ក្រោយពីរង់ចាំជិតពីរម៉ោងអ្នកស្រី មូរ សុខហួរ លោក នុត រំដួល និងលោក ឡុង រី តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានទទួលការបញ្ជាក់តាមទូរស័ព្ទពីលោក អ៊ូ សុវណ្ណ កុងស៊ុលកិត្តិយសប្រទេសកម្ពុជានៅទីក្រុង Lowell (ឡូវែល)ថា ស្ថានកុងស៊ុលមិនអាចផ្តល់ទិដ្ឋាការជូនអ្នកស្រីនិងតំណាងរាស្ត្រផ្សេងទៀតបានទេដោយស្ថានកុងស៊ុលត្រូវសុំគោលការណ៍ពីក្រសួងការបរទេសកម្ពុជា។
លោក ឡុង រី ដែលបាននិយាយទូរស័ព្ទជាមួយលោក អ៊ូ សុវណ្ណ បានប្រាប់វីអូអេថាលោកកុងស៊ុលកិត្តិយសប្រាប់ថា ដោយសារវាទាក់ទងនឹងបញ្ហានយោបាយលោកត្រូវសុំប្រតិភូកម្មពីក្រសួងឬថ្នាក់ដឹកនាំរដ្ឋាភិបាល។
លោក ឡុង រី បញ្ជាក់ថា៖ «ជាចម្លើយគាត់ថាវាជាសេចក្តីសម្រេចនយោបាយ។គាត់ជាមន្ត្រីអនុវត្តច្បាប់។បើសិននយោបាយគេបើកអាហ្នឹងវាមិនអីទេ។ប៉ុន្តែឥឡូវវាអត់បានលទ្ធផលអីត្រូវឆ្លើយបានទេ។អ៊ីចឹងជារួមយើងមិនអាចទទួលបានទិដ្ឋាការនេះទេ»។
ក្រោយពីអ្នកស្រី មូរ សុខហួរ និងសហការីដែលជាតំណាងអ្នកចង់ធ្វើមាតុភូមិនិវត្តន៍បានចាកចេញ លោកអ៊ូសុវណ្ណបានទៅដល់ស្ថានកុងស៊ុលរបស់លោក។ ដោយសុំមិនឱ្យថតសំឡេងនិងវីដេអូលោកបានប្រាប់វីអូអេថាបើអ្នកស្រីមូរ សុខហួរដាក់ពាក្យសុំទិដ្ឋាការ លោកទទួលស្វាគមន៍ឱ្យអ្នកស្រីបំពេញពាក្យស្នើសុំហើយលោកនឹងធ្វើលិខិតសុំការអនុញ្ញាតពីក្រសួងការបរទេសព្រោះលោកជាមន្ត្រីស្ម័គ្រចិត្តបម្រើកិច្ចការកុងស៊ុលសម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅ ប៉ុន្តែសម្រាប់អ្នកស្រីមូរ សុខហួរដែលជាអ្នកនយោបាយលោកត្រូវអនុវត្តតាមខ្សែរយៈនយោបាយបានន័យថា លោកត្រូវសុំការអនុញ្ញាតពីក្រសួងការបរទេសមុនចេញទិដ្ឋាការឱ្យអ្នកស្រី។
អ្នកស្រី មូរ សុខហួរ ប្រាប់វីអូអេថាអ្នកស្រីចង់ទៅចូលរួមជាមួយសកម្មជនគណបក្សនិងសកម្មជនសិទ្ធិមនុស្សដែលត្រូវតុលាការកោះហៅនៅថ្ងៃអង្គាររួមមានកញ្ញាសេង ធារីប្រធានមជ្ឈមណ្ឌលអប់រំដើម្បីពលរដ្ឋខ្មែរបន្ទាប់ពីអាក់ខានជាងមួយឆ្នាំ។
អ្នកស្រីសុំទិដ្ឋាការលើលិខិតឆ្លងដែនសហរដ្ឋអាមេរិកទៅចូលរួមសវនាការតាមការកោះហៅរបស់តុលាការព្រោះលិខិតឆ្លងដែនរបស់អ្នកស្រីនិងតំណាងរាស្ត្រផ្សេងទៀតត្រូវបានធ្វើមោឃភាពក្រោយពីការធ្វើមាតុភូមិនិវត្តន៍មិនបានសម្រេចកាលពីថ្ងៃ៩ខែវិច្ឆិកា ឆ្នាំ២០១៩ដឹកនាំដោយលោកសម រង្ស៊ីប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។
អ្នកស្រីមូរ សុខហួរថ្លែងថា៖ «ឥឡូវនេះថ្ងៃនេះទៀតខ្ញុំនៅតែមិនអស់ចិត្តទេ។ ខ្ញុំមានប៉ាស្ព័រ(លិខិតឆ្លងដែន)មួយទៀតប៉ាស្ព័រអាមេរិកាំងចា៎។នៅក្នុងប៉ាស្ព័រអាមេរិកាំងនេះយើងអាចសុំK-វីសា(ទិដ្ឋាការខ្មែរ)។នេះវីសាខ្ញុំម៉ាគំនរចា៎ទៅណាមកណានៅលើប៉ាស្ព័រអាមេរិកាំងហ្នឹង។គេអត់ទទួលយករបស់ខ្ញុំទៀត។ តើឱ្យខ្ញុំទៅតាមផ្លូវណា?អ៊ីចឹងបិទផ្លូវទាំងអស់ដូច្នេះខ្ញុំសូមបញ្ជាក់ថាអ្វីដែលរបបលោកហ៊ុន សែនធ្វើនេះគឺយកតុលាការធ្វើជាឧបករណ៍សុទ្ធសាធ»។
