មេដឹកនាំ​នយោបាយ​ជំទាស់​នៅ​ក្រៅ​ប្រទេស​បង្ហាញ​ផែនការ​ជាក់លាក់​ពាក់ព័ន្ធ​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន ម៉ាណែត នៅ​បុរីញូវយ៉ក

រូបឯកសារ៖ អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយចោល ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨។

ក្រុម​មេ​ដឹកនាំ​នយោបាយ​ជំទាស់​នៅ​ក្រៅ​ប្រទេស​ប្រកាស​ពី​ផែនការ​ជាក់លាក់​ដើម្បី​ធ្វើ​បាតុ​កម្ម​ប្រឆាំង​នឹង​វត្តមាន​របស់​លោក​ ហ៊ុន ម៉ាណែត​ នៅ​ក្នុង​ទឹក​ដី​សហ​រដ្ឋ​អាមេរិក​ជា​លើក​ដំបូង​នៅ​ទីក្រុង​ញូវយ៉ក​ក្នុង​នាម​ជានាយក​រដ្ឋមន្ត្រី។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​៤ ​ខែ​កញ្ញា​ ឆ្នាំ​២០២៣។​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​របស់​ចលនា​ពលរដ្ឋ​ខ្មែរ​ដើម្បី​ប្រជា​ធិបតេយ្យ​ មេ​ដឹកនាំ​នយោបាយ​ជំទាស់​ទាំង​នោះ​នឹង​ដឹក​នាំ​ធ្វើ​បាតុកម្ម​នៅ​អំឡុង​ពេល​មហា​សន្និ​បាត​អង្គការ​សហ​ប្រជា​ជាតិ​ ចាប់​ពី​ម៉ោង​១០​ព្រឹក​ រហូត​ដល់​ម៉ោង​៣​ល្ងាច​ ថ្ងៃទី​២២​ ខែ​កញ្ញា​ នៅ​ទីធ្លាដែល​នៅ​ក្បែរ​អង្គការ​សហ​ប្រជាជាតិ​ ឬ​ UN Plaza។ ​បាតុកម្ម​នេះ​មាន​គោល​បំណង​បង្ហាញ​ពី​ការ​មិន​មាន​ភាព​ត្រឹម​ត្រូវ​និង​ស្រប​ច្បាប់​នៃ​ការ​ឡើង​កាន់​អំណាច​របស់​លោក​ ហ៊ុន ម៉ាណែត។​

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា៖ ​«ពួក​យើង​ជំរុញ​ឱ្យ​រដ្ឋ​ជា​សមាជិក​ទាំងអស់​ដើរ​ចេញ​ នៅ​ពេល​ដែល​លោក​ ហ៊ុន ម៉ាណែត​ ឡើង​ថ្លែង​សុន្ទរកថា​ ដើម្បី​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នៃ​របប ហ៊ុន ម៉ាណែត»។​

លោក ​ហ៊ុន ម៉ាណែត​ នាយក​រដ្ឋមន្ត្រី​ថ្មី​ វ័យ​៤៥​ឆ្នាំ​របស់​កម្ពុជា ​នឹង​ដឹក​នាំ​ប្រតិភូ​របស់​លោក​ទៅ​ចូល​រួម​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​ នា​ពាក់​កណ្តាល​ខែ​កញ្ញា ​ឆ្នាំ​២០២៣។

អតីត​មន្ត្រី​ជាន់ខ្ពស់​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ អ្នកស្រី​ មូរ សុខហួរ​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ​បាតុកម្ម​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​តាម​ការ​គ្រោង​ទុក​ដោយ​អ្នក​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​ពេល​ពួក​គេ​មិន​អាច​ទទួល​យក​បាន​ឡើយ​នូវ​តួនាទី​ និង​វត្តមាន​របស់​លោក​ ហ៊ុន​ ម៉ាណែត​ នៅ​អង្គការ​សហ​ប្រជាជាតិ​ ព្រោះ​ការបោះ​ឆ្នោត​កន្លង​ទៅ​ មិន​បាន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​និង​យុត្តិ​ធម៌​ទេ។​

