មេដឹកនាំគណបក្សសង្គ្រោះជាតិគឺលោក សម រង្ស៊ី បានបញ្ជាក់ជាថ្មីជំទាស់នឹងការណ៍ដែលរដ្ឋាភិបាលកម្ពុជាទទួលយកជនភៀសខ្លួនអូស្តា្រលីពីកោះណូរូ ខណៈដែលក្រុមដំបូងត្រូវគេរំពឹងថានឹងមកដល់ប្រទេសកម្ពុជាក្នុងរយៈពេលពីរសប្តាហ៍ទៀត។
លោក សម រង្ស៊ី ដែលក៏ជាប្រធានក្រុមសំឡេងភាគតិចនៅក្នុងរដ្ឋសភាបានបញ្ជាក់នៅក្នុងបទសម្ភាសន៍ពិសេសមួយជាមួយនឹងវីអូអេក្នុងខណៈពេលលោកធ្វើដំណើរមកជួបអ្នកគាំទ្រនៅសហរដ្ឋអាមេរិកថា៖
«ខ្ញុំក៏មិនយល់ស្របដែរថា ប្រទេសយើងកំពុងតែមានការខ្វះខាត ប្រជារាស្ត្រខ្មែររស់យ៉ាងលំបាក ភាគច្រើនគឺនៅក្រមែនទែន គ្មានការងារធ្វើ ខ្វះសេវាសាធារណៈគ្រប់បែបយ៉ាងទាំងអស់។ យើងត្រូវតែដោះស្រាយបញ្ហារបស់ប្រជារាស្ត្រខ្មែរ ដែលជាម្ចាស់ស្រុកមុនសិន មុននឹងទទួលយកជនជាតិណាផ្សេងទៀតមករស់នៅលើទឹកដីប្រទេសកម្ពុជាយើង»។
ទស្សនាបទសម្ភាសន៍ទាំងស្រុង៖
Your browser doesn’t support HTML5
លោក សម រង្ស៊ី បានបន្ថែមថា ប្រទេសអូស្ត្រាលីត្រូវតែទទួលយកជនភៀសខ្លួនទាំងនោះទៅស្នាក់នៅប្រទេសរបស់ខ្លួន ហើយមិនគួរបញ្ជូនមកប្រទេសមួយដែលស្ថានភាពនៃការគោរពសិទ្ធិមនុស្សមិនទាន់ប្រសើរនោះទេ។ ទន្ទឹមគ្នានោះដែរក្នុងពេលដែលកម្ពុជានៅតែបញ្ជូនជន ដែលស្វែងរកសិទ្ធិជ្រកកោនពីប្រទេសជិតខាងត្រឡប់ទៅប្រទេសដើមវិញនោះទេ។
ប្រទេសកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសទទួលយកជនភៀសខ្លួនរបស់អូស្ត្រាលី ដែលកំពុងជាប់ឃុំឃាំងនៅលើកោះណូរូជាថ្នូរនឹងទឹកប្រាក់ជំនួយអភិវឌ្ឍន៍ចំនួន៤០លានដុល្លារ។ កិច្ចព្រមព្រៀងនេះមិនមានប្រជាប្រិយ៍ភាពជាមួយនឹងប្រជាពលរដ្ឋខ្មែរទេ។
រហូតមកដល់ពេលនេះ មានជនភៀសខ្លួនតែចំនួនបួននាក់ទេគឺអ៊ីរ៉ង់បីនាក់ និងរ៉ូហ៊ីងយ៉ា ម្នាក់ដែលក្នុងនោះពីរនាក់គឺជាប្តីប្រពន្ធ ដែលស្ថិតនៅក្នុងក្រុមដំបូងដែលនឹងត្រូវបញ្ជូនដោយស្ម័គ្រចិត្តមកប្រទេសកម្ពុជា។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Brisbane Times របស់អូស្រ្តាលី។
អ្នកទាំងនោះត្រូវបានគេនាំចេញពីជំរំឃុំឃាំងនៅកោះណូរូដោយស្ងាត់ៗ ហើយត្រូវយកទៅទុកនៅការិយាល័យជនអន្តោប្រវេសន៍នៅជិតអាកាសយានដ្ឋានទីក្រុងដាវីន ប្រទេសអូស្ត្រាលី កាលពីថ្ងៃអាទិត្យ។ លោក Peter Dutton រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍អូស្តា្រលី បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ជនភៀសខ្លួនទាំងនេះនឹងត្រូវដឹកចេញទៅប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះហើយ។
មន្ត្រីគណបក្សប្រឆាំងនៅកម្ពុជាក៏បានបញ្ជាក់ដែរថា ពួកគេមានគម្រោងជួបជាមួយនឹងមន្ត្រីរដ្ឋាភិបាលកម្ពុជាអំពីបញ្ហាជនភៀសខ្លួននេះក្នុងពេលខាងមុខ៕