អ្នកស្រីបន្ថែមថាអ្នកដែលរារាំងកិច្ចការតុលាការត្រូវមានទោសបើតាមច្បាប់។
អ្នកយកព័ត៌មានវីអូអេនៅភ្នំពេញបានព្យាយាមទាក់ទងលោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចរបស់លោកហ៊ុន សែននិងលោកកុយ គួងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាប៉ុន្តែមិនអាចទាក់ទងបានទេនៅថ្ងៃអង្គារ។
ពេលអ្នកស្រី មូរ សុខហួរ សុំទិដ្ឋាការមិនបានសម្រេចកាលពីលើកមុននៅស្ថានកុងស៊ុលនៅក្រុងLowell (ឡូវែល)និងនៅរដ្ឋធានីវ៉ាស៊ីនតោនលោកសុខ ឥសានធ្លាប់បានប្រាប់វីអូអេថាមន្ត្រីទាំងនោះជា«ពួកឧទ្ទាមក្រៅច្បាប់»ដែលមិនទទួលស្គាល់រដ្ឋាភិបាលលោកហ៊ុន សែន។
លោក សុខ ឥសាន បញ្ជាក់ថា៖ «បកមកវិញរដ្ឋាភិបាលក៏មិនទទួលស្គាល់អ្នកឯងជាពលរដ្ឋកម្ពុជាដែរ។អ្នកឯងមានទោស។ អ៊ីចឹងទេអ្នកឯងជាក្រុមឧទ្ទាមក្រៅច្បាប់ដើរតែបំផ្លាញជាតិពីក្រៅប្រទេសមក។អ៊ីចឹងរដ្ឋាភិបាលមានប្រយោជន៍អីឲ្យអ្នកឯងប្រើលិខិតគតិយុត្តរបស់រាជរដ្ឋាភិបាល?»
ដូចមតិជាច្រើនដែលថាសំណុំរឿងនេះជារឿងនយោបាយនោះកញ្ញា សេង ធារី ដែលស្លៀកពាក់ជាអប្សរានិងកោរសក់ផងនោះបានលើកឡើងនៅក្រៅសាលាដំបូងរាជធានីភ្នំពេញថា កញ្ញានឹងត្រូវឡើងសវនាការនៅថ្ងៃទី២៨ខែធ្នូខាងមុខ ហើយថាសំណុំរឿងរបស់កញ្ញាគឺជាឆាកល្ខោននយោបាយមួយដែលកញ្ញាមិនសម្តែងតាមនយោបាយដែលគេរៀបចំទេ។
កញ្ញា សេង ធារី ថ្លែងថា៖ «បើអ៊ីចឹងថ្ងៃនេះសូមចងចាំម្តងទៀត។នេះជាល្ខោន។ល្ខោននយោបាយ...ហើយគេបានជំរុញខ្ញុំឲ្យចូលសម្តែងនៅក្នុងល្ខោននយោបាយនេះ។ខុសពីតួសម្តែងផ្សេងៗដែលត្រូវការសូត្រតាមអ្នកនយោបាយខ្ញុំមានparole[ពាក្យពេចន៍]ខ្ញុំមានscript[អត្ថបទរឿង]ខ្លួនខ្ញុំ។ ខ្ញុំបង្កើតនិពន្ធតួអង្គខ្លួនខ្ញុំ ហើយខ្ញុំថ្ងៃនេះជាតួអង្គអប្សរាតំណាងឲ្យស្ត្រីខ្មែរយើងដែលកំពុងឈឺចាប់ក្នុងរបបផ្តាច់ការនេះ ហើយបុរសៗដែលស្រឡាញ់ពួកគាត់»។
យ៉ាងហោចណាស់មានអ្នកគាំទ្រសកម្មជនមន្ត្រីគណបក្សតាមបណ្តាខេត្តនិងរាជធានីនិងថ្នាក់ដឹកនាំរបស់បក្សនេះជិត១៤០នាក់ត្រូវបានតុលាការចោទប្រកាន់ឬរងការចាប់ខ្លួនទាក់ទងនឹងបទ«ក្បត់ជាតិ» បទ«រួមគំនិតក្បត់»ឬបទ«ញុះញង់ឲ្យប្រពឹត្តបទឧក្រិដ្ឋ»ជាដើម។ នេះបើយោងតាមក្រុមអ្នកការពារសិទ្ធិមនុស្សនៅប្រទេសកម្ពុជា។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុកលោក ស៊ឹង សែនករុណា និយាយថាសំណុំរឿងក្បត់ជាតិខាងលើនេះមានជាប់ហេតុផលនយោបាយទើបមានការអូសបន្លាយពេលក្នុងការជំនុំជម្រះ ហើយថាស្ថានភាពសេដ្ឋកិច្ចកម្ពុជាអាចនឹងក្លាយជារឿងគួរឲ្យបារម្ភមួយដោយសាររងគំនាបពីអន្តរជាតិប្រសិនបើមិនមានដំណោះស្រាយនយោបាយដើម្បីទម្លាក់ចោលរាល់បទចោទប្រកាន់ដែលផ្តើមចេញពីរឿងនយោបាយនោះ។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញលោក ប្លង់ សុផល បដិសេធមិនធ្វើការអធិប្បាយដោយគ្រាន់តែនិយាយថា«តុលាការបាននិងកំពុងធ្វើស្របតាមនីតិវិធីដែលច្បាប់បានអនុញ្ញាត»៕