តំណាងរាស្ត្របក្ស​ប្រឆាំងស្នើ​​​ក្រសួង​ចំនួន​៣​ផ្តល់​យុត្តិធម៌​ឲ្យ​ជន​រងគ្រោះជា​​ស្ត្រីរកស៊ីផ្លូវភេទដែលបាត់​បង់​ជីវិត​ពេលសន្តិសុខខណ្ឌ​ដេញ​ចាប់

លោកស្រី មូ សុខហួរ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ចូលរួម​ជា​វាគិ្មន​ពិភាក្សា​អំពី​បញ្ហា​ប្រឈម​នៃ​ការ​ចុះឈ្មោះ​បោះឆ្នោត​ដល់​ពលករ​ចំណាក​ស្រុក ក្នុង​កម្មវិធី Hello VOA ប្រចាំ​ខែ​ស្តី​អំពី​ការ​ធ្វើ​ចំណាក​ស្រុក នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០១៦។

ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​បាន​ដាក់​លិខិត​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​ក្រសួង​យុត្តិធម៌ និង ក្រសួង​កិច្ច​ការ​នារី ឲ្យ​ស្វែង​រក​យុត្តិធម៌​ជូន​ស្ត្រី​រកស៊ី​ផ្លូវ​ភេទ​ម្នាក់​​ដែល​បាន​​លង់ទឹក​​ស្លាប់ ​នៅ​ពេល​រត់​គេច​ខ្លួន​ពី​​សន្តិ​សុខ​​ខណ្ឌដូន​​ពេញ​​​ ដែល​​ដេញ​​​ចាប់​កាល​ពីថ្ងៃទី​១ ខែមករា​នេះ​។ អ្នក​ការពារ​សិទ្ធិ​មនុស្ស​ក៏​បាន​​​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បើក​ការ​ស៊ើបអង្កេត​រក​ការពិត ​ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ជន​រងគ្រោះ។ ​

ក្រុម​តំណាងរាស្ត្រ​ប្រឆាំង​ទាំង​នេាះ​បាន​ដាក់​លិខិត​ទៅ​រដ្ឋមន្រ្តី​ចំនួន​បី​ តាមរយៈ​លោក ហេង សំរិន ប្រធាន​រដ្ឋសភា ​ឲ្យ​ក្រសួង​ទាំងបី​នោះ​ស្វែង​រកយុត្តិធម៌​ជូន​ស្ត្រី​រកស៊ី​ផ្លូវ​ភេទ​ម្នាក់ដែល​បានលង់ទឹកទន្លេ​សាប​ស្លាប់ ខណៈដែល​នាង​រត់​គេច​ពី​ការ​តាម​ចាប់​របស់​សន្តិ​សុខខណ្ឌដេញ​កាល​ពី​ដើម​ខែ​មករា​នេះ​។

លិខិត​ចំនួន​បី​ច្បាប់​របស់​ក្រុម​តំណា​ង​រាស្រ្ត​បក្ស​ប្រឆាំង​នោះ ​ត្រូវ​បាន​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា​បញ្ជូន​ទៅ​ឲ្យ​លោក​ ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​លោក​ស្រី អ៊ឹង កន្ថាផាវី​ រដ្ឋមន្ត្រី​ក្រសួង​កិច្ច​ការ​នារី កាលពី​ថ្ងៃទី​២៤ ខែ​មករា។

លិខិត​ទាំង​បី​ច្បាប់​នោះ​សរសេរ​ថា៖«ស្រ្តី​រងគ្រោះ​ឈ្មោះ ប៉ែន សុគន្ធា អាយុ៣៣ឆ្នាំ​ ជា​ស្ត្រី​រកស៊ី​ផ្លូវ​ភេទ បាន​ស្លាប់​នៅ​ពេលនាង​ព្យាយាម​រត់​គេច​ពី​សន្តិសុខ​ខណ្ឌ​ដូនពេញ​ ដែលបាន​ឆ្មក់​ចាប់​ស្ត្រី​រកស៊ី​ផ្លូវភេទ​នៅ​ម្តុំ​ទន្លេ​សាប​ក្នុង​ខណ្ឌ​ដូន​ពេញ រាជធានី​ភ្នំពេញ ​កាល​ពីថ្ងៃទី១ ខែមករា​។ សាក្សី​បាន​និយាយថា នាង​បាន​រអិល​ជើងដួល​បោក​ក្បាល​ហើយ​ធ្លាក់​ចូល​ទៅ​ក្នុងទឹក ពេល​លោត​ពី​ទូក​មួយ​ទៅ​ទូក​មួយ​នៅ​កំពង់ផែ​ក្បែរ​វត្តភ្នំ ហើយ​សន្តិ​សុខ​បាន​ទុក​នាងឲ្យ​លង់​ទឹក​ស្លាប់ ព្រម​ទាំង​ហាមឃាត់​មិនឲ្យ​ប្រជា​ពលរដ្ឋ​ចុះ​ជួយសង្គ្រោះ​ពេលនាង​ស្រែក​ហៅ​ឲ្យ​ជួយ​»។