អ្នកស្រី​ថ្លែង​ថា៖ ​«ដូច្នេះ​យើង​ជា​ចលនា​ប្រជា​ធិបតេយ្យ​ខ្មែរ​យល់​ឃើញ​ថា​ ប្រទេស​ម្ពុជា​យើង​ត្រូវ​តែ​មាន​នាយក​រដ្ឋមន្ត្រី​ស្រប​ច្បាប់​ទៅ​អង្គុយ​នៅ​លើ​អាសនៈ​ប្រទេស​យើង​នៅ​អង្គការ​សហ​ប្រជាជាតិ​ទើប​ជា​ការ​ត្រឹមត្រូវ​ដើម្បី​លើក​មុខ​ លើក​មាត់​ លើក​កម្ពស់​ និង​តម្លៃ​នៃ​ប្រជាជាតិ​យើង»។​

ថ្លែង​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វីអូអេ​តាម​ទូរស័ព្ទ​នាថ្ងៃ​ពុធ​នេះ​ អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជាជន​កម្ពុជា​ លោក ​សុខ ឥសាន​ អះអាង​ថា ​គម្រោង​បាតុកម្ម​នៅ​ក្រៅ​ប្រទេស​ដែល​ដឹក​នាំ​ដោយ​ថ្នាក់​ដឹកនាំ​ និង​សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​មិន​អាច​បំផ្លាញ​ប្រតិភូ​កម្ពុជា​ដឹក​នាំ​ដោយ​លោក​ ហ៊ុន ម៉ាណែត ​នៅ​ទីក្រុង​ញូវយ៉ក​នៃ​សហ​រដ្ឋ​អាមេរិក​បាន​ឡើយ។​

លោក​ថ្លែង​ថា៖​ «វា​គ្មាន​នរណា​រារាំង​បាន​ទេ។​ ទៅ​ប្រជុំ​តាម​ការ​អញ្ជើញ​របស់​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ សួរ​ថា​ ខ្មែរ​នៅ​ទីនោះ​ប៉ុន្មាន​គ្រាប់​ដែល​បាតុកម្ម។​ បាតុកម្ម​ហ្នឹង​គេ​ឱ្យ​នៅ​តែ​កែង​ត្រង់​ណា​មួយ​ទៅ ​តែ​ហ៊ាន​ដើរ​ឆ្លង​ខ្សែ​គេ ​គេ​ដាក់​ហើយ!»​

Your browser doesn’t support HTML5

បាតុករ​ជាង​១០០​នាក់​ប្រឆាំង​ដំណើរការ​បោះឆ្នោត​និង​ការផ្ទេរ​អំណាច​នៅ​កម្ពុជា

កាល​ពី​ពេល​ថ្មីៗ​នេះ ថ្នាក់​ដឹក​នាំ​និង​សមាជិក​ជាន់​ខ្ពស់​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ឡូវែល​ (Lowell) ​សហ​រដ្ឋ​អាមេរិក​ ដោយ​ប្រកាស​បដិសេធ​មិន​ទទួល​ស្គាល់​លោក ​ហ៊ុន ម៉ាណែត​ ដោយ​សារ​ការ​បោះឆ្នោត​កន្លង​មក​គ្មាន​ភាព​ស្របច្បាប់​ ហើយ​ការ​តវ៉ា​ជំទាស់​នឹង​វត្តមាន​របស់​លោក​ ហ៊ុន ម៉ាណែត​ នឹង​ធ្វើ​ឡើង​នៅ​ទីក្រុង​ញូវយ៉ក​នៅ​ថ្ងៃ​ទី​២២ ​ខែ​កញ្ញា​ ខាង​មុខ​នេះ។​

អ្នក​នាំ​ពាក្យ​គណ​បក្ស​ភ្លើងទៀន​ លោក​ គីមសួរ​ ភិរិទ្ធ ​លើក​ឡើង​ថា​ បាតុកម្ម​ដែល​នឹង​ធ្វើ​នៅ​បុរី​ញូវយ៉ក​ មិន​ពាក់​ព័ន្ធ​ជាមួយ​គណបក្សភ្លើងទៀន​នោះ​ឡើយ​ ហើយ​ថា​ វា​ជា​សេរី​ភាព​របស់​បុគ្គល​ម្នាក់ៗ​នៅ​ក្នុង​ការ​ធ្វើ​បាតុកម្ម​សម្តែង​មតិ។​

