តើ​លោក​សម រង្ស៊ី ​និង​លោក​ហ៊ុន សែន​ចង់​ដូរ​រដ្ឋ​ធម្មនុញ​មាត្រា​២​ដូចគ្នា​ឬ​ទេ?

រូបឯកសារ៖ នៅ​ក្នុង​រូបថត​ដែល​ត្រូវ​ចែកចាយ​យ៉ាង​ទូលំទូលាយ​តាម​បណ្តាញ​សង្គម លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​ថត​រូប selfie ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដើម្បី​បញ្ជាក់​ពី​«វប្បធម៌​សន្ទនា‍» ក្នុង​អំឡុង​​ការ​ទទួល​ទាន​អាហារ​រួម​គ្នា​រវាង​ក្រុម​គ្រួសារ​​អ្នក​នយោបាយ​ទាំង​ពីរ នៅ​សណ្ឋាគារ​​កាំបូឌីយ៉ាណា​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​​អាទិត្យ​​ទី​១២ ខែ​កក្កដា ឆ្នាំ ២០១៥។ (រូបថតដោយ​ សម រង្ស៊ី)

មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​​គឺ​លោក​សម រង្ស៊ី​បង្ហាញ​ពី​ចេតនា​ក្នុង​ការ​ធ្វើ​វិសោធនកម្ម​មាត្រា​២​នៅ​ក្នុង​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​​​បង្ហើប​ឲ្យ​ដឹង​កាល​ពី​​សប្តាហ៍​មុន​ថា​ ​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ​បាន​ស្នើ​សុំ​លោក​ឲ្យ​ធ្វើ​វិសោធន​កម្ម​នៃ​មាត្រា​នេះ។​

លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​លោក​នាយក​រដ្ឋមន្ត្រី​បង្ហាញ​ចេតនា​ក្នុង​ការ​ធ្វើ​វិសាធនកម្ម​មាត្រា​២​នៃ​រដ្ឋ​ធម្មនុញ្ញ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ខណៈ​ដែល​អ្នក​នាំ​ពាក្យ​រដ្ឋ​សភា​ជាតិបញ្ជាក់​ថា​ រដ្ឋសភា​ជាតិ​ពុំ​ទាន់​ទទួល​បាន​សំណើ​ណាមួយ​ពី​សមាជិក​រដ្ឋ​សភា​ និង​រាជ​រដ្ឋាភិបាល​កម្ពុជា​ ហើយ​និង​ស្ថាប័ន​អង្គ​ព្រះ​មហាក្សត្រ​សម្រាប់​ការ​ធ្វើ​វិសោធន​កម្ម​នេះ​ទេ។​

មេ​ដឹកនាំ​គណបក្ស​ប្រឆាំងគឺ​លោក​សម រង្ស៊ី​បង្ហាញ​ពី​ចេតនា​ក្នុង​ការ​ធ្វើ​វិសោធនកម្ម​មាត្រា​២​នៅ​ក្នុង​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​បង្ហើប​ឲ្យ​ដឹង​កាល​ពីសប្តាហ៍​មុន​ថា​ ​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ​បាន​ស្នើ​សុំ​លោក​ឲ្យ​ធ្វើ​វិសោធន​កម្ម​នៃ​មាត្រា​នេះ។​

ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​កាល​ពីថ្ងៃ​អាទិត្យ​ម្សិល​មិញ​នេះ​ លោក​សម​ រង្ស៊ី​ ​ប្រធាន​សំឡេងភាគតិច​នៅ​ក្នុង​រដ្ឋសភា​ជាតិ​ បាន​ឲ្យ​ដឹង​ថា លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ក៏​បាន​បញ្ជាក់​ប្រាប់​រូប​លោក​ផង​ដែរ​ថា​ មាត្រា​២​នៃ​រដ្ឋ​ធម្មនុញ្ញ​មាន​លក្ខណៈ​រឹត​ត្បិត​ដល់​ប្រទេស​កម្ពុជា​ក្នុង​ការ​ប្រើ​ប្រាស់​ផែន​ទី​ច្បាស់​លាស់​មួយ​សម្រាប់​ការ​កំណត់​ខណ្ឌ​សីមា​របស់​ប្រទេស​កម្ពុជា។​ ​លោក​មានប្រសាសន៍​ថា៖​