​ក្នុងលិខិត​ផ្ញើជូនរដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ ក្រុម​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​បាន​ស្នើ​ឲ្យ​លោក អង្គ វង្ស​វឌ្ឍា​នា ធ្វើ​អន្តរាគមន៍​ទៅ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញឲ្យ​កសាង​សំណុំ​រឿង​ និង​ឈាន​ទៅ​ចោទ​ប្រកាន់ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញដើម្បី​បញ្ចប់​វប្បធម៌​និទណ្ឌភាពនៅ​កម្ពុជា។ ពួកគេ​បាន​ផ្ញើ​លិខិត​ទៅរដ្ឋមន្រ្តី​ក្រសួង​កិច្ចការ​នារី ដោយស្នើ​សុំ​អន្តរាគមន៍​ការពារ​សិទ្ធិ សេចក្តី​ថ្លៃថ្នូរ និងតម្លៃ​របស់​ស្ត្រី​ទូទៅ​។

តាម​រយៈលិខិត​ផ្ញើ​ជូនរដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ ក្រុម​តំណាង​រាស្រ្ត​ទាំង​នោះ​បាន​អំពាវនាវ​ឲ្យ​ក្រ​សួង​មហាផ្ទៃ​បង្កើត​គណៈកម្មការ​អព្យា​ក្រឹត្យ​ដើម្បី​ស៊ើប​អង្កេត​ទៅ​លើ​ការ​ស្លាប់នេះ។ ក្រុម​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​ទាំង​នោះ​ បន្ថែម​ថា ពួកគេ​នៅ​តែ​ព្រួយ​បារម្ភ​លើ​វិធានការ​ការពារ​សុវត្ថិភាពសង្គម ដោយការ​ប្រើ​អំពើ​ហិង្សា​ដែលធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កុមារនិង​ស្រ្តី​។​

លោកស្រី មូរ សុខហួរ តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំងប្រាប់ VOA ថា ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ក្រសួង​ទាំង​បី​ត្រូវ​តែ​ធ្វើ​អន្តរាគមន៍ និង​បើក​ការ​ស៊ើបអង្កេត​រក​យុត្តិធម៌​ដល់​ជនរងគ្រោះ​ ដើម្បី​ផ្តល់ទំនុក​ចិត្តដល់​ប្រជាពលរដ្ឋ។ លោកស្រី​បន្ថែម​ថា ប្រសិនជា​មិនមាន​ការ​ឆ្លើយ​តប​ណាមួយ​ពី​ក្រសួង​ទាំង​បី​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ទេ​ នោះ​គណៈកម្មការរដ្ឋសភា​ដែល​មាន​សមត្ថកិច្ច​នឹង​កោះ​ហៅ​រដ្ឋមន្រ្តី​ទាំង​នោះមក​បំភ្លឺ។

លោកស្រី​បញ្ជាក់​ថា៖ «បើសិនជា​មាន​កង្វះ​ខាត​ក្នុងការ​អនុវត្ត​ច្បាប់ យើង​ជំរុញ​បន្តទៀត នៅ​មាន​នីតិវិធី​បន្ត​ទៀត​ដូចជា​កោះ​អញ្ជើញ​រដ្ឋមន្រ្តី​ពាក់​ព័ន្ធ​មកឆ្លើយ​នៅសភា​ជាតិ។ ហើយ​បន្ទាប់​ទៀត​យើង​សូមអំពាវ​នាវ​សូម​ឲ្យដៃ​គូ​ដទៃ​ទៀត​គឺ​ សង្គម​ស៊ីវិល អង្គការ​ក្រៅ​រដ្ឋាភិបាល អ្នកការពារ​សិទ្ធិមនុស្ស ស្រ្តី​ទាំងអស់​គ្នា ពលរដ្ឋ​ទាំងអស់​គ្នា​តាម​ដាន​ដោយ​យើង​ផ្តល់​មតិ​របស់​យើង សូម​ឲ្យមាន​យុត្តិធម៌​ គឺមិនមែន​ដើម្បី​តែស្រ្តី​តែមួយ​រូបទេ គឺ​បំបាត់​វប្បធម៌​និទណ្ឌភាព​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា។»

