ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច៖ ការតវ៉ា​នានា​មិន​អាច​ខ្ទប់​បេសកកម្ម​ការទូត​របស់​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​​​បាន​ឡើយ


លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ផ្តល់បទសម្ភាសន៍ឲ្យវីអូអេ នៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២២។ (ធីតា វីន/វីអូអេ)
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ផ្តល់បទសម្ភាសន៍ឲ្យវីអូអេ នៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២២។ (ធីតា វីន/វីអូអេ)

កាលពី​ពេលថ្មីៗ​នេះ​ ថ្នាក់​ដឹកនាំនិង​សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដឹកនាំ​បាតុកម្ម​មួយ​នៅ​ទីក្រុង​ឡូវែល​ (Lowell) ​សហ​រដ្ឋ​អាមរិក ​ដោយ​ប្រកាស​មិន​គាំទ្រ​ការ​ឡើង​កាន់​អំណាច​ជា​នាយក​រដ្ឋមន្ត្រី​របស់​លោក ​ហ៊ុន ម៉ាណែត​ ហើយ​បាន​ឱ្យ​ដឹង​ពីផែន​ការ​នៃ​ការ​តវ៉ា​ប្រឆាំង​នឹង​វត្តមាន​របស់​មេ​ដឹកនាំ​រដ្ឋាភិបាល​ខ្មែរ​វ័យ​ក្មេង​រូប​នោះ​នៅ​បុរីញូវយ៉ក។​

ថ្លែង​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ លោក ​សុខ ឥសាន​ អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជាជន​កម្ពុជា​ អះអាង​ថា ​គម្រោងបាតុកម្ម​នៅ​ក្រៅ​ប្រទេស​ដែ​ល​ដឹក​នាំ​ដោយ​ថ្នាក់​ដឹកនាំ​ និង​សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​មិន​អាច​បំផ្លាញ​ប្រតិភូ​កម្ពុជា​ដឹកនាំ​ដោយ​លោក​ ហ៊ុន ម៉ាណែត នៅ​ទីក្រុង​ញូវយ៉ក​នៃ​សហ​រដ្ឋ​អាមេរិក​បាន​ឡើយ។​

លោក​ថ្លែង​ថា៖​ «វា​គ្មាន​នរណា​រារាំង​បាន​ទេ។​ ទៅ​ប្រជុំ​តាម​ការ​អញ្ជើញ​របស់​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ សួរ​ថា​ ខ្មែរ​នៅ​ទីនោះ​ប៉ុន្មាន​គ្រាប់​ដែល​បាតុកម្ម។​ បាតុកម្ម​ហ្នឹង​គេ​ឱ្យ​នៅ​តែ​កែង​ត្រង់​ណា​មួយ​ទៅ តែហ៊ាន​ដើរ​ឆ្លង​ខ្សែ​គេ ​គេ​ដាក់​ហើយ!»​

លោក ​ហ៊ុន ម៉ាណែត​ នាយក​រដ្ឋមន្ត្រី​ថ្មី​ វ័យ​៤៥​ឆ្នាំរបស់​កម្ពុជា ​នឹង​ដឹក​នាំ​ប្រតិភូ​របស់​លោកទៅ​ចូល​រួម​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​ នា​ពាក់​កណ្តាល​ខែ​កញ្ញា ​ឆ្នាំ​២០២៣។​

ខណៈ​មេ​ដឹក​នាំ​ឈាម​ថ្មី​រូប​នេះ​នឹង​ជាន់​ទឹក​ដី​អាមេរិក​ជា​លើក​ដំបូង​ក្នុង​នាម​ជា​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ អ្នក​នយោបាយ​ជំទាស់​មួយ​ចំនួននៅ​ទីនោះ​បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ ហើយ​ទាមទារ​ឱ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ​នៅ​ប្រទេស​កម្ពុជា។ ​

កាល​ពី​សប្តាហ៍​មុន​ ថ្នាក់​ដឹក​នាំនិង​សមាជិក​ជាន់​ខ្ពស់​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ឡូវែល​ (Lowell) ​ដោយ​ប្រកាស​បដិសេធ​មិន​ទទួល​ស្គាល់លោក ​ហ៊ុន ម៉ាណែត​ ដោយ​សារ​ការ​បោះឆ្នោត​កន្លង​មក​គ្មាន​ភាព​ស្របច្បាប់​ ហើយ​ការ​តវ៉ា​ជំទាស់​នឹង​វត្ត​មាន​របស់​លោក​ ហ៊ុន ម៉ាណែត​ នឹង​ធ្វើ​ឡើងនៅ​ទីក្រុង​ញូវយ៉ក​នៅ​ថ្ងៃ​ទី​២២ ​ខែ​កញ្ញា​ ខាង​មុខ​នេះ។​

ទោះ​ជា​យ៉ាង​ណាក្តី​ អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិបត្តិ​ការនិង​សន្តិ​ភាព​ លោក​ វណ្ណ ប៊ុនណា​ យល់​ថា​ វា​ជារឿង​ធម្មតា​សម្រាប់​មេ​ដឹកនាំ​កម្ពុជា​ នៅ​ពេល​ចេញ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​ខាង​ក្រៅ​ប្រទេស​ ហើយ​មាន​ក្រុម​អ្នក​ធ្វើ​បាតុកម្ម​ប្រឆាំង។​ ប៉ុន្តែ​លោក​ថា​ វា​មិន​ប៉ះពាល់ដល់​ដំណើរ​ការ​ការទូត​របស់​កម្ពុជា​ទៅ​ក្រៅ​ប្រទេស​នោះ​ទេ។​

