លោក​សម រង្ស៊ី​គ្រោង​ប្តឹង​ឧទ្ធរណ៍​ក្នុង​បណ្តឹង​បរិហារកេរ្តិ៍​លោក​ហេង សំរិន

រូបឯកសារ៖ លោកសម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ ពេល​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កាល​ពី​ឆ្នាំ​២០១៥។

មេដឹកនាំ​គណបក្ស​ជំទាស់​ត្រូវ​រង​ការ​ប្តឹង​ពី​មេធាវី​របស់​លោក ហេង សំរិន​ បន្ទាប់ពី​លោក​សម​ រង្ស៊ី​ បាន​បង្ហោះ​រូបភាព​វីដេអូ​មួយ​លើ​ទំព័រ​ហ្វេសប៊ុក។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​និយាយ​ថា ​លោកសម រង្ស៊ី​នឹង​ប្តឹង​ឧទ្ធរណ៍​ជំទាស់​នឹង​សាលក្រម​របស់​តុលាការ​ក្រុង​ភ្នំពេញ​ដែល​បាន​សម្រេច​ផ្ដន្ទា​ទោស​លោក​ដោយ​កំបាំង​មុខ​ពី​បទ«បរិហារកេរ្តិ៍»​ហើយ​តម្រូវ​ឲ្យ​ប្រធាន​គណបក្ស​ប្រឆាំង​នេះ​ ​ផ្តល់​សំណង​ជំងឺ​ចិត្ត​ជា​ទឹកប្រាក់​សរុប​ចំនួន​១៦០​លាន​រៀល​ទៅ​លោកហេង សំរិន​ ប្រធាន​រដ្ឋសភា​ និង​បង់​ចូល​ថវិកា​រដ្ឋ។​

ថ្លែង​ទៅ​កាន់​ក្រុម​អ្នកគាំទ្រ​នៅ​ឯ​ទីស្នាក់ការគណបក្សនៅ​ថ្ងៃ​នេះ លោកឃី វណ្ណដេត ​សមាជិក​សភា​គណបក្ស​ប្រឆាំង​ បាន​បង្ហាញ​ថា ​សាលក្រម​ដាក់​ទោស​ទណ្ឌ​និង​ផាក​ពិន័យ​នោះ​មិន​សមរម្យ​ទេ​ ដោយ​លោក​ចាត់​ទុក​ថា ជា​ការ​ភ្ញាក់ផ្អើល​មួយ។

មេដឹកនាំ​គណបក្ស​ជំទាស់​ត្រូវ​រង​ការ​ប្តឹង​ពី​មេធាវី​របស់​លោកហេង សំរិនបន្ទាប់ពី​លោក​សម​ រង្ស៊ី​បាន​បង្ហោះ​រូបភាព​វីដេអូ​មួយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា ​ តុលាការ​សម័យ​រដ្ឋកម្ពុជា​ ក្នុង​ទសវត្សរ៍​១៩៨០​ដែលមាន​លោកហេង សំរិន​ជា​ប្រមុខរដ្ឋ​នោះ បានកាត់​ទោសសម្តេចឪ ​ព្រះ​បាទ​នរោត្តម​ សីហនុ​ថា​ ​ជា​ជន​ក្បត់​ជាតិ។​

សាលក្រម​របស់​តុលាការកាត់ទោសលោក​សម រង្ស៊ីបាន​បង្គាប់​ឲ្យ​លោក​បង់​ប្រាក់​ចំនួន​១៥០​លាន​រៀល​សង​ជំងឺចិត្ត​ដល់​លោកហេង សំរិន​និង​បង់​១០​លាន​រៀល​ចូល​ទៅ​ក្នុង​ថវិកា​ជាតិ​ដែល​សរុប​គឺ​ជិត​៤​ម៉ឺនដុល្លារស.រ.អា.៕

សូម​ទស្សនា​ការ​សម្ភាសន៍​ចុង​ក្រោយ​របស់ VOA ជាមួយ​លោកសម រង្ស៊ី នៅ​ក្រុង​ Philadelphia សហរដ្ឋ​អាមេរិក​៕​