VOA មិនអាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពីលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តី​ក្រសួង​កិច្ចការ​នារី បាន​ទេ។

លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ បាន​បដិសេធ​មិនបង្កើតគណៈកម្មការ​ស៊ើបអង្កេតតាមការស្នើ​សុំ​របស់​ក្រុម​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង។​ ទោះជា​យ៉ាង​ណា​លោក​ថា ក្រសួងនឹង​ពិនិត្យ​លើ​សំណើ​នេះ ហើយ​ក្រសួង​នឹង​ធ្វើ​ទៅ​តាម​លទ្ធភាព។

លោក​មាន​ប្រសាសន៍​ថា៖

«ពិចារណា​ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត។ វា​ច្បាស់​លាស់​ត្រង់​កម្រិត​ណា? បើមាន​មនុស្ស​ស្លាប់​ហើយ យើង​ឧទាហរណ៍បង្កើត​គណៈ​កម្មការ​ឯក​រាជ្យ ថ្ងៃនេះ​បង្កើត​មួយ ថ្ងៃ​ក្រោយ​បង្កើត​មួយ​តែ​រហូត​ហ្នឹង ​ឲ្យ​តែស្លាប់​បង្កើត​តាម​គាត់​យ៉ាង​ម៉េច​ហ្នឹង​កើត​ រដ្ឋ​អធិបតេយ្យ​មួយ​អញ្ចឹង?»។

ក្រោយ​ហេតុការណ៍​នោះ​កើត​ឡើង​បានជិត​១​សប្តាហ៍​ គណៈ​អភិបាល​ខណ្ឌ​ដូន​ពេញ​ដែល​ដឹក​នាំ​ដោយ​លោក សុខ ពេញ​វុធ ជាអភិបាល បាន​ឧបត្ថម្ភ​ទឹក​ប្រាក់​មួយ​ចំនួន​ដល់​ក្រុម​គ្រួសារ​របស់​ជន​រងគ្រោះ​នោះ​។​

ក្រុម​តំណា​ង​រាស្រ្ត​បក្ស​ប្រឆាំង​លើកឡើង​ថា ក្រុម​សន្តិសុខ​ពិតជា​មាន​បំណង​ទុក​ឲ្យ​ជន​រងគ្រោះ​លង់​ទឹក​ស្លាប់​មែន ដូច្នេះ​ក្រុម​សន្តិសុខខណ្ឌ​ដូនពេញ​មាន​ពិរុទ្ធភាព​ពីបទ​ឃាតកម្ម និង​ឃាតកម្ម​គិតទុក​ជា​មុន។ ពួកគេ​បន្ថែម​ថា ករណី​ព្រហ្មទណ្ឌ​ត្រូវតែ​បើកការ​ស៊ើប​អង្កេត ទោះ​បី​ជា​ជន​រងគ្រោះ​យល់ព្រម​ទទួល​យកជំនួយ​ឧបត្ថម្ភ​ពី​អាជ្ញាធរ​ខណ្ឌ​ ជាថ្នូរ​នឹង​ការមិនបន្ត​ដំណោះស្រាយ​ផ្លូវ​ច្បាប់​ក៏​ដោយ​។

លោក អំ សំអាត ​ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស ​លីកាដូ ប្រាប់ VOA ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​គួរតែ​បើក​ការ​ស៊ើបអង្កេត​រក​ការពិត ។

លោក​មាន​ប្រសាសន៍​ថា៖ ​

«វាធ្វើ​ឲ្យមានការ​បាត់​បង់ជំនឿទុក​ចិត្ត ហើយ​បើ​សិនជា​រឿង​នេះ​វា​កើត​ឡើងហើយ មិន​បាន​ធ្វើ​ការ​ស៊ើបអង្កេត គឺវា​ប៉ះពាល់​ធ្ងន់ធ្ងរ វាទៅ​ជា​និទណ្ឌភាព ហើយ​ការ​ប្រព្រឹត្តនូវ​ទង្វើ​ទាំង​អស់​នេះវាអាច​នឹង​បន្តទៅទៀត​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សង្គម​ជាតិ​យើង»។​

លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លើក​ឡើង​ថា សមត្ថកិច្ច​កំពុងស៊ើប​អង្កេត​តាម​នីតិវិធីលើ​ករណីនេះ ទោះ​បីជា​មិនមាន​លិខិត​របស់​អ្នក​តំណាង​រាស្រ្តគណបក្ស​ប្រឆាំងក៏ដោយ ដោយសារ​ករណី​នេះ​ជាបទ​ល្មើស៕