មេ​បក្ស​ប្រឆាំង​នៅ​កម្ពុជា​គោរព​វិញ្ញាណ​ក្ខន្ធ​សព​ម្តាយ​ក្មេក​​មេ​បក្ស​កាន់​អំណាច

លោក កឹម សុខា និងលោក សម រង្ស៊ី មេដឹកនាំពីររូបនៃគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ។

មេ​ដឹកនាំ​កំពូល​ម្នាក់​នៃ​គណបក្ស​សង្គ្រោះជាតិ ​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា ​គឺ​លោក កឹម សុខា នៅ​ថ្ងៃ​អង្គារ​នេះ បាន​ទៅ​គោរព​វិញ្ញាណ​ក្ខន្ធ​សព​ម្តាយ​ក្មេករបស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​ឧបាសិកា ប៊ុន ស៊ាងលី​ ដែល​បាន​ទទួល​មរណ​ភាព​កាល​ពី​ថ្ងៃ​ច័ន្ទ។ នេះ​បើ​យោង​តាម​បណ្តាញ​សារ​ព័ត៌មាន​ក្នុង​ស្រុក​ ​Freshnews​ ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល។​

ការ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​សព​ ដែល​តម្កល់​ទុក​នៅ​គេហដ្ឋាន​របស់​លោក​ ហ៊ុន សែន​ នៅ​ក្បែរ​វិមាន​ឯករាជ្យ​នេះ កើត​ឡើង​មួយ​ថ្ងៃ​ ក្រោយ​ពី​លោក កឹម សុខា ដែល​កំពុង​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ ជំនុំជម្រះ​ទោស​ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ក្បត់ជាតិ​ បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ជូន​លោក ​ហ៊ុន សែន និង​ក្រុមគ្រួសារ​នៃ​សព​ចំពោះ​មរណភាព​នៃ​ម្តាយ​ក្មេក​របស់​លោក​នាយក​រដ្ឋមន្ត្រី។​

នៅ​ថ្ងៃ​អង្គារ​នេះ លោក​សម រង្ស៊ី​ មេដឹកនាំ​កំពូល​ម្នាក់​ទៀត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស​នោះ បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ចូល​រួម​មរណទុក្ខ​ឧបាសិកា ប៊ុន ស៊ាងលី។​

សារ​របស់​លោក​សម រង្ស៊ី​ ចុះ​ហត្ថលេខា​ថ្ងៃទី​៤​ ខែឧសភា​ សរសេរ​ថា៖​ «ទោះជា​ជំហរ​នយោបាយ​យើង​ម្នាក់ៗ​ខុស​ពី​គ្នា​យ៉ាង​ណាក៏​ដោយ ​តែទុក្ខសោក​បណ្តាល​មកពី​មរណភាព​មនុស្ស​ដែល​យើង​ស្រឡាញ់ ​អាច​កើត​មាន​ដូចគ្នា​គ្រប់​ពេល​វេលា»។​

លិខិត​របស់​លោក ​សម រង្ស៊ី​ បន្តថា៖ ​«ទោះជា​កាលៈទេសៈ​នយោបាយ​មិន​អនុញ្ញាតក៏​ដោយ....​ ក៏ខ្ញុំ​មិន​ភ្លេច​កាយ​វិការដ៏​ប្រពៃរបស់​សម្តេច​ និង​ក្រុម​គ្រួសារ​ចំពោះ​ខ្ញុំ​ និង​ក្រុម​គ្រួសារខ្ញុំ​ឡើយ»។​

កន្លង​មក​ លោក​ ហ៊ុន សែន ធ្លាប់​បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ជូន​លោក​ សម រង្ស៊ី ចំពោះ​មរណភាព​ម្តាយ​ក្មេក​របស់​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​នេះ។​ រីឯ​លោក​ សម រង្ស៊ី​ ក៏​ធ្លាប់​ផ្ញើ​សារ​រំលែក​ទុក្ខ​ជូន​លោក​ ហ៊ុន សែន​ ដែរ​ចំពោះ​មរណ​ភាពឪពុក​ម្តាយរបស់​លោក​នាយក​រដ្ឋមន្ត្រី៕