុវត្តភាពដើម្បីពង្រឹង ខិតខំធ្វើការនៅខាងក្នុងហ្នឹងមួយផ្នែក។ មួយផ្នែកទៀតគឺរឹតពួកអាប្រឆាំងដែលនៅសេសសល់ឲ្យវារលំរលាយកាន់តែឆាប់ ព្រោះគ្មានអ្នកណានឹងត្រូវមកប្រដៅយើងបានទៀតទេ ព្រោះអ្នកឯងបានធ្វើចំពោះខ្ញុំយ៉ាងដូច្នេះហើយ។ ដូច្នេះគឺជាឱកាសដើម្បីយើងលត់ពួកអានៅខាងក្នុងផ្ដាច់ខ្សែសង្វាក់ ផ្ដាច់ខ្សែសង្វាក់របស់វាឲ្យអស់»។
VOA មិនទាន់អាចសុំការអធិប្បាយពីលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានទេ នៅថ្ងៃសុក្រនេះ។
កាលពីខែកុម្ភៈ ឆ្នាំ២០១៩ គឺនៅក្រោយការបែកធ្លាយខ្សែអាត់សំឡេងរបស់លោកហ៊ុន សែន នោះ អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ប្រាប់ VOA តាមសារឆ្លើយឆ្លងអេឡិចត្រូនិកមួយថា លោកហ៊ុន សែន កំពុងបង្កបញ្ហាដែលអាចដាក់បន្ទុកបន្ថែមលើកម្ពុជាឲ្យបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប។
អ្នកស្រីមានប្រសាសន៍ថា លោកហ៊ុន សែន គួរឈប់ប្រើភាសាគំរាមកំហែង ហើយត្រូវប្រញាប់ដោះស្រាយជាបន្ទាន់ជាមួយសហភាពអឺរ៉ុប ពាក់ព័ន្ធនឹងការស្តាការគោរពសិទ្ធិមនុស្ស ការផ្ដល់សិទ្ធិពេញលេញឲ្យក្រុមអ្នកនយោបាយជំទាស់ និងសេរីភាពដល់សង្គមស៊ីវិល និងសារព័ត៌មានឯករាជ្យឡើងវិញ។
អនុប្រធានគណបក្សជំទាស់រូបនេះ សង្កត់ធ្ងន់ថា ការអូសបន្លាយពេលវេលា ដើម្បីឆ្លើយតបទៅនឹងចំណុចអវិជ្ជមានទាំងអស់នេះ នឹងដាក់សម្ពាធដល់អ្នកបញ្ជាទិញក្នុងឧស្សាហកម្មដែលពឹងផ្អែកខ្លាំងលើទីផ្សាររបស់សហភាពអឺរ៉ុប។
«ខ្ញុំយល់ឃើញថា លោក ហ៊ុន សែន កំពុងតែអូសទាញយកពេលវេលាទេ ពីព្រោះគាត់មានប្រសាសន៍អំពី១៨ខែ ប៉ុន្តែកុំអូសពេលវេលា ខុសហើយ ពីព្រោះម្ចាស់គេទិញ គេដាក់បញ្ជាទិញនៅក្នុងសម្រាប់ការផលិត នៅរោងចក្រក្ដី នៅតាមទីផ្សារកសិកម្មក្ដី គេបញ្ជាមុនប្រាំមួយខែ ឬមួយឆ្នាំមុន ដើម្បីឲ្យយើងផលិតឲ្យទាន់ពេលវេលា តែបើសិនជាឃើញថា ក្នុង១៨ខែទៀតនឹងអស់អនុគ្រោះពន្ធហើយ គេអត់បញ្ជាទិញពីពេលនេះទៅ ចាប់ផ្ដើមស្លាប់ពីពេលនេះទៅ មិនមែន១៨ខែទៀត បានយើងស្លាប់ទេ។ ចា៎ អ្នកណាគេវិនិយោគ បើគេដឹងថា ប្រទេសកម្ពុជា នឹងទទួលទណ្ឌកម្មពីសហភាពអឺរ៉ុប? គេវិនិយោគធ្វើអី ខាតទុនគេណ៎ា!»។
យោងតាមសេចក្ដីថ្លែងការណ៍ដដែលរបស់គណបក្សសង្គ្រោះជាតិ ដែលបានធ្វើឡើងមួយថ្ងៃមុនការប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិនៅថ្ងៃសុក្រនេះ គណបក្សប្រឆាំងបញ្ជាក់ថា ខ្លួនគោរពការពារ និងលើកស្ទួយសិទ្ធិស្ត្រី ដែលជាសិទ្ធិមនុស្ស។
សន្តិភាពសម្រាប់ស្ត្រីមានន័យថា ស្ត្រីអាចអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ខ្លួនដោយសុខដុមរមនា ជាពិសេសសិទ្ធិនយោបាយ ក្នុងការអាចឈរឈ្មោះបោះឆ្នោត និងបោះឆ្នោតជ្រើសរើសគណបក្សនយោបាយដែលខ្លួនពេញចិត្ត ដោយគ្មានការគំរាមកំហែង ការបំភិតបំភ័យ និងការធ្វើទុក្ខបុកម្នេញ៕