«រឿង​ហ្នឹង​ដោយ​សារ​ពេល​ដែល​ខ្ញុំ​បាន​ជួប​ជាមួយ​និងសម្តេច​ហ៊ុន សែនក្នុង​លក្ខណៈ​គ្រួសារ​ លោក​បាន​ប្រាប់​ខ្ញុំ​ថា​ យើង​មិន​គួរ​ចង​ខ្លួន​យើង​ទេ​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​មាត្រា​ទី​២​ហ្នឹង​ ពីព្រោះ​ថា​ យើង​បាន​សរសេរ​ក្នុង​មាត្រា​ទី​២​ហ្នឹង​ យើង​ប្រើ​ផែន​ទី​ដែល​បារាំង​ធ្វើ​ក្នុង​ចន្លោះ​ឆ្នាំ​១៩៣៣​ដល់​១៩៥៣។​ តែ​មាន​ផែន​ទី​ដែល​បារាំង​ដដែលហ្នឹង​ធ្វើ​ដែរ​ មុន​ឆ្នាំ​១៩៣៣ ជាពិ​សេស​ផែន​ទី​មួយ​ ដែល​បាន​ធ្វើ​ក្នុង​ឆ្នាំ​១៩១៤​ ហើយ​ផែន​ទី​១៩១៤​ហ្នឹង ​វា​អំណោយ​ផល​ឲ្យ​ប្រទេស​កម្ពុជា​ជាង​ផែន​ទី​ដទៃ​ទៀត។​ ដូច្នេះយើង​មិន​ចាំ​បាច់​ចង​ខ្លួន​យើង​ថា ​យក​ចាប់​ពី​១៩៣៣​ទេ។​ ​ យើង​យក​ពី​មុនៗ​ទាំង​អស់​ តាំង​ពី​បារាំង​ចូល​មក​គ្រប់​គ្រង​ប្រទេស​កម្ពុជា​ ប្រទេស​អាណាម​ពេល​នោះ​ ហើយ​កម្ពុជា​ក្រោម​ គឺ​តាំង​ពី​ឆ្នាំ​១៨៦៣​ម្ល៉េះ»។​

ឆ្លើយ​ទៅ​នឹង​សំណួរអ្នក​សារព័ត៌​មាន​ថា​ តើ​ក្រុម​តំណាង​រាស្រ្ត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​យល់​ព្រម​លើការ​ធ្វើ​វិសោធន​កម្ម​នេះ​ដែរ​ឬ​យ៉ាងណា​នោះ​ លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិបាន​ថ្លែង​ថា៖​

«កែ​ដើម្បី​អី? ​កែ​ដើម្បី​បញ្ជាក់​ថា​ យើង​មាន​លទ្ធ​ភាព​យក​ផែន​ទី​ពី​ឆ្នាំ​មុនៗ​ មុន​ឆ្នាំ​១៩៣៣។​ បើ​ថា ​ផែន​ទី​មុន​ឆ្នាំ​១៩៣៣​ ជាពិសេស​ផែន​ទី​ឆ្នាំ​១៩១៤​ វា​ល្អ​ប្រសើរ​ជាង​សម្រាប់​ប្រទេស​កម្ពុជា​ យើង​យក​ផែន​ទីឆ្នាំ១៩១៤។​ តែ​ដើម្បី​យក​ផែន​ទី​១៩១៤​ យើង​ត្រូវ​លុប​១៩៣៣​ ពី​ព្រោះ​១៩១៤​នោះ​ វា​មុន​១៩៣៣។ ​ យើង​មិន​ចាំ​បាច់​ដាក់​១៩៣៣​ទេ។​ យើង​ថា ​ផែន​ទី​ដែល​បារាំង​ធ្វើ​កាល​សម័យ​អណានិគម​និយម​បារាំង​រហូត​មក​ទល់​ឆ្នាំ​១៩៥៣»។​

