មេដឹកនាំគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ត្រូវបានចាប់ខ្លួននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ វេលាម៉ោង៩ព្រឹក នៅពេលលោកទើបតែវិលត្រឡប់មកពីប្រទេសជប៉ុនវិញ ទីដែលលោកបានជួបសំណេះសំណាលជាមួយសកម្មជន និងអ្នកគាំទ្រគណបក្ស។ នេះបើតាមសមត្ថកិច្ចរាជធានីភ្នំពេញ។
លោក រ៉ុន ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថាអាជ្ញាធររាជធានីភ្នំពេញបានឃាត់ខ្លួនលោក ស៊ុន ចន្ធី បន្ទាប់ពីលោកបានវិលត្រលប់មកកម្ពុជាវិញក្រោយលោកបានទៅបំពេញបេសកកម្មរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន ជាមួយលោក ជា មុនី អនុប្រធានគណបក្ស ប៉ុន្តែមានតែលោក ស៊ុន ចន្ធី ម្នាក់ប៉ុណ្ណោះដែលត្រូវបានឃាត់ខ្លួន។
លោក រ៉ុន ឈុន ថ្លែងថា៖ «យើងមើលឃើញថាការចាប់ខ្លួននេះជារឿងមួយធ្ងន់ធ្ងរ ជាសារថ្មីមួយគំរាមកំហែងទៅដល់គណបក្សប្រឆាំង ក៏ដូចជាអ្នកគាំទ្រសកម្មជន ជាពិសេសវាគំរាមកំហែងទៅដល់ដំណើរការបោះឆ្នោត ក្រុមប្រឹក្សារាជធានីខេត្តស្រុក ខណ្ឌក្រុង នៅពេលខាងមុខនេះ ហើយការដែលចាប់ហ្នឹងមិនមានការអះអាងឬប្រាប់ថាមានកំហុសឆ្គងអ្វីនោះទេ»។
លោក រ៉ុង ឈុន ទាមទាឱ្យដោះលែងលោក ស៊ុន ចន្ធី ឱ្យមានសេរីភាពឡើងវិញ និងសំណូមពរឱ្យអាជ្ញាធរសមត្ថកិច្ចបញ្ឈប់ការចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំង ដើម្បីស្តារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឡើងវិញ។
លោក ជា មុនី ប្រាប់វីអូអេថាសមត្ថកិច្ចចាប់ខ្លួន លោក ស៊ុន ចន្ធី ដោយមិនបង្ហាញដីកាអ្វីឡើយ។
លោកថ្លែងថា៖ «ការចាប់ខ្លួនលោក ស៊ុន ចន្ធី នៅចំពោះមុខខ្ញុំ ក្រោយចេញពីទ្វារយន្តហោះបាន១៤ម៉ែត្រ ត្រូវបានគេចាប់ខ្លួន ស៊ុន ចន្ធី នៅចំពោះមុខខ្ញុំ ឃើញថាចាប់ដោយគ្មានដីកា ហើយចាប់នេះជាស៊ីវិលចាប់ទៀត»។
លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថាសមត្ថកិច្ចចាប់ខ្លួន លោក ស៊ុន ចន្ធី តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី៧ ខែឧសភា។ លោកបញ្ជាក់ថាលោក ស៊ុន ចន្ធី ត្រូវបានចោទប្រកាន់ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមរយៈការផ្សព្វផ្សាយព័ត៌មាននៅលើបណ្តាញសង្គម។ ប៉ុន្តែលោកមិនបានបញ្ជាក់អង្គហេតុនៃបទល្មើសឡើយ ដោយគ្រាន់តែថាលោក ស៊ុន ចន្ធី ផ្សាយព័ត៌មានដែល«មានចេតនាញុះញង់ បំភ្លៃព័ត៌មានមិនពិត នាំឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ បង្កឱ្យមានភាពវឹកវរក្នុងសង្គម»។
បើតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី៧ ខែឧសភា តុលាការបានបញ្ជាឱ្យនាំខ្លួនលោក ស៊ុន ចន្ធី ចូលមកបង្ហាញខ្លួននៅការិយាល័យសន្តិសុខផ្ទៃក្នុង ផែនការងារសន្តិសុខនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យបានមុនថ្ងៃទី២៣ខែឧសភា ឆ្នាំ២០២៤ ដើម្បីសាកសួរអំពីដំណើររឿង«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ ដីកាមួយនេះក៏មិនបានបញ្ជាក់អង្គហេតុនៃបទល្មើសឡើយ។
នៅពេលបំពេញបេសកកម្មក្នុងប្រទេសជប៉ុន គេឃើញលោក ស៊ុន ចន្ធី បានថ្លែងសារមួយចំនួនជាវីដេអូ ដោយបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ ប្រាប់វីអូអេថាការចាប់ខ្លួននេះអាចនាំឱ្យមាការរិះគន់បន្ថែមទៀតលើការរឹតត្បិតសេរីភាពនយោបាយក្នុងប្រទេសកម្ពុជា។
លោកថ្លែងថា៖ «បច្ចុប្បន្ននេះយើងឃើញថាសហគមន៍អន្តរជាតិឬក៏ក្រុមអង្គការសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្តែងការព្រួយបារម្ភអំពីលំហសេរីភាពនយោបាយ លំហសេរីភាពមូលដ្ឋាន លំហប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា ហើយគេសូមឱ្យមានការបើកលំហនេះឱ្យបានទូលំទូលាយឡើងវិញ។ អញ្ចឹងការចាប់ខ្លួនលោក ស៊ុន ចន្ធី នេះប្រហែលចង់មិនចង់គេនឹងអាចរិះគន់ថាទាក់ទងជាមួយលំហសេរីភាពផ្នែកនយោបាយនេះថាវាមិនទាន់មានភាពល្អប្រសើរ»។
កាលពីកន្លងទៅ លោក ស៊ុន ចន្ធី ក៏ត្រូវបានប្តឹងពីបទឆបោកលុយពីសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោតរបស់គណបក្សភ្លើងទៀន ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។ លោក ស៊ុន ចន្ធី បានបដិសេធការចោទប្រកាន់នេះ។
លោក ស៊ុន ចន្ធី អតីតប្រតិបត្តិខេត្តកំពង់ធំរបស់គណបក្សភ្លើងទៀនបានលាលែងពីសមាជិកភាពពីគណបក្សភ្លើងទៀន កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២៣ ហើយលោកបានបង្កើតគណបក្សថ្មីមួយឈ្មោះថាកម្លាំងជាតិ៕