លោក​ថ្លែង​ថា៖​ «ដូច្នេះ​នេះ​ជា​រឿង​របស់​គេ​ទេ។​ យើង​មិន​មាន​ការ​ពាក់ព័ន្ធ​ ហើយ​យើង​មិន​បាន​ដឹង​អំពី​គម្រោង​របស់​គេ​ហ្នឹង​ទេ»។​

អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិបត្តិ​ការ​និង​សន្តិភាព​ លោក​ វណ្ណ ប៊ុនណា​ យល់​ថា​ វាជា​រឿង​ធម្មតា​សម្រាប់​មេ​ដឹកនាំ​កម្ពុជា​ នៅ​ពេល​ចេញ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​ខាង​ក្រៅ​ប្រទេស​ ហើយ​មាន​ក្រុម​អ្នក​ធ្វើ​បាតុកម្ម​ប្រឆាំង។​ ប៉ុន្តែ​លោក​ថា​ វា​មិន​ប៉ះពាល់​ដល់​ដំណើរ​ការ​ការ​ទូត​របស់​កម្ពុជា​នៅ​ក្រៅ​ប្រទេស​នោះ​ទេ។​

បើ​តាម​អ្នក​ស្រាវ​ជ្រាវ​រូប​នេះ​ ការ​ពង្រឹង​ការទូត​មាន​លក្ខណៈ​ចម្រុះ​ ដោយ​ការ​កសាង​ទំនាក់​ទំនង​ល្អ​ជា​មួយ​បណ្តា​ប្រទេស​ផ្សេង​ទៀត​ឱ្យ​បាន​ល្អ​ ជា​ការ​ចាំបាច់​សម្រាប់​នាយក​រដ្ឋមន្ត្រី​ថ្មី​ដើម្បី​ស្តារ​ស្ថាន​ភាព​នយោបាយ​បច្ចុប្បន្ន។​

លោក​ថ្លែង​ថា៖​ «អ៊ីចឹង​ទេ​ដើម្បី​បង្កើត​មិត្ត​ច្រើន​កាន់​តែ​ល្អ​ វា​ទាមទារ​ឱ្យ​កម្ពុជា​ ទាមទារ​កែ​ប្រែ​នយោបាយ​នៅ​ក្នុង​ស្រុក​ ជា​ពិសេស​ការ​ដោះស្រាយ​វិបត្តិ​ ឬ​ក៏​វិវាទ​នយោបាយ​រវាង​អ្នក​នយោបាយ​បក្ស​កាន់​អំណាច​ និង​បក្ស​ប្រឆាំង​ផង​ដែរ ​ដោយ​សារ​កត្តា​នយោបាយ​ផ្ទៃ​ក្នុង​វា​កំណត់​គោល​នយោបាយ​ការ​បរទេស។​ កាល​ណាយើង​មាន​នយោបាយ​សាមគ្គី​ជាតិ ​វា​ធ្វើ​ឱ្យ​កម្ពុជា​មាន​កម្លាំង​រួម​ ឬ​ក៏​មាន​ទឹក​មាត់​ប្រៃ​ដែរ»។​

សហ​រដ្ឋ​អាមេរិក​ម្តង​ហើយ​ម្តង​ទៀត​លើក​ឡើង​ថា​ នៅ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​ថ្មី​ចាប់​ផ្តើម​កាន់​តំណែង​របស់​ខ្លួន ​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ មាន​ឱកាស​ស្តារ​លទ្ធិ​ប្រជា​ធិបតេយ្យ​សេរី​ពហុ​បក្ស​ពិត​ប្រាកដ ​បញ្ចប់​ការ​កាត់​ក្តី​ដែល​ជំរុញ​ដោយ​រឿង​នយោបាយ ​ទម្លាក់​ចោល​ការ​ផ្តន្ទាទោស​អ្នក​រិះគន់​រដ្ឋាភិបាល ​និង​អនុញ្ញាត​ឱ្យ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​បើក​ដំណើរ​ការ​ឡើង​វិញ​ និង​ធ្វើ​ការ​របស់​ពួកគេ​ដោយ​គ្មាន​ការ​ជ្រៀត​ជ្រែក​ជាដើម៕