នៅ​ក្នុង​ពិធី​ចែក​សញ្ញា​ប័ត្រ​ដល់​និសិ្សត​សាកល​វិទ្យាល័យ​មួយ​ដែល​បាន​ធ្វើ​ឡើង​នៅ​ឯ​វិទ្យាស្ថាន​ជាតិ​អប់​រំកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ដ៏​មាន​ឥទ្ធិពល​បាន​បញ្ជាក់​ពីភាព​ខុស​គ្នា​នៃ​ការ​ប្រើ​ប្រាស់​ផែន​ទី​ខ្នាត​ផ្សេងៗ​គ្នា​យ៉ាង​ដូច្នេះ​ថា៖​

«យើង​ត្រូវ​ធ្វើ​ជាមួយ​នឹង​អ្នក​ជិត​ខាង​យើង​ នៅខាង​លិច​ នៅ​ខាង​កើត។ ​យើង​ធ្វើ​ព្រំ​ដែន​យើង ​យើង​ធ្វើ​ខ្នាត​ផែន​ទី​១/១០០.០០០។​ អាហ្នឹង​នៅ​ទិស​ខាង​កើត​ ដែល​បោះ​ពុម្ព​ក្នុង​ចន្លោះ​ឆ្នាំ​១៩៥៣​ [និង]​ ឆ្នាំ១៩៣៣ ហើយ​ដែល​ត្រូវ​បានអន្តរជាតិ​ទទួល​ស្គាល់​នៅ​ចន្លោះ​ឆ្នាំ​១៩៦៣​ [និង]​ឆ្នាំ​១៩៦៩។​ នៅ​ទិស​ខាង​លិច​មិន​បាន​ដាក់​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ទេ​ ប៉ុន្តែ​យើង​មាន​ MOU​ ជាមួយ​និង​ថៃ​ ដែល​ប្រើ​ប្រាស់​ខ្នាត​ផែន​ទី​១/២០០.០០០។​ ​សោក​ស្តាយ​ដែល​រដ្ឋ​ធម្មនុញ្ញ​របស់​យើង​មិន​បាន​ដាក់។​ ត្រង់​នេះ​ហើយ​បាន​ជា​មាន​ការ​និយាយ​អំពី​បញ្ហា​ទាក់​ទង​នឹងការ​ធ្វើ​វិសោធន​កម្ម។​

លោក​នាយក​រដ្ឋមន្ត្រី​សង្កត់​ធ្ងន់​ថា៖​

«យើង​ធ្វើ​របង​ផ្ទះ​បាន​តែ​ម្ខាង​ទេ​ គឺ​ធ្វើ​ជាមួយ​វៀតណាម​ ប៉ុន្តែ​មាន​បាន​ធ្វើ​ជា​មួយ​ថៃ​ឯ​ណា?​ ថៃ​អត់​អាច​យក​ផែន​ទី​ខ្នាត​១/១០០.០០០​ទៅ​ដោះ​ស្រាយ​បាន​ទេ​ តែ​យើង​មាន ​MOU​ រវាង​កម្ពុជា​និង​ថៃ»។​

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ក៏​បាន​បញ្ជាក់​បន្ថែម​ថា​ កម្ពុជា​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​ប្រទេស​ឡាវ​ផង​ដែរ​ក្នុង​ការ​ប្រើប្រាស់​ផែន​ទី​ខ្នាត​១/១០០.០០០​ ហើយ​ថា​ ការ​កំណត់​ដូច្នេះ​ក៏​មិនត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​រដ្ឋ​ធម្មនុញ្ញ​នោះ​ដែរ។​

