មេដឹកនាំនយោបាយជំទាស់ លោក កឹម សុខា នៅថ្ងៃពុធនេះ បានបន្តច្រានចោលភស្តុតាងពាក់ព័ន្ធនឹងព្រឹត្តិការណ៍បាតុកម្មនៅផ្លូវវេងស្រេងដែលផ្ទុះឡើងកាលពីចុងឆ្នាំ២០១៣ ដែលតុលាការធ្លាប់បានជម្រះ កាលពីពេលកន្លងទៅ។ នេះបើតាមការបញ្ជាក់របស់សហមេធាវីការពារក្តីលោក កឹម សុខា និងអ្នកការពារសិទ្ធិមនុស្ស។
សវនាការលោក កឹម សុខា ដែលបានធ្វើឡើងនៅព្រឹកថ្ងៃពុធនេះ គឺជាសវនាការលើកទី៥៥ ហើយការសួរដេញដោល គឺនៅជុំវិញបាតុកម្មនៅផ្លូវវេងស្រេង ដែលត្រូវបានអាជ្ញាធរមានសមត្ថកិច្ចបង្ក្រាបកាលពីដើមឆ្នាំ២០១៤។
សហមេធាវីការពារក្តីលោក កឹម សុខាមួយរូប គឺលោក ផែង ហេង ប្រាប់វីអូអេនៅក្រៅរបងសាលាដំបូងរាជធានីភ្នំពេញថា លោក កឹម សុខា បានបដិសេធការជាប់ពាក់ព័ន្ធក្នុងបាតុកម្មដែលបានកើតឡើងនៅផ្លូវវេងស្រេង ដោយថា ជារឿងចាស់ ហើយមិនពាក់ព័ន្ធនឹងអតីតគណបក្សសង្គ្រោះជាតិ និងត្រូវបានតុលាការជម្រះរួចរាល់ហើយដែរ។
លោកថ្លែងថា៖ «ជារួម ឯកឧត្តម កឹម សុខា គាត់ថា គាត់មិនធ្វើការបកស្រាយទេ ដោយសារតែបាតុកម្មស្ពាននាគក្តី បាតុកម្មផ្លូវវេងស្រេងក្តី គឺមិនពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់គណបក្សសង្គ្រោះជាតិ ឬក៏រូបគាត់ទេ»។
លោកបន្ថែមថា៖«បាតុកម្មទាំងអស់នោះ សុទ្ធតែមានសាលក្រម ដែលសាលាដំបូងរាជធានីភ្នំពេញបានសម្រេច ហើយផ្តន្ទាទោសមនុស្សមួយចំនួនដែលមាននៅក្នុងសាលក្រមរួចហើយ ហើយវាមិនមានពាក់ព័ន្ធការទទួលខុសត្រូវរបស់ឯកឧត្តម កឹម សុខាទេ។ ដូច្នេះ ខ្ញុំគិតថា ការលើកយកបាតុកម្មដែលបានកាត់ក្តីរួចហើយ មានសាលក្រមរួចហើយ យកមកសួរឡើងវិញ វាគ្រាន់តែខាតពេលវេលាអត់ប្រយោជន៍»។
បាតុកម្មនៅផ្លូវវេងស្រេងដែលបានផ្ទុះឡើងកាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤នោះ បានក្លាយជាអំពើហិង្សា ដោយមានការបាញ់ប្រហារពីកម្លាំងសមត្ថកិច្ច រហូតបណ្តាលឲ្យមនុស្ស៤នាក់ស្លាប់ ម្នាក់ទៀតបាត់ខ្លួនមកដល់បច្ចុប្បន្ននេះ និងរងរបួសប្រមាណ៤០នាក់។
បន្ទាប់ពីបញ្ចប់សវនាការនៅព្រឹកថ្ងៃពុធនេះ លោក កឹម សុខា បានលើកដៃចេញពីរថយន្តដូចសព្វដងជម្រាបសួរអ្នកគាំទ្ររបស់លោករាប់សិបនាក់ គ្រាលោកចាកចេញពីសាលាដំបូងរាជធានីភ្នំពេញ។
នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោកអំ សំអាត ថ្លែងថា ការសួរដេញដោលលោក កឹម សុខា ពីភាគីតំណាងអយ្យការទាក់ទងនឹងបាតុកម្មនៅផ្លូវវេងស្រេង គឺមានលក្ខណៈច្រំដែល ដែលការណ៍នេះនឹងអូសបន្លាយពេលកាត់ក្តីសំណុំរឿងលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ។
បើតាមលោក អំ សំអាត រឿងក្តីលោក កឹម សុខា ជារឿងនយោបាយ ហើយការយកភស្តុតាងដែលតុលាការបានសម្រេចរួចទៅហើយ នឹងជំរុញឱ្យមានការខ្វែងគំនិតគ្នា ហើយការបន្តជជែកដេញដោលជារឿងច្រំដែល។
លោកប្រាប់វីអូអេថា៖ «វាហាក់បីដូចជាដដែលៗ ភស្តុតាង ឬក៏សំណួរដែលសួរ។ វាហាក់ដូចជាមិនជឿនលឿនទៅមុខទេ។ វាដូចជារឿងការពន្យារពេលទៅវិញ ដែលយើងមើលឃើញថា មិនទាន់ឃើញថា ពេលវេលាណាមួយ ដែលអាចនឹងបញ្ចប់សវនាការរបស់ឯកឧត្តម កឹម សុខា»។
លោកបន្ថែមថា៖ «អ៊ីចឹងកាលណារឿងដែលពន្យារពេលយូរទៅ វាប៉ះពាល់ដែរដូចថា សិទ្ធិរបស់គាត់ថា អាចនឹងវិលចូលមកធ្វើនយោបាយវិញបានដែរ ឬទេ នៅរយៈពេលណាមួយ។ អ៊ីចឹងវាប៉ះពាល់រឿងទាំងអស់ហ្នឹង។ អ៊ីចឹងហើយបានគេចាត់ទុកថា រឿងទាំងអស់ហ្នឹង វាជារឿងនយោបាយ ហើយត្រូវមានការសម្របសម្រួល ឬការដោះស្រាយគ្នាតាមនយោបាយ។ អាហ្នឹងក៏ជួយរុញលឿនបញ្ចប់នៅតុលាការផងបានដែរ»។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល ចោទសួរពីការបញ្ចេញមតិរបស់អ្នកការពារសិទ្ធិមនុស្សជុំវិញការសួរដេញដោលសំណួរដដែល រាល់ពេលនៃការបើកសវនាការលើសំណុំរឿងលោក កឹម សុខា ដែលត្រូវតុលាការចោទពីបទក្បត់ជាតិ។
លោកលើកឡើងតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមក្នុងអត្ថន័យដើមថា៖ «ខ្ញុំចង់ឃើញការលើកឡើងរបស់គាត់ដែរថា គាត់និយាយដូច្នោះដោយសំអាងលើទិដ្ឋភាពច្បាប់ អារម្មណ៍ ឬយ៉ាងណា»។
លោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីដើមខែកញ្ញា ឆ្នាំ២០១៧ ហើយសំណុំរឿងរបស់លោកត្រូវបានអូសបន្លាយ៥ឆ្នាំមកហើយ។ លោកត្រូវបានតុលាការចោទពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬតាមអ្វីដែលគេហៅម្យ៉ាងទៀតថា ការរៀបគម្រោងផ្តួលរំលំរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយមានការចោទប្រកាន់ថា សហរដ្ឋអាមេរិកនៅពីក្រោយ។ កន្លងមកទាំងលោក កឹម សុខា និងសហរដ្ឋអាមេរិកបានច្រានចោលការចោទប្រកាន់ដ៏ចម្រូងចម្រាសនេះ៕