បើ​តាម​អ្នក​ស្រាវ​ជ្រាវ​រូប​នេះ​ ការ​ពង្រឹង​ការទូត​ចម្រុះ​ពណ៌​ដោយ​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​បណ្តា​ប្រទេស​ផ្សេង​ទៀត​ឱ្យ​បាន​ល្អ​ ជាការ​ចាំបាច់​សម្រាប់​នាយក​រដ្ឋមន្ត្រី​ថ្មី​ដើម្បី​ស្តារ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន។​

លោក​ថ្លែង​ថា៖​ «អ៊ីចឹង​ទេ​ដើម្បី​បង្កើត​មិត្ត​ច្រើន​កាន់តែ​ល្អ​ វា​ទាមទារ​ឱ្យ​កម្ពុជា​ ទាមទារ​កែ​ប្រែ​នយោបាយ​នៅ​ក្នុងស្រុក​ ជាពិសេ​ស​ការ​ដោះស្រាយ​វិបត្តិ​ ឬ​ក៏​វិវាទ​នយោបាយ​រវាង​អ្នក​នយោបាយ​បក្ស​កាន់​អំណាច​ និង​បក្ស​ប្រឆាំង​ផង​ដែរ ​ដោយ​សារ​កត្តា​នយោបាយ​ផ្ទៃ​ក្នុង​វា​កំណត់​គោល​នយោ​បាយ​ការ​បរទេស។​ កាល​ណា​យើង​មាន​នយោបាយ​សាមគ្គី​ជាតិ ​វា​ធ្វើ​ឱ្យ​កម្ពុជា​មាន​កម្លាំង​រួម​ ឬក៏​មាន​ទឹក​មាត់​ប្រៃ​ដែរ»។​

ក្នុង​ថ្ងៃ​បើក​កិច្ច​ប្រជុំ​សភា​នីតិ​កាល​ទី៧​កាល​ពី​ម្សិលមិញ អង្គ​ទូត​នៃ​ប្រទេស​មួយ​ចំនួន​ ដូចជា​ស្ថានទូត​សហ​រដ្ឋ​អាមេ​រិក ​ស្ថានទូត​អង់គ្លេស​ និង​ស្ថានទូត​អូស្ត្រាលី​ជា​ដើម​ ក៏​បាន​បង្ហាញ​ខ្លួន​ក្នុង​កិច្ច​ប្រជុំ​សភា​នោះ​ផង​ដែរ។​

សហ​រដ្ឋ​អាមេរិក ​អង់​គ្លេស ​អូស្ត្រាលី ​សហ​ភាព​អឺរ៉ុប​ជា​ដើម ​ធ្លាប់ថ្លែង​រិះគន់​ថា ​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ថ្ងៃទី​២៣ ​ខែ​កក្កដា ​កន្លង​ទៅ​ធ្វើ​ឡើង​ដោយ​មិន​មាន​ភាព​សេរី​ និង​យុត្តិធម៌ ​នៅ​ពេល​គណបក្ស​ភ្លើងទៀន​ត្រូវ​បាន​ផាត់​ចេញ​ពី​ការ​បោះឆ្នោត។​

ប៉ុន្តែ​ក្រោយ​មាន​វត្តមាន​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​លើក​ដំបូង​របស់​សភា​នីតិកាល​ទី​៧​កាលពី​ថ្ងៃ​ចន្ទ​ លោក​ Patrick Murphy ​ឯក​អគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ បង្ហោះ​សារ​នៅ​លើ​ប្រព័ន្ធ​ទំនាក់​ទំនង ​Twitter​ ភ្លាមៗ​ថា៖ «នៅ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​ថ្មី​ចាប់​ផ្តើម​កាន់​តំណែង​របស់​ខ្លួន ​វា​មាន​ឱកាសស្តារ​លទ្ធិ​ប្រជា​ធិបតេយ្យ​សេរី​ពហុ​បក្ស​ពិត​ប្រាកដ ​បញ្ចប់​ការ​កាត់​ក្តី​ដែល​ជំរុញ​ដោយ​នយោបាយ ​ទម្លាក់​ចោល​ការ​ផ្តន្ទាទោស​អ្នក​រិះគន់​រដ្ឋាភិបាល ​និង​ការ​អនុញ្ញាត​ឱ្យ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​បើក​ដំណើរ​ការ​ឡើង​វិញ​ និង​ធ្វើ​ការ​របស់​ពួកគេ​ដោយ​គ្មាន​ការ​ជ្រៀត​ជ្រែក»។​

លោក ​ហ៊ុន ម៉ាណែត​ ក៏គ្រោងនឹង​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​ចិន ​និង​ចូលរួម​ការ​ប្រជុំ​អន្តរជាតិ​មួយ​ចំនួន​ទៀតក្នុង​ឋានៈ​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា៕

XS
SM
MD
LG