ទោះ​បី​ជាយ៉ាងណា​ក៏​ដោយ​ លោក​ឈាង វុន​ អ្នក​នាំពាក្យ​នៃ​រដ្ឋសភា​ជាតិ​ មាន​ប្រសាសន៍​ប្រាប់​វីអូអេ​ថា​ រដ្ឋសភា​ជាតិ​ពុំ​ទាន់​ទទួល​បាន​សំណើ​ណា​មួយ​ពី​សមាជិក​រដ្ឋ​សភា​ និង​រាជ​រដ្ឋាភិបាល​កម្ពុជា​ ហើយ​និង​ស្ថាប័ន​អង្គ​ព្រះ​មហាក្សត្រ​សម្រាប់​ការ​ធ្វើ​វិសោធន​កម្ម​នេះ​ទេ។​ អ្នក​តំណាង​រាស្រ្ត​នៃ​គណបក្ស​កាន់​អំណាច​រូប​នេះ​ផ្តល់​ការ​គាំទ្រ​ឲ្យ​មាន​ការ​ធ្វើ​វិសោធន​កម្ម​នៃ​មាត្រា​២​នេះ​ ដើម្បី​ឲ្យ​កម្ពុជា​មាន​ផែន​ទី​ស្នូល​រួម​មួយ​សម្រាប់​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ក្បែរ​ខាង​គឺ​ប្រទេស​វៀតណាម​ ថៃ​ និង​ឡាវ។​

«យើង​ការពារ​ទឹក​ដី​ មិនមែន​ការ​ពារ​តែ​ជាមួយ​យួន​ទេ។​ យើង​ការពារ​ជា​មួយ​ថៃ​ ជាមួយ​សៀម​ យើង​ការពារ​ជាមួយ​ឡាវ​ ទាល់​តែ​យើង​មាន​ផែន​ទី​សម​ស្រប​ ឯក​ភាព​ជាតិ​មួយ​ត្រឹម​ត្រូវ​ហើយ​ បាន​យើង​ទៅ​តទល់​ជាមួយ​គេ​បាន»។​

មាត្រា​២​នៃ​រដ្ឋ​ធម្មនុញ្ញ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​បាន​ចែង​ថា៖​ «បូរណភាព​ទឹក​ដី​របស់​ព្រះ​រាជាណា​ចក្រ​កម្ពុជា​មិន​អាច​រំលោភ​បាន​ដាច់​ខាត​ក្នុង​ព្រំដែន​របស់​ខ្លួន​ដែល​មាន​កំណត់​ក្នុង​ផែន​ទី​ខ្នាត​១/១០០.០០០​ ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣-១៩៥៣​ ហើយ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​នៅ​ឆ្នាំ​១៩៦៣-១៩៦៩។​

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ​បញ្ហា​ព្រំដែន​កម្ពុជា​វៀតណាម​បាន​ឡើង​កំដៅ​សារ​ជា​ថ្មី​ បន្ទាប់​ពី​វៀតណាម​បាន​ជីក​ស្រះ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​វៀតណាម​នៅ​ក្នុង​ខេត្ត​រតនគីរី​ និង​សាង​សង់​ប៉ុស្តិ៍​យោធា​នៅ​ជាប់​ព្រំដែន​ខេត្ត​កណ្តាល​ ដែល​ជា​ចំណុច​មិន​ទាន់​មាន​ការ​ឯកភាព​គ្នា​នោះ។ ​ការ​មិន​ចុះ​សម្រុង​គ្នា​ចំពោះ​ការ​ជីក​ស្រះ​នេះ​បាន​នាំ​ឲ្យ​ភាគី​ទាំងពីរ​គឺ​វៀតណាម​ និង​កម្ពុជា​អង្គុយ​ចរចា​គ្នា​រយៈ​ពេល​បី​ថ្ងៃ​កាល​ពី​ដើម​ខែ​កក្កដា​កន្លង​ទៅ តែ​លទ្ធផល​នៃ​ការ​ចរចា​នោះ​មិន​ត្រូវ​បាន​គេ​បញ្ចេញ​ឱ្យ​ដឹង​ជា​សាធារណៈ​នោះទេ។​

ទាក់​ទិន​នឹង​សំណុំ​រឿង​ផែន​ទី​វិញ​ មន្ត្រី​នៃ​អង្គការ​សហប្រជា​ជាតិនឹង​យក​ផែន​ទី​កម្ពុជា​ចំនួន​១៨​ផ្ទាំង​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ខ្ចី​នៅ​ថ្ងៃ​ស្អែក​នេះ។​ ពិធី​ទទួល​យក​ផែនទី​ទាំង​អស់​នេះ​នឹង​ត្រូវ​រៀប​ចំឡើង​នៅ​ថ្ងៃ​ទី​២០​ខែ​សី​ហា​ខាង​មុខ​នេះ៕